(សៀមរាប)៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងធ្វើការបណ្តេញចេញជនជាតិចិនចំនួន១៦០នាក់ ពីប្រទេសកម្ពុជា ដែលពាក់ព័ន្ធចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ដែលត្រូវបានចាប់ខ្លួននៅគោលដៅចំនួន០២ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីដើមខែសីហា កន្លងទៅនេះ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ជនជាតិចិនទាំង១៦០នាក់ នឹងត្រូវបណ្តេញចេញទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ នៅរសៀលថ្ងៃស្អែក តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧កន្លងទៅ កម្លាំងនគរបាលអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សតិ្តបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ឆបោក គំរាមគំហែង ជំរិតទារប្រាក់តាមប្រព័ន្ធ បច្ចេកវិទ្យា ទូគមនាគមន៍ (VOIP) ជាជនជាតិចិនជិត២០០នាក់ ព្រមទាំងបានរឹបអូសវត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួនធំ និងបានរកឃើញបញ្ជីឈ្មោះជនរងគ្រោះ នៅប្រទេសចិន ដែលសម្រាប់ពួកវាខលទៅគំរាមជំរិតទារប្រាក់។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមអំពាវនាវឲ្យ ប្រជាពលរដ្ឋមានការសហការ រាយការណ៍ជូនសមត្ថកិច្ច អំពីវត្តមានជនបរទេសដែលប្រមូលផ្តំ គ្នាជួលលំនៅដ្ឋានស្នាក់នៅ ប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដែលបណ្តាលឲ្យមានជនរងគ្រោះ និងបាត់បង់ថវិកាជាច្រើនផងដែរ៕