(កំពង់ស្ពឺ)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ គឺជាថ្ងៃទី២៤ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួម​សាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាប់ផ្តើមបន្តទៀតហើយ នៅចំណតរថយន្ដផ្សារកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ។

លោក ពេជ្រ ស្រស់ បានលើកឡើងថា ពលរដ្ឋមួយចំនួនដាក់ការសង្ស័យគណៈកម្មការមុន កឹបកេងលុយបុណ្យលោកបណ្ឌិត កែម ឡី។

ប្រធានគណបក្សរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពួកគាត់លើកឡើងថា បើនិយាយពីមនុស្សទៅហែរលោកបណ្ឌិត និងការចូលបុណ្យពីក្រៅប្រទេស គឺមានលុយច្រើនជាចេតិយមានតម្លៃ១៧ម៊ឺនដុល្លារ ទៅទៀត ប៉ុន្តែហេតុអ្វីបានជាគ្មានលុយធ្វើចេតិយទៅវិញ? ពួកគាត់ថា ប្រហែលអ្នកកាន់ការងារមុនវេចលុយរត់បាត់ទេដឹង ទើបគ្មានលុយសាងសង់ចេតិយយ៉ាងនេះនោះ»

លោក ពេជ្រ ស្រស់ ធ្លាប់បានបញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។

សូមជម្រាបថា យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕