(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ពុំបានបិទវិទ្យុអាស៊ីសេរី (RFA) និង វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នោះទេ គឺក្រសួងព័ត៌មានបិទតែស្ថាប័នវិទ្យុណាដែលរំលោភច្បាប់ប៉ុណ្ណោះ ហើយថ្លែងថា RFA និង VOA នៅតែអាចផ្សាយបន្តបាននៅកម្ពុជា តាមស្ថាប័នវិទ្យុដែលមានច្បាប់អនុញ្ញាត។ ពាក់ព័ន្ធនឹងករណីនេះ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើកុំឱ្យសាធារណជន យល់ច្រឡំតទៅទៀត។

ការប្រកាសរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងតាមរយៈសន្និសីទកាសែតមួយ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា រាជរដ្ឋាភិបាល គ្រោងបិទមិនឱ្យមានការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជា តទៅទៀត។

នៅចំពោះមុខអ្នកសារព័ត៌មានជាច្រើននាក់ លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា «វិទ្យុអាស៊ីសេរី (RFA) យើងអត់បានបិទទេ វិទ្យុ​ VOA (សំឡេងសហរដ្ឋអាមេរិក) ក៏យើងអត់បិទដែរ។ វិទ្យុមួយចំនួននៅតែបន្តផ្សាយទេ ពីព្រោះតែគេសុំច្បាប់ ម្តេចក៏ចេះតែនិយាយថា បិទៗ។ គឺយើងបិទស្ថានីយ៍ណា ដែលរំលោភដែលបំពាន»

លោករដ្ឋមន្រ្តីបានបន្តថា VOA និង RFA នៅតែផ្សាយបាននៅកម្ពុជា តាមរយៈវិទ្យុមួយចំនួនដែលសុំច្បាប់។ មិនតែប៉ុណ្ណោះ វិទ្យុទាំងពីរនេះ នៅតែផ្សាយបានតាមរលកធាតុអាកាសរបស់ AM។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការចំពោះ ការិយាល័យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA ដែលបានធ្វើសកម្មភាពយកព័ត៌មាននៅកម្ពុជា ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មាន និងមិនបានមកចុះបញ្ជីពន្ធដារ តាមច្បាប់ស្តីពីសារពើពន្ធដែលបានកំណត់ផងដែរ។

បន្ទាប់ពីមានសំណើនេះ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បានសម្រេចបិទស្ថានីយ៍វិទ្យុមហានគរ របស់លោកស្រី ឈួន វេជ្ជនី និងស្ថានីយ៍ផ្សាយបន្តមួយចំនួនទៀត ដែលធ្លាប់ផ្សាយបន្តនូវវិទ្យុទាំងនេះ ដោយសារតែរំលោភប្រកាសអនុញ្ញាតឱ្យធ្វើអាជីវកម្មរបស់ក្រសួងព័ត៌មាន និងកិច្ចសន្យា ដែលបានតម្កល់ទុកជាផ្លូវការនៅក្រសួងព័ត៌មាន៕