(ភ្នំពេញ)៖ ខណៈជួបសម្ដែងការគួរសមជាមួយលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន នៅទីស្នាក់ការសមាគម នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ប្រតិភូសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ដែលដឹកនាំដោយលោក អ៊ុំ វុទ្ធទី ប្រធានសមាគមផ្ទាល់ បានលើកឡើងពីវឌ្ឍនភាពការងារជាច្រើន ក្នុងសកម្មភាពជួយជ្រោមជ្រែងដល់និស្សិតកម្ពុជា ដែលជារឿយៗតែងទទួលបានការជ្រោមជ្រែងពីរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
លោក អ៊ុំ វុទ្ធទី បានលើកឡើងថា ដោយសារទទួលបានការគាំទ្រយកចិត្តទុកដាក់ ជួយទំនុកបម្រុងជារឿយៗសព្វគ្រប់បែបយ៉ាង ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ទើបសមាគមនិស្សិតកម្ពុជានៅចិន មានអាចធ្វើសកម្មភាពការងាររបស់ខ្លួនបានរហូតដល់បច្ចុប្បន្ន ដោយបានជួយជ្រោមជ្រែងក្រុមនិស្សិតកម្ពុជា ដែលបន្តការសិក្សានៅទីនោះ ជាមួយការទទួលបាននូវភាពកក់ក្ដៅគ្រប់ពេលវេលា និងការលើកទឹកចិត្តពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាជាច្រើនទៀត។
នៅចំពោះមុនលោកប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ប្រតិភូសមាគមនិស្សិតកម្ពុជានៅចិន បានលើកឡើងពីការមើលឃើញផ្ទាល់ភ្នែក នូវការរីកចម្រើនយ៉ាងលឿនក្នុងរាជធានីភ្នំពេញនេះ។
ទាំងប្រតិភូ ក៏ដូចជាសមាជិកសមាគមនិស្សិតកម្ពុជានៅចិន បានបង្ហាញពីឆន្ទៈគាំទ្រចំពោះសម្ដេចតេជោ ហ៊ុន សែន យ៉ាងមុតមាំ ក្នុងការបន្តដឹកនាំប្រទេសកម្ពុជា នៅអាណត្តិថ្មីខាងមុខ ពោលគឺសមាជិកសមាគមទាំងអស់នឹងបោះឆ្នោតគាំទ្រសម្ដេចតេជោ ជានាយករដ្ឋមន្រ្តីបន្តទៀត នៅនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។
អ្វីដែលសមាគមកម្ពុជានៅចិនចង់បញ្ជាក់នោះ គឺមានតែសម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាទេ ដែលជាអ្នកនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ហើយជាអ្នកបន្តការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅមុខជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
ប្រតិភូសមាគមនិស្សិតកម្ពុជានៅចិន បានថ្លែងអំណរគុណចំពោះលោក ឯក សំអុល ដែលបានអនុញ្ញាតចូលជួបសម្តែងការសម និងស្តាប់អនុសាសន៍ណែនាំមួយចំនួន ដើម្បីរួមចំណែកពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។ លោក ឯក សំអុល ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់ប្រតិភូសមាគមនិស្សិតកម្ពុជានៅចិន ដែលមានវត្តមាននៅក្នុងជំនួបនោះផងដែរ៕