(ភ្នំពេញ)៖ កីឡាជិះសេះកម្ពុជាបាននំាមកនូវក្តីមោទនភាពសម្រាប់ប្រទេសជាតិ ហើយរំពឹងថា កីឡានេះ និងបន្តដណ្តើមបានភាពជោគជ័យបន្ថែមទៀតសម្រាប់កម្ពុជានាពេលខាងមុខ។ នេះជាប្រសាសន៍របស់លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា ប្រធានកិត្តិយសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ លើកឡើងក្នុងឱកាសលោក អញ្ជើញទៅទទួលគណៈប្រតិភូអត្តពលិកកីឡាជិះសេះកម្ពុជា នាពេលថ្មីៗនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកទេសរដ្ឋមន្រ្តី បានឱ្យដឹងទៀតថា កីឡាជិះសេះកម្ពុជាទើបបានបង្កើតឡើង ហើយក៏ជាលើកទី១ ដែលកម្ពុជាបានបញ្ចូលវិញ្ញាសាថ្មីនេះ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩ នៅក្នុងប្រទេសម៉ាឡេស៊ី ដោយកម្ពុជាដណ្តើមបានមេដាយសំរិទ្ធ គឺចំណាត់ថ្នាក់លេខ៣ នៅក្នុងការប្រកួត ដែលក្នុងនោះប្រទេសម៉ាឡេស៊ី បានទទួលចំណាត់ថ្នាក់លេខ១ ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់លេខ២ កម្ពុជា ចំណាត់ថ្នាក់លេខ៣ ប្រទេសសឹង្ហបុរី ចំណាត់ថ្នាក់លេខ៤ និងប្រទេសព្រុយណេ ចំណាត់ថ្នាក់លេខ៥។

លោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានបញ្ជាក់ថា ការប្រកួតកីឡាជិះសេះនេះ គឺប្រកួតជាក្រុមក្នុងចម្ងាយផ្លូវ ៨០គីឡូម៉ែត្រ គឺជ្រើសរើសយកក្រុមកីឡាករមានជំនាញក្នុងការជិះសេះបានល្អ និងទទួលបានជ័យជំនះក្នុងការប្រកួត។

លោកស្រី ទេព ម៉ូណា ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, ក្រុមហ៊ុន និងសប្បុរសជនជាច្រើនទៀត ដែលបានជួយឧបត្ថម្ភគំាទ្រដល់កីឡាករជិះសេះកម្ពុជា ក៏ដូចជាកីឡាករផ្សេងៗទៀតឱ្យមានឆន្ទៈក្នុងការចូលរួមប្រកួត ដើម្បីដណ្តើមយកជ័យលាភី ជូនជាតិមាតុភូមិ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅប្រទេសម៉ាឡេស៊ី នាពេលនេះ។

លោក កៅ វណ្ណារិន អគ្គលេខាធិការសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានឲ្យដឹងថា «សម្រាប់ការចូលរួមស៊ីហ្គេមលើកនេះ យើងបានទទួលនូវចំណេះដឹង និងបទពិសោធន៍ច្រើនដើម្បីការឈានទៅរកភាពជោគជ័យរបស់សហព័ន្ធ ក្នុងឆ្នាំ២០២៣ ដែលយើងត្រូវរៀបចំ និងកែសម្រួលហេដ្ឋារចនាសម្ព័ន្ធទីលានហ្វឹកហាត់ និងប្រកួតនៅខេត្តកំពង់ឆ្នាំង ដែលយើងមានសព្វថ្ងៃនេះ (Endurance Competition)។ ហើយយើងក៏ទទួលបាននូវមេដៃសំរិទ្ធមួយដែលជាលើកដំបូងរបស់សហព័ន្ធផងដែរ ក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេម ក្នុងពេលដែលសហព័ន្ធនូវមានកង្វះខាតនៅឡើយលើបញ្ហាបច្ចេកទេស និងធនធាន ដូច្នេះហើយទើបសហព័ន្ធកំពុងខិតខំប្រឹងប្រែងដុតដៃដុតជើង ដើម្បីធ្វើយ៉ាងណាឲ្យបានល្អបំផុតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ និងស៊ីហ្គេម ឆ្នាំ២០២៣ ដែលចាំបាច់ត្រូវពង្រឹងសមត្ថភាពពីពេលនេះទៅ»

លោក កៅ វណ្ណារិន បន្តថា ចំណែកឯការបណ្ដុះបណ្ដាលបន្ថែម និងការស្វែងរកនូវបទពិសោធន៍ល្អៗ ថ្មីៗ គឺជាតម្រូវការចាំបាច់សម្រាប់កីឡាករកីឡាការិនី និងមន្ត្រីសហព័ន្ធ ក៏ដូចជាការគាំទ្រនូវផ្នែកហិរញ្ញវត្ថុសម្រាប់ការរៀបចំព្រឹត្តិការណ៍ និងការចូលរួមក្នុងស្រុក និងក្រៅប្រទេសផងដែរ ដែលសហព័ន្ធកំពុងស្វែងរកការឧបត្ថម្ភ និងគាំទ្រក្នុងការងារនេះ បន្ទាប់មកអ្វីដែលត្រូវធ្វើបន្តនោះគឺ មេដៃក្នុងចំណោម មេដៃទាំង ១៦ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ដែលសហព័ន្ធត្រូវចាប់ផ្ដើមពីឥឡូវនេះទៅ ដើម្បីឈានទៅរកភាពជោកជ័យក្នុង ឆ្នាំ២០២៣ របស់កម្ពុជា៕