(កំពង់ធំ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការលើកលែង និងបន្ធូរបន្ថយទោសខេត្ត បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យលើទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស នៅក្នុងពិធីអ៊ុទូក អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ ដែលអ្នកទោសទាំងនោះ មានការព្យាយាមកសាងខ្លួនល្អ ឲ្យបានឆាប់រួចទោសទណ្ឌពីសំណាញ់ច្បាប់។ ពិធីនេះក៏មានការចូលរួមពីព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តស្នងការរងនគរបាលខេត្ត និងមន្ត្រីអាគារនុរក្សពន្ធនាគារផងដែរ អ្នកទោសជាង២០នាក់ នឹងត្រូវដាក់ស្នើសុំឲ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោស។

លោក គង់ វិមាន បានថ្លែងថា ការលើកលែងទោស និងបន្ធូរបន្ថយទោសឲ្យទណ្ឌិត យើងធ្វើការវាយតម្លៃអំពីសកម្មភាពកសាងខ្លួនរបស់ទណ្ឌិត ម្នាក់ៗ ដោយផ្អែកលើលក្ខណៈសម្បត្តិ៤យ៉ាង ទី១៖ ទទួលស្គាល់ទោស កុំហុសដូចបានកំណត់នៅក្នុងសាលក្រមស្ថាពរ ហើយតាំងចិត្តកែប្រែ ដើម្បីកសាងខ្លួនជាពលរដ្ឋល្អ អាចធ្វើសមាហរណកម្ម ក្នុងសង្គមនាពេលអនាគត ទី២៖ គោរព និងអនុវត្តម៉ឺងម៉ាត់ពីវិន័យ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ សកម្មភាពចូលរួមបង្ការ ទប់ស្កាត់ទង្វើរល្មើស របស់អ្នកទោសផ្សេងទៀតក្នុងពន្ធនាគារ មិននិយាយ ឬប្រព្រឹត្តទង្វើទាំងឡាយណាដែលជះឥទ្ធិពលដល់ អ្នកដ៏ទៃ ទី៣៖ សកម្មភាពក្នុងការងារពលកម្ម និងរៀនវិជ្ជាជីវៈប្រកបដោយស្មាតីភ្ញាក់រលឹកប្រឹងប្រែង ធ្វើឲ្យបានស្របតាមផែនការកំណត់ដែល មានឥទ្ធិពលក្នុងការជំរុញចលនាប្រឡងប្រឆាំង ក្នុងចំណោមទណ្ឌិតទាំងឡាយ បង្កើតគំនិតច្នៃប្រឌិតដែលត្រូវបានទទួលស្គាល់ និងបញ្ចូលក្នុងការ អប់រំការងារពលកម្ម និងបង្រៀន វិជ្ជាជីវៈ និងទី៤៖ សកម្មលត់ដំ អប់រំខ្លួនកសាងចរិយាមាយាទលើកកម្ពស់ សីលធម៌រស់នៅគោរពកិត្តិយស សេចក្តីថ្លៃថ្នូរចំពោះខ្លួនឯង និងអ្នកដ៏ទៃដើម្បីក្លាយជាពលរដ្ឋស្លូតត្រង់មានប្រយោជន៍ សម្រាប់ជាតិព្រមទាំងស្មារតីជួយដល់ទណ្ឌិតដ៏ទៃទៀត ឲ្យខិតខំកសាងខ្លួនដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តកំពង់ធំ បានថ្លែងថា ក្នុងខេត្តកំពង់ធំ មានជនជាប់ឃុំខ្លួនចំនួន៦៤២នាក់ ស្រីចំនួន៥១នាក់ អនីតិជន ៣៣នាក់ ស្រី០៤នាក់ ក្នុងនោះមានជនត្រូវចោទ៩៦នាក់, ជនជាប់ចោទ១១៨នាក់, ពិរុទ្ធជន២៩៤នាក់ និងទណ្ឌិត១១៣នាក់។ ក្នុងសុំណើរលើកលែងទោស និងបន្ធូរទោសឲ្យទណ្ឌិត ទៅគណៈកម្មការថ្នាក់ ជាតិក្នុងឱកាសពិធីបុណ្យអ៊ំទូក អកអំបុក និងសំពះព្រះខែ ឆ្នាំ២០១៧ ខាងមុខរួមមាន៖ ស្នើរសុំបន្ធូរបន្ថយទោស១២ខែ ចំនួន៧នាក់ស្រី០នាក់ ស្នើរសុំ បន្ធូរបន្ថយទោស៩ខែចំនួន៩នាក់ ស្រី២នាក់ និងស្នើសុំបន្ធូរបន្ថយទោស៦ខែ ចំនួន៦នាក់ ស្រី៣នាក់៕