(កូឡាឡាំពួរ)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ស្របពេលក្រុមជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា កំពុងជួបស្ថានភាពមិនល្អ ដោយបរាជ័យផ្ទួនៗ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ស្រាប់តែព្រលប់ថ្ងៃទី២៣ ខែសីហានេះ លោក Leonardo Vitorino បានប្រកាសកាត់ឈ្មោះកីឡាករសំខាន់ ២រូបចេញពីបញ្ជីក្រុម U22កម្ពុជា គឺកីឡាករ ច្រឹង ពលរដ្ឋ និង សំអឿន ពិដោរ។

ការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានធ្វើឡើងតាមរយៈការផ្សាយផ្ទាល់លើ Page ហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ស្របពេលលោក Leonardo Vitorino ត្រៀមដឹកនាំក្រុម U22កម្ពុជា ប្រកួតបង្គ្រប់កិច្ចក្នុងពូលB ចុងក្រោយ ជាមួយក្រុមជម្រើសជាតិ U22ឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីល លោក Leo បាននិយាយថា «សម្រាប់កីឡាករ ពលរដ្ឋ និង ពិដោរ ពួកគេត្រូវកាត់ឈ្មោះចេញពីក្រុម U22កម្ពុជាមួយថ្ងៃមុនជួបក្រុមឥណ្ឌូនេស៊ី ។ យើងនៅជាមួយគ្នា ដើម្បីមើលឃើញនូវអនាគតបាល់ទាត់របស់យើង ហើយពួកគេត្រូវបានកាត់ចេញដោយសារបញ្ហាវិន័យ ដូច្នេះបើសិនកីឡាករណាម្នាក់មិនធ្វើតាមវិន័យ ដែលយើងបានប្រាប់ ឬបង្ហាញនោះទេ គឺពួកគេត្រូវចាកពីជម្រើសជាតិ»

លោកបន្ដថា «ខណៈពេលនេះ ពួកយើងកំពុងសម្លឹងរកមើលចំណុចល្អក្នុងបាល់ទាត់កម្ពុជាយើង ដូច្នេះឥឡូវគឺជាពេលត្រូវរឹតបន្តឹងខ្លាំងលើរឿងវិន័យកីឡា។ ខ្ញុំសង្ឃឹមថា យើងទាំងអស់គ្នា នឹងបន្ដគាំទ្រការងាររបស់ខ្ញុំ ហើយធ្វើការ ដើម្បីក្រុមជម្រើសជាតិ។ ខ្ញុំចង់ឲ្យប្រជាជន ដែលជាអ្នកគាំទ្រទាំងអស់ មានមោទនភាពជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា»

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិក្រោមអាយុ ២២ឆ្នាំកម្ពុជា បានធ្លាក់ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ីហើយ ក្រោយបរាជ័យ ៤ប្រកួតជាប់គ្នា គឺចាញ់ក្រុម U22ហ្វីលីពីន ២-០, ចាញ់វៀតណាម ៤-១, ចាញ់ថៃ៣-០ និងចាញ់ទីម័រខាងកើត១-០។ ដូច្នេះការជួបក្រុម U22ឥណ្ឌូនេស៊ីស្អែកនេះ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចក្នុងពូល មុនត្រឡប់ទៅកម្ពុជាវិញប៉ុណ្ណោះ៕