(ភ្នំពេញ)៖ តាមប្រភពព័ត៌មានច្បាស់ការណ៍ពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បានលួចទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅរាត្រីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ការធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងស្ថានទូតអាមេរិក អាចនឹងកើតមានឡើងនៅភ្នំពេញដោយក្រុមអ្នកជាតិនិយម និងអ្នកគាំទ្ររាជរដ្ឋាភិបាល។

ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងទៀតថា ការធ្វើបាតុកម្មតវ៉ានេះទំនងអាចនឹងមានលក្ខណៈទ្រង់ទ្រាយធំ ប្រឆាំងនឹងស្ថានទូតអាមេរិកនៅភ្នំពេញ ដូចកាលទស្សវត្ស៦០ ព្រោះតែទង្វើរបស់អាមេរិកលូកលាន់ចូលដែនអធិបតេយ្យរបស់កម្ពុជា។ ក្រុមអ្នកជាតិនិយមបានត្រៀមខ្លួនដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងតវ៉ានេះ។ ការត្រៀមអាចផ្ទុះបាតុកម្មតវ៉ានេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការប្រតិកម្មខ្លាំងៗមកលើរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជុំវិញការបិទនិងបណ្តេញវិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ NDI ដែលបានប្រព្រឹត្តិល្មើសច្បាប់របស់កម្ពុជាក្នុងរយៈពេល៧ថ្ងៃ។

ការប្រតិកម្មរបស់ស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី២៣ ខែសីហានេះ ក្រោមចំណងជើងថា «តើប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត» ឬ «Is Cambodia committed to democracy? You decide» ភាសាទាំងនេះបង្ហាញពីភាពញុះញុង អុជអាល ពីព្រោះទង្វើនេះ មិនបានគោរពចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យ វាជាដើមចមនៃការត្រៀមផ្ទុះបាតុកម្ម, នេះបើយោងតាមការអះអាងមន្រ្តីជាន់ខ្ពស់។

នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញ សារព័ត៌មាន Fresh News ទទួលបានព្រឹកថ្ងៃទី២៣ ខែសីហា។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយ គ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ៕