(កូឡាឡាំពួរ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបង្គ្រប់កិច្ចក្នុងពូល B ជាមួយក្រុមជម្រើសជាតិ U22 ឥណ្ឌូនេស៊ី ម៉ោង ៣៖០០នាទីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ នេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៃព្រឹត្តិការណ៍កីឡា SEA Games លើកទី២៩ បន្ទាប់ពីកម្ពុជាអស់ឱកាសឡើងវគ្គបន្តហើយនោះ។
នេះគឺជាការប្រកួតចុងក្រោយក្នុងពូលរបស់កម្ពុជា បន្ទាប់ពីបរាជ័យ ៤ប្រកួតផ្ទួនៗកន្លងទៅ។ ការប្រកួតនេះដែរ កម្ពុជាត្រូវអវត្តមានកីឡាករសំខាន់២រូបរួមមាន ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ ដែលត្រូវគ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leonardo Vitorino ប្រកាសកាត់ឈ្មោះចេញពីក្រុមកាលពីយប់មិញ។
សម្រាប់លទ្ធផលបរាជ័យ ៤ប្រកួតកន្លងទៅរបស់កម្ពុជា គឺបានចាញ់ហ្វីលីពីន ២-០, ចាញ់វៀតណាម ៤-១, ចាញ់ថៃ ៣-០ និងចុងក្រោយចាញ់ទីម័រខាងកើត ១-០ ទៀតដោយមិននឹកស្មាន។ ចំពោះការប្រកួតបង្គ្រប់កិច្ចចុងក្រោយនេះដែរ កម្ពុជាអាចនឹងមានសង្ឃឹមតិចណាស់ សម្រាប់ការជួបក្រុមខ្លាំងឥណ្ឌូនេស៊ី ដែលកំពុងត្រូវការ ៣ពិន្ទុ ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយថៃ និងវៀតណាម ដែលប៉ះគ្នានៅម៉ោងដូចគ្នានេះដែរ ស្របពេលទីម័រខាងកើត ក៏ប៉ះហ្វីលីន បង្រ្គប់កិច្ចផងដែរ៕