(ភ្នំពេញ)៖ គណៈប្រតិភូមុស្លិមកម្ពុជាចំនួន២០នាក់ ឧបត្ថម្ភដោយព្រះចៅសាល់ម៉ាន ពិនអាប់ឌុលអាហ្ស៊ីស អាឡាសូអ៊ូឌ ព្រះមហាក្សត្រ នៃប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានចេញដំណើរឆ្ពោះទៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ចូលរួមបុណ្យហាជ្ជ។
នៅឯអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពិធីជូនដំណើរ លោក សុះ មុះសិន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានអញ្ជើញជាកិត្តិយសជូនដំណើរ តំណាងឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ក្នុងនោះដែរក៏មានវត្តមានលោកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា លោក Faisal Naser Al Ajlan តំណាងឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុង ហាណូយ ប្រទេសវៀតណាម ព្រមទាំង លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋជូនដំណើរយ៉ាងច្រើនកុះករផងដែរ។
លោក Faisal Naser Al Ajlan បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំឥស្លាមកម្ពុជា ដែលបានសហការណ៍ ជួយសម្រួលរៀបចំឯកសារសម្រាប់ក្រុមហាជ្ជីទាំងអស់បានជោគជ័យ និងឆាប់រហ័ស។ សង្ឃឹមថា ក្រុមហាជ្ជីទាំងអស់ នឹងប្រតិបត្តិកាតព្វកិច្ចទី៥ របស់សាសនាឥស្លាមនេះ ប្រកបដោយជោគជ័យ ព្រមទាំងបានត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព។
លោក សុះ មុះសិន បានសម្ដែងនូវសេចក្តីរំភើប រីករាយជាទីបំផុត ដែលបានមកជួបជុំជាមួយបងប្អូន ក្នុងទឹកមុខសប្បាយរីករាយ មានសំណាងបានទទួលការឧបត្ថម្ភ រ៉ាប់រងទាំងស្រុង ក្នុងដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជ។
លោក បន្តថានៅឆ្នាំនេះ សម្រាប់បងប្អូន ដែលបានមានលទ្ធភាពរ៉ាប់រង ការចំណាយថវិកាដោយខ្លួនឯង មានចំនួន ៦២៤នាក់ បូករួមជាមួយនឹងអ្នកដែលទទួលការឧបត្ថម្ភចំនួន ២០នាក់ថែមទៀត សរុបទៅមានចំនួន៦៤៤នាក់ ដែលគិតជាថវិកា ចំណាយទាំងអស់ប្រមាណ២.៥លានដុល្លារ។ ទាំងនេះគឺជាសញ្ញាមួយដែលសរបញ្ជាក់ឲ្យឃើញថា សព្វថ្ងៃសាសនិកឥស្លាមកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសទទួលបាននូវជីវភាពធូធារ និងការវិវត្តស្ថានភាពរស់នៅរបស់ខ្លួនឆ្ពោះទៅមុខជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។
លោកបានផ្តាំផ្ញើ និងការជូនពរដល់បណ្តាអ្នកដែលអញ្ជើញ ទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជទាំងអស់ ទាំងអ្នកដែលបាន ចេញដំណើរផុតទៅ និងអ្នកដែលចេញដំណើរនៅថ្ងៃនេះ សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងការបំពេញកាតព្វកិច្ចរបស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម។
នៅក្នុងឱកាសនោះផងដែរ លោកស្រី ម៉ាណ ណាវី ជំនួយការឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានឧបត្ថម្ភប្រតិភូហាជ្ជីទាំងអស់ចំនួន២០នាក់ ដែលក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០ដុល្លារ។
សូមជំរាបផងដែរថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីប្រមាណ៤លានអ្នក អញ្ជើញទៅប្រារព្ធបុណ្យនេះនៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៧នេះ ពិធីបុណ្យ នឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៣០ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕