(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីគ្រប់ផ្នែកទាំងអស់នៅកម្ពុជា នឹងទទួលបានសេវាពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅគ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពរដ្ឋ។ (សូមស្ដាប់ប្រសាសន៍សម្ដេច)

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នាពេលកន្លងទៅ កម្មករ-កម្មការិនីត្រូវបង់ប្រាក់លើរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ៥០ភាគរយ ប៉ុន្តែចាប់ពីខែមករា ឆ្នាំ២០១៨ ខាងមុខតទៅ ពួកគេមិនចាំបាច់បង់ទៀតនោះទេ គឺម្ចាស់រោងចក្រជាអ្នកបង់ជំនួសវិញ ដើម្បីឲ្យកម្មករ-កម្មការិនីទទួលបាននូវអត្ថប្រយោជន៍ ពីការព្យាបាលនេះ។

សម្ដេចបានព្យាករណ៍ថា អត្ថប្រយោជន៍ពីការមិនបង់ប្រាក់លើសេវាថែទាំសុខភាពនេះ គឺកម្មករ-កម្មការិនីម្នាក់ៗ នឹងចំណេញប្រាក់ពី ៨,០០០រៀល ទៅ ១៣,០០០រៀល ក្នុងមួយខែ ហើយរាជរដ្ឋាភិបាលនឹងកំពុងទូទាត់ជាមួយម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានការងារនានា តាមរយៈនៃការបន្ធូរបន្ធយពន្ធកាត់ទុក ដើម្បីយកប្រាក់ទាំងនោះទៅបម្រើឲ្យការងារខាងលើ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ថ្លែងយ៉ាងដូច្នេះថា «ចាប់ពីខែមករា ឆ្នាំ២០១៨ កម្មករ-កម្មការិនីក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ មានដូចជា កាត់ដេរ សំណង់ បើកបរ សណ្ឋាគារ កសិកម្ម និងផ្នែកផ្សេងៗទៀត និយាយរួមកម្មករទាំងអស់ ត្រូវទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យរដ្ឋ។ រដ្ឋបានបង់ថ្លៃជំនួស តាមរយៈមូលនិធិសមធម៌ ដែលបាននិងកំពុងអនុវត្តបានជាង ៣លាននាក់ រួចមកហើយ និងដាក់បញ្ចូលជាង ២លាននាក់ បន្ថែមទៀត»

ប្រមុខរាជរដ្ឋាភិបាលក៏ណែនាំដល់ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរ៉ែ និងថាមពល ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងមុខងារសាធារណៈ រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ត្រូវចាត់ចែងធ្វើការងារជាមួយគ្នា ដើម្បីស្រង់ស្ថិតិចំនួនកម្មករ និងធ្វើការផ្ដល់ជូនពួកគេ នូវសេវាពិនិត្យព្យាបាលសុខភាពឲ្យបានដិតដល់ ពិសេសក្រសួងសុខាភិបាល ត្រូវពង្រីកសេវាថែទាំសុខភាពឲ្យកាន់តែគៀកជិតរោងចក្រ និងកម្មករផងដែរ។

សម្ដេចតេជោបានគូសបញ្ជាក់ថា នៅពេលខាងមុខ រាជរដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តនូវកម្មវិធីជាសកល ពោលប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មិនថាអ្នកមានប្រាក់តិច ឬច្រើនយ៉ាងណាទេ គឺសុទ្ធតែទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃដូចៗគ្នា។

សូមជម្រាបថា ការផ្ដល់ជូនសេវាពិនិត្យសុខភាព និងព្យាបាលជំងឺនេះ មានតែនៅមន្ទីរពេទ្យ និងមណ្ឌលសុខភាពជារបស់រដ្ឋតែប៉ុណ្ណោះ ចំណែកគ្លីនិក និងមន្ទីរពេទ្យឯកជន មិនមានផ្ដល់សេវាទាំងនេះឡើយ៕