(ភ្នំពេញ)៖ ក្រោមគម្រោងសេចក្តីព្រាងច្បាប់ «សិទ្ធិទទួលព័ត៌មាន» ដែលឧបត្ថម្ភដោយទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO កម្ពុជា និងដោយមានការគាំទ្រពីក្រសួងព័ត៌មាន វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងធ្វើការជ្រើសរើសសិក្ខាកាម ជាអ្នកសារព័ត៌មាន និងអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ទាំងក្នុងស្ថានប័នរដ្ឋ និងឯកជន ចំនួន២០នាក់ ដើម្បីចូលរៀនលើមុខជំនាញ សិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន ដែលវគ្គនេះ នឹងប្រព្រឹត្តទៅ ចាប់ពីខែតុលា ឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០១៨។
កម្មវិធីសិក្សា៖
១. ទ្រឹស្តីក្នុងថ្នាក់៖ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និង ថ្ងៃសៅរ៍ (សរុប 0៧សប្តាហ៍)
*ផ្នែកទី១៖ ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ (០៤សប្តាហ៍)
*ផ្នែកទី២៖ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧(០៣សប្តាហ៍)
២. ការចុះអនុវត្តជាក់ស្តែង និងការតាមដានលើការសរសេរអត្ថបទស្ថាពរ៖
*ផ្នែកទី១៖ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ (០៤សប្តាហ៍)
*ផ្នែកទី២៖ ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ (០៣សប្តាហ៍)
ផលប្រយោជន៍ ដែលសិក្ខាកាមទទួលបាន៖
*ចំណេះដឹងស្តីពីសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានបែបស៊ើបអង្កេត និងក្រមសីលធម៌អ្នកសារព័ត៌មាន
*វិញ្ញាបនបត្រដែលចេញដោយវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI)
*ការសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានសញ្ញាបត្រ និងបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងវិស័យពាក់ព័ន្ធ
*ប្រាក់លើកទឹកចិត្តសម្រាប់ការសិក្សា
ល័ក្ខខ័ណ្ឌជ្រើសរើស គឺបេក្ខជនត្រូវមានលក្ខណៈសម្បតិ្តដូចខាងក្រោម៖
១. ជាអ្នកសារព័ត៌មាន ឬអ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ទាំងក្នុងស្ថានប័នរដ្ឋ និងឯកជន
២. មានលិខិតបញ្ជាក់ពីការអនុញ្ញាតឲ្យចូលរៀនពីស្ថាប័នសាម៉ី
៣. មានអំណះអំណាងពីសាម៉ីជនបញ្ជាក់ពីការបំពេញតាមល័ក្ខខ័ណ្ឌតម្រូវរបស់វគ្គសិក្សា
៤. ធ្លាប់បានសរសេរ ឬផលិតឯកសារព័ត៌មាន ដែលបានផ្សព្វផ្សាយជាសាធារណៈនាពេលកន្លងមក។
របៀបស្នើសុំអាហារូបករណ៍៖
បេក្ខជនអាចចូលទាញយកពាក្យស្នើសុំអាហារូបករណ៍តាមរយៈ៖ www.ccicambodia.org ដើម្បីបំពេញ ហើយផ្ញើមកកាន់អ៊ីម៉េល៖ [email protected] ឬដាក់ពាក្យដោយផ្ទាល់ នៅការិយាល័យវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) តាមរយៈអាសយដ្ឋាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។
កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦៖០០នាទីរសៀល
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទ៖ ០១២ ៧៧០ ៨៩១, ឬអ៊ីម៉េល៖ [email protected] វិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) សូមស្វាគមន៍ និងលើកទឹកចិត្ត ឲ្យបេក្ខនារីដាក់ពាក្យចូលរៀន ក្នុងវគ្គបណ្តុះបណ្តាលនេះ៕