(កូឡាឡាំពួរ)៖ សូមចូលរួមអបអរសាទរ! ក្រុមកីឡាប៉េតង់កម្ពុជា បានកក់មេដាយប្រាក់ដំបូងជូនជាតិរបស់ខ្លួនហើយ បន្ទាប់ពីផ្ដួលក្រុមកីឡាការិនីវៀតណាម ដោយលទ្ធផល ១៣-៨ពិន្ទុ មុននេះបន្ដិច លើវិញ្ញាសាវាយគូនារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្រុមកីឡារិនីប៉េតង់កម្ពុជា ដែលចាប់ដៃគ្នាជួយកម្ពុជាឲ្យកក់មេដាយប្រាក់ដំបូង ក្នុងមហាព្រឹត្តិការណ៍កីឡាប្រចាំតំបន់នេះ គឺធ្វើបានសម្រេចដោយវីរកីឡាការិនី កែវ ឡេង ម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៣-២០១៥ និងវីរកីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាសពិភពលោក ឆ្នាំ២០១៧។

ជ័យជម្នះខាងលើនេះ បានធ្វើឲ្យកីឡាការិនីម្ចាស់មេដាយមាសពិភពលោករបស់កម្ពុជាទាំង ២រូប បន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រកួតដណ្ដើមមេដាយមាស ខណៈអ្នកទាំងពីរបានកក់មេដាយប្រាក់ក្នុងដៃរួចទៅហើយ ។ យ៉ាងណាមិញខណៈពេលនេះ កីឡាការិនីវាយកូនបាល់ Andrea ka របស់កម្ពុជា ក៏កំពុងធ្វើការប្រកួតយ៉ាងស្វិតស្វាញបំផុត ជាមួយកីឡាការិនីហ្វីលីពីនក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

ប៉ុន្ដែបើតាមការផ្សាយផ្ទាល់ Page របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កីឡាការិនី Andrea Ka កំពុងមានប្រៀបបន្ដិចបន្ទួចលើកីឡាការិនីហ្វីលីពីន ។ ដូច្នេះក្រុមការងារគេហទំព័រ Fresh News នឹងជម្រាបជូនលទ្ធផលនាពេលក្រោយ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គដ៏សំខាន់នេះ ។ ប៉ុន្ដែយ៉ាងណា Andrea Ka ក៏បានកក់មេដាយសំរឹទ្ធក្នុងដៃទៅហើយ តែបើនាងបន្ដឈ្នះ នាងនឹងបន្ដកក់មេដាយប្រាក់ ដើម្បីឡើងទៅប្រកួតដណ្ដើមមេដាយមាសស្អែកនេះវគ្គផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ចំពោះលទ្ធផលបណ្ដោះអាសន្ន ដែលក្រុមអត្តពលិកកម្ពុជា ទទួលបានក្នុងយុទ្ធនាការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា មុនការប្រកួតរបស់ក្រុមកីឡាកំពុងមានប្រៀបខាងលើ គឺកម្ពុជាដណ្ដើមបានមេដាយសំរឹទ្ធ ៦គ្រឿងក្នុងដៃជាស្ថាពរ ដែលដណ្ដើមបានដោយក្រុមកីឡាសីឈីនឡូន, ប្រដាល់សកល, ជិះសេះ និងក្រុមកីឡាប៉េតង់៕

           កីឡាការិនី កែ ឡេង

           កីឡាការិនី អ៊ុក ស្រីមុំ