(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យលោក ដូយ កុនចា (Doy Concha) នាយកក្រុមហ៊ុនយូនីលីវើប្រចាំប្រទេសកម្ពុជា និងសហការីចូលជួបពិភាក្សា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងបន្លំម៉ាក និងការអនុវត្តច្បាប់កម្មសិទិ្ធបញ្ញានៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យមានប្រសិទ្ធភាពខ្ពស់ ផ្អែកតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នៅឯកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក រៀបចំឡើងនៅរាជធានីភ្នំពេញ កាលពីដើមខែឧសភា ឆ្នាំ២០១៧។

ក្នុងឱកាសនោះ លោក ដូយ កុនចា បានជម្រាបលោករដ្ឋមន្ត្រីថា ក្រុមហ៊ុនយូនីលីវើ បានធ្វើប្រតិបត្តិការធុរកិច្ចនៅកម្ពុជា រយៈពេលជាង ២១ឆ្នាំមកហើយ ដោយសារតែមានការគាំទ្រពីអតិថិជន និងរាជរដ្ឋាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកបម្រើការជិត ២,០០០នាក់ ហើយគ្រោងនឹងនាំយកផលិតផលថ្មីៗទៀត ចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក្រុមហ៊ុនកំពុងប្រឈមជាមួយផលិតផលយូនីលីវើនាំចូលដោយខុសច្បាប់ ដែលកំពុងចរាចរណ៍លក់ក្នុងតម្លៃទាបជាងផលិតផលក្រុមហ៊ុនដល់ទៅ ២០% ហើយអាចបណ្តាលឲ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ថែមទៀត។

ជាការឆ្លើយតប លោក ប៉ាន សូរស័ក្តិ បានសាទរជាមួយវឌ្ឍនភាពក្រុមហ៊ុនរបស់យូនីលីវើ និងបានបង្ហាញការគាំទ្រចំពោះប្រតិការធុរកិច្ចរបស់ក្រុមហ៊ុននៅកម្ពុជា។ លោករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អគ្គនាយកដ្ឋានកាំកុងត្រូល ធ្វើការពិនិត្យករណីផលិតផលយូនីលីវើក្លែងក្លាយនៅលើទីផ្សារ និងបានសំណូមពរដល់លោក ដូយ និងសហការី សហការផ្តល់ព័ត៌មានជូនភ្នាក់ងារកាំកុងត្រូល ដែលជាសេនាធិការរបស់ក្រសួងពាណិជ្ជកម្ម មានភារកិច្ចត្រួតពិនិត្យទំនិញនីហរ័ណ-អាហរ័ណ និងបង្ក្រាបការក្លែងបន្លំ។

បន្ថែមលើសនេះ លោករដ្ឋមន្ត្រី ក៏បានសំណូមពរដល់ក្រុមហ៊ុនយូនីលីវើ ពិចារណាយកគំរូតាមភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួន ដោយប្រើប្រាស់ខេមរភាសាលើផលិតផលទាំងអស់ ដើម្បីធ្វើឲ្យមានភាពខុសគ្នាជាមួយផលិតផលនាំចូលខុសច្បាប់ ដូច្នេះមន្ត្រីកាំកុងត្រូល នឹងអាចធ្វើការដកហូតផលិតផលទាំងអស់នោះនៅតាមទីផ្សារនានា។

លោក ដូយ កុនចា បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រី ដែលបានចែករំលែកបទពិសោធន៍ល្អៗ ដល់ក្រុមហ៊ុនយូនីលីវើ និងបានសន្យាធ្វើការពិចារណាលើអនុសាសន៍នេះ ដើម្បីផ្តល់ភាពងាយស្រួលជូនអតិថិជន ក៏ដូចជាភ្នាក់ងារកាំកុងត្រូល ក្នុងការចាត់វិធានការបង្ក្រាប និងទប់ស្កាត់ការរត់ពន្ធផលិតផលយូនីលីវើ ដោយខុសច្បាប់មកកាន់ទីផ្សារប្រទេសកម្ពុជា៕