(កំពត)៖ កម្លាំងយោធានៅក្នុងកងពលតូចអន្តរាគមន៍លេខ១១ ចំនួន២៥០នាក់នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើដំណើរ ចាកចេញពីបន្ទាយរបស់ខ្លួនស្ថិតទៅក្នុងខេត្តកំពត ឆ្ពោះទៅកាន់កងពលតូចថ្មើរជើងលេខ១២៨ ដែលទើបបង្កើតថ្មីក្នុងខេត្តស្ទឹងត្រែង ដើម្បីបម្រើការងារ និងប្រចាំការនៅក្នុងកងពលថ្មីមួយនេះ។
លោកឧត្តមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១១ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កម្លាំងយោធាចំនួន២៥០នាក់ ត្រូវបានកាត់ចេញពីកងពលរបស់លោកឲ្យទៅបម្រើការងារនៅកងពលថ្មីដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបបង្កើតថ្មីនៅខេត្តស្ទឹងត្រែង។ កម្លាំងយោធាចំនួន២៥០នាក់ ដែលទើបកាត់ចេញនេះពួកគេបានចេញដំណើរ កាលពីព្រឹកមិញហើយ។
លោកឧត្តមសេនីយ៍ មេបញ្ជាការក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានឧបត្ថម្ភដល់នាយទាហាន នៃកងពលតូចអន្តរាគមន៍លេខ១១ ដែលស្ម័គ្រចិត្តទៅបម្រើការនៅកងពលតូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែង រួមមាន៖ មីយើង១កេសធំ, នំស្បោង១០ថង់, នំលីលី៥កេស, ត្រីខកំប៉ុង៨កេស, ទឹកសុទ្ធ១២០យួរ, និងថវិកា១២លាន៥សែនរៀនផងដែរ។
ដោយឡែកលោកទេសរដ្ឋមន្ត្រី បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន២៥តោន ដល់កងពលតែម្តងដើម្បីយកទៅសាងបន្ត មជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដែលបាន និងកំពុងកសាងលើផ្ទៃដី១៥ ហិកតា ហើយរហូតមកដល់ពេលនេះ សម្រេចបាន៨០ភាគរយហើយ។
សូមបញ្ជាក់ថា កងពលតូចអន្តរាគមន៍លេខ១២៨ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្កើតឡើងដែលមានមូលដ្ឋាន នៅខេត្តស្ទឹងត្រែង ដើម្បីពង្រឹងបន្ថែមទៅលើកិច្ចការពារបូរណភាពទឹកដី ក៏ដូចជាការជួយទប់ស្កាត់កិច្ចការពារសន្តិសុខ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសព្រៃឈើនៅក្នុងតំបន់ក្នុងខេត្តស្ទឹងត្រែងផងដែរ ហើយការបង្កើតកងពលនេះ ក៏បានធ្វើឡើងក្រោយកងទ័ពឡាវ បានដកចេញពីខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ផងដែរ។