(ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៤​ ខែ​សីហា​ ឆ្នាំ២០១៧ ស្អែកនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​បន្តបើក​សវនាការ​រឿង​ក្ដី លោក​ សួន​ សេរី​រដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ដែលសរសេរប្រមាថដល់កងទ័ព នៅលើបណ្តាញសង្គម Facebook។ សវនាការនេះ ​មាន​លោក​ រស់​ ពិសិដ្ឋ​ ជា​ចៅក្រម​ជំនុំជម្រះ​ និង​ លោក​សៀង​ សុខ​ ព្រះរាជអាជ្ញារង ជា​តំណាង​អយ្យការ​ ។

លោក​ សួន​ សេរី​រដ្ឋា​ ត្រូវ​បាន​ លោក​ រស់​ ពិសិដ្ឋ​ ជាចៅក្រម​ជំនុំជម្រះ​ សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤​ ខែ​សីហា​ ក្រោម​ការ​ចោទប្រកាន់​ចំនួន​៣បទល្មើស​ ក្នុងនោះរួមមាន បទ​ញុះញង់​កុំឱ្យយោធិនស្តាប់បង្គាប់ តាមបញ្ញត្តិមាត្រា៤៧១ នៃក្រមព្រហ្មទណ្ឌ​ បទ​ធ្វើឱ្យខូចទឹកចិត្តកងទ័ព តាមបញ្ញត្តិមាត្រា៤៧២នៃក្រមព្រហ្មទណ្ឌ​ និង​ បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមបញ្ញត្តិ​មាត្រា​៤៩៤និងមាត្រា​៤៩៥ នៃក្រមព្រហ្មទណ្ឌ។

លោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ច កាលពីរសៀលថ្ងៃទី១៣ សីហា ឆ្នាំ​២០១៧​ បន្ទាប់បានសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ប្រមាថមើលងាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំប្រទេសជាតិ ពិសេសស្ថាប័នកងយោធពលខេមរ​ភូមិន្ទទាំងមូល នូវព្រឹត្តិការណ៍ប្រឈមមុខដាក់គ្នា រវាងកងទ័ពកម្ពុជា និង​កងទ័ពឡាវ នៅព្រំដែនខេត្តស្ទឹងត្រែង។

នៅក្នុងសាររបស់ លោក សួន សេរីរដ្ឋា ដែលបង្ហោះលើ Facebook កាលពីថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៧ មានខ្លឹមសារយ៉ាងដូច្នេះថា «​ពេលសង្គ្រាម កើតឡើងជាមួយ នឹង ប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសពីសង្គ្រាម ដែលកើតឡើងជាមួយ នឹង ប្រទេសសៀមទេ ! គឺកូនខ្មែរ កងទ័ពជាតិ នឹងស្លាប់ក្នុងសមរភូមិយ៉ាងវេទនា… ហើយមេទ័ពចោរ នឹងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់សប្បាយជាមួយស្រីញី យ៉ាងគគ្រឹកគគ្រេង!។ ពីព្រោះកន្លងមកដូចយើងដឹងហើយ សង្គ្រាមដែលកើត ឡើងជាមួយនឹងប្រទេសសៀម គឺស្លាប់តែកូនខ្មែរអ្នកស្នេហាជាតិ ដែលចូលប្រយុទ្ធនៅជួរមុខទេ។ ចំណែកឯពួកមេៗ ពាក់ផ្កាយ និង កូនលោកធំៗ ដែលនៅជួរក្រោយចេញមុខចេញមាត់នោះ ប្រមូលលុយ ប្រមូលលាភ ហើយដេកតែម៉ាស៊ីនត្រជាក់ ជាមួយស្រីកំដរ ក៏ឡើងបុណ្យឡើងផ្កាយដែរ​»​

សាររបស់ លោក សួន សេរីរដ្ឋា បានធ្វើឱ្យមានការប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កងទ័ព និងមេបញ្ជាការកងទ័ពនៅទូទាំងប្រទេស ហើយពួកគាត់ចាត់ទុកថា ជាទង្វើមួយដែលមិនអាចអត់ឱនឱ្យបាន៕