(ភ្នំពេញ)៖ ប្រសិនបើខ្លួនចង់ផ្តួលគេ តាមរយៈមធ្យោបាយសម្ងាត់ផង និងចំហផង បើគេដឹងមុនគេចាត់ការវិញ នោះហើយជាសមរភូមិ «លទ្ធិប្រជាធិបតេយ្យ»។ សមរភូមិ ឬល្បែងនេះ បើភាគីណា មានប្រៀប និងប្រាជ្ញខ្លាំងជាង ហើយផ្តល់ផលប្រយោជន៍ដល់ជាតិខ្លួនឯងច្រើនជាង នោះនឹងមិន ចាញ់ឡើយ។

ចំណែកឯមនុស្សនៅកម្ពុជា មាន៨ប្រភេទ ដែលមិនត្រូវមើលរំលងឡើយ៖

ប្រភេទទី១៖ អ្នកបស្ចឹមប្រទេសនិយម។ ប្រភេទនេះទទួលជំនួយពីបស្ចឹមប្រទេស មើលឃើញ ជាតិ និងប្រជាជនខ្លួនឯងតែពីរឿងអវិជ្ជមាន ហើយវិភាគតែពីបញ្ហាអាក្រក់ៗ កម្រសរសើរអ្នកកាន់អំណាចណាស់ បើទោះជាអ្នកកាន់អំណាចមានចំណុចល្អៗជាច្រើនក៏ដោយ។ បើបុគ្គលណា ក្រុមណាឬស្ថាប័នណា ឲ្យតែហ៊ានសរសើរអ្នកកាន់អំណាច ពួកគេប្រមាថបុគ្គល ក្រុមឬស្ថាប័ននោះទៀតគឺមិនខ្វល់។​ រឿងដែលត្រូវខ្វល់ គឺធ្វើឲ្យបស្ចឹមប្រទេសជាម្ចាស់ជំនួយពេញចិត្ត។ ពួកគេមិនហ៊ានសរសើរ អ្នកកាន់អំណាចពីចំណុចវិជ្ជមានទេ ព្រោះខ្លាចម្ចាស់ជំនួយអន់ចិត្ត។

ប្រភេទទី២៖ អ្នកទទួលជំនួយពីបស្ចឹមប្រទេសដែរ តែមិនជាអ្នកនិយមជ្រុល។ ប្រភេទនេះ នៅមើលប្រទេសនិងប្រជាជនខ្លួនឯង ឃើញមានចំណុចល្អៗ និងមានការរីកចម្រើនដែរ តែខ្លួនចង់ ឲ្យកែលម្អបន្ថែមទៀត ដើម្បីប្រយោជន៍ជាតិទាំងមូល។

ប្រភេទទី៣៖ យុវជនខ្លះដែលនៅខ្ចីខាងការគិតនិងវិភាគ ដែលងាយនឹងត្រូវគេបោកបញ្ឆោតឲ្យ ធ្វើជាឧបករណ៍នយោបាយ។ ប្រភេទនេះគឺជាក្រុមជនរងគ្រោះមនសិការ ដូចជាក្រុមយុវជនដែល ពួកលន់នល់បោកឲ្យចូលរួមផ្តួលរំលំរបបសង្គមរាស្រ្តនិយម របស់ព្រះប្រមុខរដ្ឋ សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ១៩៧០ដូច្នេះដែរ ដែលទីបំផុត ពួកលន់នល់បានធ្វើអោយក្រុម យុវជន និងប្រជារាស្រ្តខកចិត្ត ហើយប្រទេសធ្លាក់ចូលក្នុងភ្លើងសង្រ្គាម។

ប្រភេទទី៤៖ ប្រភេទអ្នកធ្វើ គឺគិតតែពីធ្វើ គិតតែពីអភិវឌ្ឍ គិតតែពីកៀងគរជំនួយនិងវិនិយោគពីបរទេស ដែលប្រភេទនេះអាចស្ថិតនៅ ក្នុងក្រុមដែលសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើក ឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ថាជាក្រុម៣សុំ គឺ «សុំឲ្យបរទេសផ្តល់ជំនួយមកកម្ពុជា! សុំឲ្យបរទេសវិនិយោគនៅកម្ពុជា! និងសុំឲ្យបរទេសទិញទំនិញពីកម្ពុជា!»។
ប្រភេទទី៥៖ ប្រភេទអាជ័យធ្លាក់ទឹក ហៃអើៗ។ជាក្រុមបើមានប្រយោជន៍ខ្លួនទទួលយក បើបរាជ័យ គេចចេញពីបញ្ហា ហើយបន្ទោសគេឯង! នេះជាប្រភេទមនុស្សចោលម្សៀត រាប់រកមិនបានទេក្នុងជីវិត!។

ប្រភេទទី៦៖ ជាប្រជាជនភាគច្រើនដែលឆ្អែតនឹងសង្រ្គាម ហើយស្រឡាញ់សន្តិភាព ចង់ឲ្យតែ ប្រទេសជាតិបានសុខ។ បើប្រទេសរីកចម្រើនហើយ ពួកគេចង់ឲ្យរីកចម្រើនទៀត ហើយឲ្យអ្នក កាន់អំណាចជួយបន្ថយចំណុចអវិជ្ជមាន ដែលនៅសេសសល់ទៅតាមការដែរអាចធ្វើទៅបាន។

ប្រភេទទី៧៖ គិតតែពីមួលបង្កាច់ គិតតែពីប្រមាថ និងរកតែរឿងអាក្រក់ៗដាក់បន្ទុកឲ្យប្រទេសនិង ប្រជាជនខ្លួនឯង បើទោះពួកខ្លួនរស់នៅក្នុងប្រទេសក៏ដោយ។ ប្រភេទនេះមើលឃើញតែពីភាព ខ្មៅងងិតរបស់ជាតិ ដោយមានចេតនាផ្តួលភាគីកាន់អំណាច ដើម្បីខ្លួនបានឡើងគ្រប់គ្រងម្តង។ នេះជាប្រភេទពពួកអ្នកយកនយោបាយធ្វើជំនួញ ហើយប្រភេទនេះទំនងជាស្ថិតនៅក្នុងក្រុម ដែលសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានលើកឡើង គឺក្រុម៣កុំ «កុំឲ្យបរទេសផ្តល់ជំនួយមក កម្ពុជា! កុំឲ្យបរទេសវិនិយោគនៅកម្ពុជា! និងកុំឲ្យបរទេសទិញទំនិញពីកម្ពុជា!»។

ប្រភេទទី៨៖ ប្រភេទនេះមិនខ្ចីអើពើពីជាតិនិងសង្គមអ្វីទាំងអស់ ធ្វើយ៉ាងណាឲ្យតែខ្លួននិងគ្រួសារ បានសេចក្តីសុខ។ចង់នរណាមានបញ្ហា ខ្លួនមិនខ្វល់ ព្រោះមនុស្សប្រភេទនេះមានទស្សនៈ សល់ពីខ្មែរក្រហមមកថា «ក្បាលអ្នកណា សក់អ្នកហ្នឹង! ខ្លួនទីពឹងខ្លួន!»។ មនុស្សប្រភេទនេះមិនសម្បូរញាតិទេ ហើយពួកគេក៏មិនខ្វល់ពីរឿងនេះដែរ ទាល់តែពេលជិតដាច់ខ្យល់ ទើបដឹងថា ខ្លួនអត់សូវមានអ្នកមកសួរសុខទុក្ខ និងមកជួយហែសពខ្លួន ឬសមាជិកគ្រួសារខ្លួន៕

ដោយ៖ ឆាយ សុផល