(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានអះអាងថា សមិទ្ធផលប្រាក់បៀវត្សរ៍របស់ កម្មករ-និយោជិតនៅក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើងកម្ពុជា ដែលមានការកើនឡើងដូចសព្វថ្ងៃនេះ មិនមែនកើតឡើងតាមការទាមទារ របស់គណបក្សប្រឆាំងនោះទេ ប៉ុន្តែជាការខិតខំយ៉ាងខ្លាំងបំផុតពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកំពស់ជីវភាពរបស់កម្មករ។ (សូមស្តាប់ប្រសាសន៍សម្តេច)
ការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ដល់កម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេស នាសង្កាត់កំបូល ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោមការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតបានកើនឡើងជាបន្តបន្ទាប់ពី៤០ដុល្លារ នៅឆ្នាំ១៩៩៧ រហូតដល់ ១៥៣ដុល្លារនៅឆ្នាំ២០១៧ ហើយនឹងប្រាក់អត្ថប្រយោជន៍ដទៃទៀត ដែលកម្មករបានទទួលក្នុងរង្វង់១៧០ ទៅ១៨០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយ។ ចំណែកគណបក្សប្រឆាំងវិញ គ្រាន់តែឃោសនាកេងយកចំណេញនយោបាយតែប៉ុណ្ណោះ ប៉ុន្តែពុំបានជួយអ្វីនោះទេ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «ធ្វើឯងមកទារដំឡើងប្រាក់ខែ ដើម្បីយកទឹកចិត្តកម្មករ ហើយកម្មករ កម្មការិនីរបស់យើង សូមកុំភាន់ច្រឡំ។ អ្នកដែលមានលទ្ធភាព ដើម្បីចរចាដំឡើងប្រាក់បៀវត្សរ៍ឱ្យក្មួយៗ គឺមានតែរាជរដ្ឋាភិបាលតែប៉ុណ្ណោះ គ្មានបាតដៃពួកប្រឆាំងទេ គ្មានបាតដៃបក្សដែលនៅក្រៅរដ្ឋាភិបាលទេ សូមកុំមានការ ភាន់ច្រឡំ។ មិនមែនប្រាក់ដែលក្មួយទទួលបាននេះ កើតចេញពីការទាមទាររបស់បក្សប្រឆាំងទេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រៅពីការគិតគូរដំឡើងប្រាក់ខែដល់កម្មករ និយោជិត នៅក្នុងប្រទេស រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ សម្របសម្រួលដើម្បីឱ្យពលករបានធ្វើការនៅក្រៅប្រទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បាន និងកំពុងខិតខំដោះស្រាយបញ្ហារបស់ពលករខ្មែរនៅក្រៅប្រទេស ក្នុងនោះក៏មានបញ្ហាមិនស្របច្បាប់របស់ពលករខ្មែរនៅប្រទេសថៃផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ខ្ញុំចង់ផ្តាំផ្ញើដល់ កម្មករ កម្មការិនីខ្មែរ ដែលកំពុងធ្វើការងារនៅក្រៅប្រទេស ដែលមកដល់ពេលនេះ តួរលេខប្រមាណជាង១លាននាក់ ក្នុងនោះមាននៅប្រទេសថៃ កូរ៉េ ម៉ាឡេ និងជប៉ុន ទើបនឹងមាន៥ពាន់នាក់ ដែលយើងនឹងខិតខំពង្រីកបន្ថែម។ សូមក្មួយៗធ្វើការនៅក្រៅប្រទេស យល់ឱ្យបាន មិនមែនជាបញ្ហាដោយឡែករបស់ក្មួយៗទេ។ បើគ្មានការខិតខំពីរាជរដ្ឋាភិបាល គឺក្មួយៗគ្មានភ័ព្វសំណាង នៅក្នុងប្រទេសគេដោយមិនស្របច្បាប់នោះទេ។ គេបានដឹកចេញម្តងរួចទៅហើយ រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងខ្លាំងណាស់ដើម្បីបង្កើតលក្ខខណ្ឌ ស្របច្បាប់ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ការងារ នៅក្នុងប្រទេសថៃ នៅក្នុងប្រទេសម៉ាឡេស៊ី។ ដោយឡែកនៅប្រទេសកូរ៉េខាងត្បូងយើងចរចា ទៅពេលណាក៏ខ្ញុំសុំគេដែរ។ ជប៉ុន យើងបានបញ្ជូនទៅ ៥ពាន់នាក់រួចទៅហើយ» ។
សម្តេចបន្តថា «យើងត្រូវបន្តខិតខំសម្រួលដល់កម្មកររបស់យើង នៅក្នុងប្រទេសថៃ បានទទួលនូវសិទ្ធិស្របច្បាប់ ដើម្បីបន្តការងារនៅទីនោះ ហើយខិតខំបង្កើតការងារនៅក្នុងស្រុក និងលើកកម្រៃការងារនៅក្នុងស្រុក ដើម្បីឱ្យបងប្អូនទាំងនោះ អាចវិលត្រឡប់មកមានការងារធ្វើនៅក្នុងស្រុកឯណេះវិញ»៕