(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យម្ចាស់ ឬនិយោជករោងចក្រ សហគ្រាស គ្រឹះស្ថានការងារ អនុញ្ញាតឲ្យកម្មការិនីដែលមាន ផ្ទៃពោះអាចទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ រៀងរាល់ខែ ដើម្បីតាមដានស្ថានភាពកូនក្នុងផ្ទៃ និងអនុញ្ញាតឲ្យពួកគេបានឈប់សម្រាក ដោយទទួលបានប្រាក់ខែ ១២០ភាគរយ រយៈពេល៣ខែ នៅពេលសម្រាលកូនរួចផងដែរ។ (សូមស្តាប់ប្រសាសន៍សម្តេច)

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យម្ចាស់រោងចក្រទាំងអស់ សូមអនុញ្ញាតឲ្យកម្មការីដែលមានផ្ទៃពោះ មានពេលវេលាទៅពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់។ ក្រោយពេលពួកគេសម្រាលកូនរួច ក៏សូមអនុញ្ញាតឲ្យបានឈប់សម្រាក ដោយមានប្រាក់បៀវត្សន៍ រយៈពេល៣ខែ ដើម្បីឲ្យពួកគេរឹងសរសៃបន្តិច នឹងអាលមានកម្លាំងមកធ្វើការឡើងវិញ ជៀសវាងបញ្ហាប៉ះពាល់ដល់សុខភាពម្ដាយ និងទារក។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «កម្មការិនីទាំងអស់ ដែលសម្រាកកូនត្រូវបានឈប់សម្រាកដោយមានបៀវត្សន៍ រយៈពេល៣ខែ ហើយបៀវត្សនោះស្មើនឹង ១២០ភាគរយ ត្រូវអនុវត្តរឿងនេះឲ្យខាងតែបាន ហើយក៏ត្រូវមានកន្លែងឲ្យបានសមរម្យ។ ម្ចាស់រោងចក្រទាំងឡាយ មេត្តាយោគយល់អធ្យាស្រ័យសម្រាប់កម្មការិនី ដែលមានផ្ទៃពោះ សូមអនុញ្ញាតឲ្យទៅពិនិត្យឲ្យបានទៀងទាត់ មិនច្រើនទេ នៅពេលឲ្យគ្នាទៅពិនិត្យមួយព្រឹកតែប៉ុន្មានម៉ោង»

សម្ដេចបានណែនាំឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវបង្កើតមណ្ឌលសុខភាពផ្ទាល់ក្នុងរោងចក្រ ដើម្បីជួយសង្គ្រោះកម្មករ-កម្មការិនី ជាបឋម ក្នុងពេលជួបបញ្ហាណាមួយ និងត្រូវរៀបចំបង្កើតទារកដ្ឋាន ដើម្បីឲ្យម្ដាយមានលទ្ធភាពបំបៅកូន ព្រោះការធ្វើបែបនេះគឺជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈ ដ៏លំបាក ហើយក៏ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នាផងដែរ។

មិនប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅក្រសួងសុខភិបាល និងមន្ទីរពេទ្យរដ្ឋនានាត្រូវពង្រីកសេវាថែទាំសុខភាពឲ្យកាន់តែគៀកជិតរោងចក្រ និងកម្មករនិយោជិត ត្រូវបង្កើតគិលានុដ្ឋាន បើមានគិលានុដ្ឋានហើយ ត្រូវបំពាក់សម្ភារបរិក្ខា និងពង្រីកបន្ទប់បន្ថែម៕