(ក្រចេះ)៖ ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល នៃស្រុកសំបូរ ខេត្តក្រចេះចំនួន៥៨៤៨រូប ដែលបងប្អូនខ្លះធ្វើដំណើរមកយ៉ាងឆ្ងាយដើម្បី មកទទួលសេវាពិនិត្យ ព្យាបាលជំងឺ និងវះកាត់លើសេវាចំនួន១៧ប្រភេទ ដោយឥតគិតថ្លៃពីសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន២៩០នាក់ មានចិត្តរំភើបឥតឧបមាចំពោះសកម្មភាព មនុស្សធម៌ខាងលើនេះ ដែលជាការចូលរួមចំណែកកាត់បន្ថយការចំណាយ របស់ពួកគេ បានមួយកម្រិតទៀត។

សកម្មភាពចុះពិនិត្យ ព្យាបាល និងវះកាត់ជំងឺជូនអ្នកស្រុកសំបូរ នៅចុងសប្តាហ៍កន្លងទៅនេះ ដឹកនាំដោយលោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាល លោក លី ចាន់សុភក្តី និងលោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុប្រធានក្រុមប្រឹក្សាភិបាល ក្រោមកិច្ចសហការ និងឩបត្ថម្ភគាំទ្រពីក្រុមចលនាយុវជនកម្ពុជាក១៥៧ ខេត្តក្រចេះ ដែលមានលោក មិត្ត ឆៃយុត្តិ ជាប្រធាននិងមានការចូលរួម សម្របសម្រួលពីសំណាក់ ស.ស.យ.ក សាខាខេត្តក្រចេះ ក្រុមយុវជនស្រឡាញ់សន្តិភាពសាខាខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។

ពិធីនេះប្រព្រឹត្តទៅនៅសាលាបឋមសិក្សាសំបូរ ស្ថិតនៅក្នុងភូមិកែងប្រាសាទ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ក្រោមអធិបតីភាពលោក កិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តក្រចេះ។

បងប្អូនប្រជាពលរដ្ឋ ដែលបានមកទទួលសេវានានាពេលនេះ ពិតជាមានក្តីរំភើបឥតឧបមា និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ បំផុតជូនចំពោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានគំនិតបង្កើតសម្ព័ន្ធគ្រូពេទ្យ នេះឡើង ដែលសុទ្ធតែជាក្រុមគ្រូពេទ្យមានជំនាញច្បាស់លាស់ មានក្រមសីលធម៌វិជ្ជាជីវៈ ពិតប្រាកដ ប្រកបដោយបទពិសោធន៍ខ្ពស់ ហើយបានលះបង់កម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ផ្ទាល់ខ្លួនដើម្បី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាល និងឆ្ងាយពីសេវាសុខាភិបាលដោយពុំគិតថ្លៃ។

បងប្អូនប្រជាពលរដ្ឋសូមលើកដៃ សុំបួងសួងជូនពរលោកទាំងពីរ បានភពប្រសប់តែនឹងសេចក្តីសុខ និងចម្រើននិងសំណូមពរ ឱ្យសម្ព័ន្ធគ្រូពេទ្យ ស. ស.យ.ក ឧស្សាហ៍ចុះទៅមូលដ្ឋានបងប្អូន ឱ្យកាន់តែញឹកញាប់ថែមទៀត៕