(ភ្នំពេញ)៖ អ្នកបើកបរថយន្តម៉ាកសាំយ៉ុង១គ្រឿង បានរត់គេចខ្លួនបាត់ភ្លាមៗ បន្ទាប់ពីបើកលឿនពេក ហើយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកឡើងសួនច្បាររង្វង់មូលស្ពាន ព្រែកព្នៅ បណ្ដាលឲ្យបែកកង់ទៅមុខលែងរួច ស្រាប់តែបែកធ្លាយដឹកឈើ ប្រណិតយ៉ាងច្រើន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការត្រួតពិនិត្យ និងរាយការណ៍បន្តជូន សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ដើម្បីមានវិធានការអន្តរាគមន៍ស្ទូចយករថយន្ដទៅរក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើព្រែកព្នៅ។
ករណីនេះបានកើតឡើង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវអូឌឹមកប់ស្រូវ ត្រង់ចំណុចរង្វង់មូល ស្ពានលោកឧកញ៉ា លី យ៉ុងផាត់ ត្រើយខាងលិច ស្ថិតក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងផងដែរថា មុនកើតហេតុ គេបានឃើញរថយន្ដបង្កខាងលើ ដឹកឈើធ្នង់ចេញមកពីខេត្តពោធិ៍សាត់ ក្នុងបំណងចូលមកកាន់រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈមកដល់ចំណុចខាងក្រោមស្ពានលោកឧកញ៉ាលីយ៉ុងផាត់ ក៏បានបទស្តាំចូលផ្លូវអូឌឹមកប់ស្រូវ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿងយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុល ទៅបុកខឿន ឡើងទៅលើសួនច្បាររង្វង់មូល បណ្ដាលឲ្យបែកកង់មុខ ផ្នែកខាងឆ្វេង រួមទាំងបែកកាទែរហូរប្រេងម៉ាស៊ីនទៅមុខលែង រួចតែម្ដង។
រថយន្តដែលបើកបរលឿនខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យជ្រុលចង្កូតទៅបុកឡើងសួនច្បាររង្វង់មូលស្ពាន លោកឧកញ៉ាលីយ៉ុងផាត់ បណ្ដាលឲ្យបែកកង់ ទៅមុខលែងរួច ស្រាប់តែបែកធ្លាយដឹកឈើប្រណិតយ៉ាងច្រើនខាងលើនេះ ត្រូវបានគេស្គាល់ថា ម៉ាកសាំយ៉ុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-7943 ដោយបានដឹកឈើប្រណិតប្រភេទធ្នង់ខុសច្បាប់ ដល់ទៅ១៧កំណាត់មានទម្ងន់ ប្រហែលជា១៩,២៨ ម៉ែត្រគូប (ពោលជិត២ម៉ែត្រគូប)។ ឯអ្នកបើកបរវិញ បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ បន្ទាប់ពីកើតហេតុភ្លាមៗ ខណៈម្ចាស់ឈើប្រណិត មិនឃើញចេញមុខមកដោះស្រាយនោះទេ ព្រោះខ្លាចជាប់ខ្នោះ។
បច្ចុប្បន្ន ឈើប្រណិតជាច្រើន នៅក្នុងរថយន្ដសាំយ៉ុង១គ្រឿងខាងលើ ត្រូវបាន សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ ស្ទូចយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅ ដើម្បីបន្តអនុវត្តតាមនិតិវិធី៕