(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា រយៈពេល២ឆ្នាំមកនេះ មានស្ថាប័នព័ត៌មានបរទេសមួយចំនួន បានប្តឹងដល់លោក ដោយទាមទារឱ្យ កាសែត Cambodia Daily ធ្វើការបង់ពន្ធជូនរដ្ឋដូចពួកគេដែរ ដើម្បីមានការប្រកួតប្រជែងស្មើភាពគ្នា។
លោករដ្ឋមន្រ្តីបានអះអាងបែបនេះ នៅក្នុងសន្និសីទព័ត៌មានមួយ នៅឯក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្រោយមានការបិទស្ថាប័នព័ត៌មានមួយចំនួន ដែលបានរំលោភច្បាប់ និង កិច្ចសន្យាជាមួយក្រសួងព័ត៌មាន។
លោក ខៀវ កាញារីទ្ធ បានថ្លែងថា៖ «ទូរទស្សន៍ខ្លះ គេបង់ពន្ធ ហើយគេទាមទារ២ឆ្នាំហើយ សូមឱ្យ Cambodia Daily ដើរលេង ឱ្យស្មើគ្នា លេងឱ្យស្មើដៃ ព្រោះកន្លងមក កាសែតបរទេសទាំងអស់នោះ គេបង់ពន្ធ។ គេបាន តវ៉ាច្រើនដងហើយ»។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានបង្ហើបដែរថា ការធ្លាយការសម្ងាត់ថា កាសែតណាបង់ពន្ធ ឬមិនបានបង់ពន្ធជូនរដ្ឋ នៅកម្ពុជាពេលនេះ គឺរមែងធ្លាយចេញពីអ្នកកាសែតដូចគ្នា។
សូមបញ្ជាក់ថា នាថ្មីៗនេះ មានឯកសារពន្ធដារត្រូវបានបែកធ្លាយនៅលើបណ្តាញសង្គម Facebook មួយរបស់ឈ្មោះ អ៊ូ ច័ន្ទរិទ្ធ ដែលបានបង្ហាញថា កាសែត The Cambodia Daily ដែលបានធ្វើអាជីវកម្មព័ត៌មាននៅកម្ពុជា រយៈពេល១០ឆ្នាំមកនេះ ពុំបានបង់ពន្ធជូនរដ្ឋនោះទេ ដែលទឹកប្រាក់ជំពាក់ពន្ធរដ្ឋនេះ មានចំនួនរហូតដល់ 25,756,015,695 រៀល (ប្រមាណ៦លានដុល្លារ)។
លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្គាល់ថា ឯកសារនោះ គឺពិតប្រាកដមែន ដែលកាសែតបរទេសមួយនេះពុំបានបង់ពន្ធជូនរដ្ឋតាំងពីឆ្នាំ២០០៧មក។ លោក គង់ វិបុល បានបញ្ជាក់ថា កាសែត Cambodia Daily អាចនឹងបិទទាំងស្រុង និងរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើឱសានវាទ នៃការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ ចូលមកដល់នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ៕