(កំពង់ឆ្នាំង)៖ អំពើឃាតកម្មដ៏សាហាវយង់ឃ្នងសម្លាប់ប្រពន្ធ រួចទម្លាក់សពចូលទៅក្នុងអណ្តូងទឹក កាលពីចុងខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ស្ថិតនៅភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំ រហូតមកដល់ពេលនេះ ត្រូវបានបែកធ្លាយដោយជនដៃដល់បានធោ្លយមាត់ និយាយប្រាប់គេ ត្រូវបានគេរាយការណ៍ទៅសមត្ថកិច្ច ហើយឈានទៅដល់ការចាប់ខ្លួន បន្ទាប់ពីស្រាវជ្រាវ​យ៉ាងយកចិត្តទុកដាក់នោះ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី ឡុច សុវណ្ណរ៉ា បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះថា ជនសង្ស័យត្រូវបានសមត្ថកិច្ចសរប់លោក ឃាត់ខ្លួនកាលពិល្ងាចម្សិលមិញ និងនៅពេលនេះខាងអធិការស្រុក កំពុងកសាងសំណុំរឿងមកកាន់ស្នងការដ្ឋាននគរបាលខេត្ត រួចបញ្ជូនបន្តទៅតុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា ជនសង្ស័យ ជុច អេត អាយុ៤៥ឆ្នាំ មុខរបរកសិករ បានឈ្លោះទាស់ទែងជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ អែល គឹមស៊ីម អាយុ៤៣ឆ្នាំ មុខរបរជាគ្រូគង្វាល សាសនាគ្រឹស្តប្រចាំនៅក្នុងភូមិ ហើយពេលដែលឈ្លោះគ្នានោះ ជនដៃដល់បានជ្រុលដៃវាយប្រពន្ធបណ្តាលឲ្យស្លាប់ រួចហើយក៏ទម្លាក់សពប្រពន្ធទាំងមូល ចូលទៅក្នុងអណ្តូងទឹកកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីបំបាត់ភស្តុតាង នៃអំពើឃាតកម្មដែលខ្លួនបានប្រព្រឹត្តនេះ។

លោកឧត្តមសេនីយ៍ស្នងការខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កាបែកធ្លាយនៃអំពើឃាតកម្មនេះ បានកើតឡើងដោយសារតែជនសង្ស័យចង់យកប្រពន្ធ​មួយទៀត ហើយត្រូវបានភាគីខាងស្រី ជជីកសួរនាំថា ប្រពន្ធទៅឯណាស្រាប់តែរូបគេធ្លោយមាត់ប្រាប់ថា ប្រពន្ធត្រូវបានខ្លួនសម្លាប់ចោលបាត់ទៅហើយ​ទើបគេរាយការណ៍ទៅសមត្ថកិច្ច ចុះមកស៊ើបអង្កេតហើយរកឃើញការពិតតែម្តង។

លោកឧត្តមសេនីយ៍ស្នងការ ឡុច សុវណ្ណរ៉ា បានបន្តថា ក្រោយសម្លាប់ស្រ្តីរងគ្រោះរួច ជនសង្ស័យរូបនេះតែងតែដើរប្រាប់គេឯងថា ប្រពន្ធរបស់ខ្លួនរត់ តាមប្រុសបាត់ទៅហើយសូម្បីតែកូនៗ ទាំង៣នាក់ ខ្លះធ្វើការនៅភ្នំពេញទៀតនោះ ក៏ជឿតាមសម្តីរបស់ឪពុកខ្លួនឯងផងដែរ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយពីជជីកសួរនាំ ជនសង្ស័យរួចមក សមត្ថកិច្ចបានទៅជីកអណ្តូងឃើញឆ្អឹងស្រ្តីរងគ្រោះពិតប្រាដមែន និងបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕