(ភ្នំពេញ)៖ សាលារៀនបណ្ដុះបណ្ដាជំនាញវិជ្ជាជីវៈ ផ្នែកវិស័យដីធ្លីដំបូងបំផុតនៅកម្ពុជា នឹងលេចចេញជារូបរាង នៅដើមឆ្នាំ២០១៨ខាងមុខ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង។
ថ្លែងនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ នាឱកាដឹកនាំសមាជិកចូលរួមក្នុងកម្មវិធី ARENA នៅក្នុងប្រទេសកូឡាឡាំពួរ លោក គឹម ហ៊ាង បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហាស្អែកនេះ ក្នុងប្រទេសកូឡាឡាំពួរ នឹងមានការចុះអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា និងសាកលវិទ្យាល័យ UTM នៅក្នុងប្រទេសម៉ាឡេស៊ី ដើម្បីនាំយកអ្នកជំនាញវិស័យដីធ្លី មកបង្រៀនសិស្សនៅកម្ពុជា។ ការចរចារគ្នានេះក៏បានអូសបន្លាយអស់រយៈពេលជិត១ឆ្នាំកន្លះហើយ ដោយការចរចារនេះ លក្ខណៈតឹងតែងពេក ហើយការចុះ MOU នេះរួចរាល់យើងនឹងបើកសាលារៀន។
លោកបានបន្ដទៀតថា ការបង្កើតសាលារៀននេះឡើង យើងប្រហែលនឹងប្រមូលលុយពីក្រុមហ៊ុន នៅក្នុងសមាគមសហការចូលគ្នា
យើងនឹងបង្កើតជាសាលារៀនរបស់ជាតិមួយទាំងមូល ហើយនេះជាសាលារៀនរបស់សមាគម របស់ជាតិ មិនមែនជារបស់បុគ្គលនោះទេ។
ដោយឡែកលោក ឧកញ៉ា សៀរ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Worldridge Grop of Companies ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ការបង្កើតសាលានេះ ដើម្បីជួយដល់ភ្នាក់ងារអចលនទ្រព្យ ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្លាបន្ថែមទៀត ព្រោះថាភ្នាក់ងារទាំងអស់នោះ គាត់មានបទពិសោធន៍តិចតួចណាស់ក្នុងការប្រកបរបអាជីវកម្មរាល់ថ្ងៃ ពីព្រោះពួកគាត់មិនបានឆ្លងកាត់ការសិក្សានោះទេ បើនិយាយពីប្រទេសដទៃវិញ គ្រប់ភ្នាក់ងារទាំងអស់ គឺត្រូវតែឆ្លងកាត់ការសិក្សាជាមុនសិន ដើម្បីឲ្យមានភាពងាយស្រួលក្នុងការលក់អ្វីមួយ រីឯកម្ពុជាវិញគឺចេះតគ្នា ដោយមិនបានឆ្លងកាត់សាលាទេ។
លោកបណ្ឌិត គីម ហ៊ាង បានថ្លែងឲ្យដឹងថា ការធ្វើដំណើរទៅកូឡាឡាំពួរនេះ ដើម្បីចូលរួមប្រជុំមួយរវាងសមាគមដីធ្លីមកពីប្រទេស៨ផ្សេងទៀត ដើម្បីអាចស្វែងរកឱកាសរកស៉ីជាមួយគ្នាបាន៕