(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានបង្ហាញប្រតិកម្មទៅនឹងការលើកឡើងរបស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោក ផៃ ស៊ីផាន បានប្រកាសថា ការលើកឡើងរបស់ លោកស្រី រ៉ូណា ស្មីត ដែលថា «កម្ពុជាខិតទៅរកស្ថានភាពគ្រោះថ្នាក់ ដោយមានការគំរាមកំហែង» នោះ គឺជាព័ត៌មានបំពុល ខុសពីការពិតនៅក្នុងប្រទេសកម្ពុជា។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលិខិតចំហររបស់ លោក ផៃ ស៊ីផាន៖
«ថ្វាយប្រគេន ព្រះថេរានុថេរៈ ជាទីសក្ការៈគ្រប់ព្រះអង្គ និង គោរពជម្រាបជូនប្រិយមិត្ត FBFs និងបងប្អូនជនរួមជាតិជាទីមេត្រី ឆ្លើយតប និងអ្នកសារព័ត៌មាន ចំពោះការលើកឡើងរបស់ លោកស្រី រូណាស្មីត ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា ដែលថាកម្ពុជា «ខិតទៅរកស្ថានភាពគ្រោះថ្នាក់ ដោយមានការគំរាមកំហែង» ខ្ញុំមានសេចក្តីសោកស្តាយយ៉ាងក្រៃលែង និងភ្ញាក់ផ្អើលជាទីបំផុតចំពោះការលើកឡើង ដែលជាវាក្យស័ព្ទវាយប្រហារ និងបំពុល ដែលលោកស្រីជាដៃគូអភិវឌ្ឍន៍ និងពង្រឹងវិស័យសិទ្ធិមនុស្ស ដើម្បីផលប្រយោជន៍កម្ពុជា ហើយក៏ជាវាក្យស័ព្ទ យុទ្ធសាស្រ្តព័ត៌មានបំពុល ដែលខុសពីការពិតនៅកម្ពុជា។
ខ្ញុំចាំបានថា៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងការណ៍ទៅកាន់អង្គប្រជុំអង្គការសហប្រជាជាតិ ដែលលោកថ្លែងថា «លទ្ធិប្រជាធិបតេយ្យល្អឥតខ្ចោះ មិនអាចកើតឡើងទៅបានទេ នៅពេលដែលអ្នកប្រឆាំងទាំងនោះប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងធ្ងន់ធ្ងរ»។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបកស្រាយ និងច្រានចោលនូវអំណះអំណាង ដែលចោទថាគណបក្សប្រជាជនកម្ពុជា កំពុងព្យាយាមវាយបំបាក់គណបក្សប្រឆាំង និងអ្នករិះគន់ផ្សេងៗទៀតមុនការបោះឆ្នោត ឃុំសង្កាត់ នៅឆ្នាំក្រោយ និងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០១៨។
ការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក កាលពីពេលនោះ បានដាស់ស្មារតីប្រជាជាតិ ជាសមាជិកឱ្យយល់ពីស្ថានភាពជាក់ស្តែងពិតប្រាកដ ចំពោះ ការញុះញុង់ ឱ្យប្រជាជាតិទាំងអស់ មើលឃើញកម្ពុជាអវិជ្ជមាន និងខ្មៅងងឹតដែល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា «នៅលោកខាងលិច អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ប្រព័ន្ធផ្សព្វផ្សាយខ្លះ និងរដ្ឋាភិបាលខ្លះ តែងតែចាត់ទុកភាពខ្សោយរបស់យើងជាស្ថានភាពមិនអាចទទួលយកបាន»។ ក៏ប៉ុន្តែការចោទប្រកាន់ ដោយមើលឃើញស្ថានភាពអាក្រក់របស់កម្ពុជា នៅពេលនោះ ក្លាយទៅជាឥតន័យ គឺបង្ហាញនូវការពិត ដែលជាការប្រឌិតភូតភរ បំពុលសុទ្ធសាធ អាស្រ័យ នៅពេលបច្ចុប្បន្ននេះជាក់ស្តែង ប្រទេសខាងលិចមួយចំនួន រាប់ទាំងលោកស្រី រូណាស្មីត ប្រេសិត សិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ក៏បានទទួលស្គាល់ ជាក់ស្តែងពិតប្រាកដ ពីស្ថានភាពល្អប្រសើរ នៃការបោះឆ្នោត ឃុំសង្កាត់ ក្នុងរយៈពេលកន្លងមកថ្មីៗ ដែលខុសពីអ្វី នៃការទស្សន៍ទាយ ឬព្រួយបារម្ភរបស់លោកស្រី និងក្រុមតាំងខ្លួនជាអ្នកស្រឡាញ់សិទ្ធិមនុស្ស បានធ្វើយុទ្ធនាការប្រឆាំងបំពុល ក្នុងរយៈកន្លងមក គឺមុនពេលបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់នេះ។
សួរថាតើការបោះឆ្នោតនៅកម្ពុជា ឋិតនៅលើគោលការណ៍មូលដ្ឋាននៃច្បាប់បោះឆ្នោតខ្មែរ យន្តការគ្រប់គ្រងការបោះឆ្នោត និងលទ្ធផល នៃការបោះឆ្នោត ដែលជាសិទ្ធិមូលដ្ឋាននៃការសម្រេចជោគវាសនាដោយខ្លួនឯង ដែលទទួលស្គាល់និងការពារដោយធម្មនុញ្ញអង្គការសហប្រជាជាតិ(មាត្រា១)ដែរ ឬទេ? ឬមួយក្រុមទាំងនោះយករឿងខ្មែរជាចលនា ក្នុងកិច្ចធ្វើវិទ្ធង្សនានយោបាយចាប់ជំរិតខ្មែរប្រឆាំង និងចិនដែរ ឬទេ?
ក្រុមតែងតាំងខ្លួនជាអង្គការអន្តរជាតិ ឬជាសាស្រ្តាចារ្យជំនាញអន្តរជាតិបានបង្ហាញយ៉ាងច្បាស់លាស់នូវភាពមិនសុច្ចរិត និងវិជ្ជាជីវៈរបស់ខ្លួន ព្រមជាមួយនិងផែនការសម្ងាត់ក្នុងន័យនយោបាយ ជាយុទ្ធសាស្រ្តរបស់ខ្លួន ដូចសាធារណៈមតិអាចយល់បានតាមខ្លឹមសារ នៃប្រតិកម្មឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកបានធ្វើនៅវេទិកាអង្គការសហប្រជាជាតិ។ ប្រាកដណាស់ថា គឺជាចលនាវិទ្ធង្សនាលាបព័ណ៌ និងឈ្លានពានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា គឺមិនមែនទិសដៅ នៃការពង្រឹងលទ្ធិប្រជាធិបតេយ្យ ឬការបោះឆ្នោតនោះទេ ។ ឧទាហរណ៍ ជាក់ស្តែងតាមរយៈការផ្សព្វផ្សាយរបស់ការសែត The Cambodia Dally ចុះផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០១៦ យើងបានឃើញយ៉ាងច្បាស់នូវប្រតិកម្មជាក់ស្តែង ឧទាហរណ៍៖ ចំណុចទី១ លោក នីកូឡាស អាហ្គោស្ទីនី (Nicolas Agostini) តំណាងសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ(International Federation For Human Rights) ប្រចំាអង្គការសហប្រជាជាតិបានលើកឡើងថា ការនិយាយការពាររបស់កម្ពុជាប្រឆាំងការរិះគន់ពីអន្តរជាតិកំពុងតែហាក់បីដូចជាមានភាពស្រដៀងគ្នាកាន់តែខ្លាំងឡើងៗទៅនឹងប្រទេសចិនដែលឥឡូវជាអ្នកផ្តល់ផលប្រយោជន៍បរទេសធំបំផុតរបស់ខ្លួន។ ចំណុចតី២ លោក នីកូឡាស អាហ្គោស្ទីនី បានលើកឡើងតាមរយៈអ៊ីម៉េលមួយថា «ការឆ្លើយតបរបស់កម្ពុជា ចំពោះការរិះគន់ពីអន្តរជាតិកំពុងតែផ្អែកកាន់តែខ្លាំងឡើងៗលើការច្រានចោលការជ្រៀតជ្រែកស្តង់ដាពីរ និង ការធ្វើឲ្យរឿងអ្វីមួយក្លាយជារឿងនយោបាយ»។ ទាំងនេះជាសញ្ញាបង្ហាញពីទំនាក់ទំនងការទូតជាមួយចិន។ ក្នុងនោះយើងអាចនិយាយបានថា ចិនមានឥទ្ធិពលលើទំនាក់ទំនងអន្តរជាតិរបស់គណបក្សប្រជាជនកម្ពុជា។ ចំណុចទី៣ លោកហ្វីល រ៉ូបឹតសុន ( Phil Robertson) អនុប្រធានអង្គការឃ្លាំងមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ី ក៏បានលើឡើងផងដែរថា ការច្រានចោលរបស់រដ្ឋាភិបាលចំពោះគំនិតរបស់លោកខាងលិចអាចមើលឃើញថា ជាការទោរទន់ទៅរកដ្ឋាភិបាលក្រុងប៉េកាំង។
អាស្រ័យហេតុដូចនេះ ទាំងបីចំណុចខាងលើ គឺបានបង្ហាញយ៉ាងច្បាស់ណាស់នូវ ធាតុដែលមិនមែនជាការពិត នៃការព្រួយបារម្ភ អំពីលទ្ធិប្រជាធិបតេយ្យខ្មែររបស់អ្នកទាំងនោះទេ គឺគេបន្លំយកបញ្ហាសិទ្ធិមនុស្ស និងបរិបថកម្ពុជាជាឈ្នាន់ នៃសង្រ្គាមចិត្តសាស្រ្តគៀងគរ ដើម្បីរុញកម្ពុជាឱ្យធ្លាក់ទៅក្នុងកលនយោបាយប្រឆាំង និងចិន ដែលកម្ពុជា ជារដ្ឋឯករាជ្យ និងប្រកាន់មិនចូលបក្សសម្ព័ន្ធណាមួយ ឬជាអាយ៉ងឋិតនៅក្នុងភូមិសាស្រ្តនយោបាយ នៃបន្ទុកការពារផលប្រយោជន៍ក្រុមណាមួយនោះ។
ដូចនេះ ការលើកឡើងនូវអ្វីដែលគេតាំងខ្លួនជាអ្នកស្រឡាញ់សិទ្ធិមនុស្សនៅកម្ពុជា គឺគ្រាន់តែសំបកក្រៅ ដើម្បីធ្វើវិទ្ធង្សនានយោបាយប្រឆាំង និងប្រជាជាតិណាដែលមិនមែនជាសម្ព័ន្ធមិត្ត របស់គេតែប៉ុណ្ណោះ។ គេមិនគួរជ្រើសរើសយកកម្ពុជា ជាទិសដៅ ក្នុងកិច្ចធ្វើវិទ្ធង្សនាអន្តរជាតិឱ្យក្លាយទៅជាសមរភូមិ ក្នុងការប្រឆាំង និងមហាអំណាចដទៃទៀត ដូចគ្រាដើម នៃទសវត្សឆ្នាំ ៦០-៧០ ។ នេះជាមេរៀន ដ៏សែនខ្លោចផ្សាដែលខ្មែរត្រូវតែចងចាំ ហើយខ្មែរត្រូវចាត់រាល់វិធានការក្នុងកិច្ចការពារផលប្រយោជន៍ និងភាពសុខសាន្តរបស់ខ្មែរ រាល់គ្រប់វិធាន និងទិសដៅ។
តើលោកស្រី រូណា ស្មីត ស្ថិតនៅជាមួយក្រុម ដែលមាននិនា្នការប្រឆាំង និងផលប្រយោជន៍ខ្មែរ និងអធិបតេយ្យខ្មែរ ដែលយកបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីបង្កើតជំរុញឱ្យខ្មែរក្លាយជាអ្នកប្រឆាំង និងប្រជាជាតិចិន? ដោយបីបាច់ថែរក្សាក្រុមប្រឆាំង ជាកម្លាំងនៅនឹងកន្លែង តាមយុទ្ធនាការសង្រ្គាមចិត្តសាស្រ្ត សង្រ្គាមមនោគមវិជ្ជា ដោយយកមួកអង្គការសហប្រជាជាតិ ជាខែលបិទបាំងដែរនោះ ឬទេ? នេះជាចម្ងល់យ៉ាងខ្លាំង? ជាបទពិសោធន៏ពិភពលោក អង្គការត្រួតពិនិត្យអន្តរជាតិក្នុងវិស្ស័យសារធាតុគីមីប្រល័យលោកមួយក្រុម ដែលគាំទ្រនិងសហការដោយអង្គការសហប្រជាជាតិ បានវាយតម្លៃ និងចោទប្រទេសអ៊ីរ៉ាក់ ថាមានអាវុធប្រល័យលោក ហើយបើកឱកាសឱ្យប្រទេសលោកខាងលិចវាយកម្ទេច សម្លាប់ប្រជាពលរដ្ឋអ៊ីរ៉ាក់ដោយសេរី។ តើអ្នកឈ្លានពានទាំងអស់នោះ មានវិប្បដិសារី និងទទួលខុសត្រូវទេ ដែលក្រុមគេពុំអាចរកឃើញសារជាតិអាវុធប្រល័យលោក ក្រោយពីការឈ្លានពាន ក្រៅពីអតីតនាយករដ្ឋមន្ត្រី អង់គ្លេស បានសារភាពអំពីការឈ្លានពាន ដោយរកមិនឃើញអាវុធប្រល័យលោក?។
ចំពោះការលើកឡើងរបស់លោកស្រី រ៉ូណា ស្មីត ចោទថារដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ជាច្រើន ដើម្បីដាក់កម្រិតការរិះគន់ និងកាត់បន្ថយការពិភាក្សាដេញដោល សំណើរនយោបាយ នេះជាការលើកឡើងដោយប្រមាថ និងវាយប្រហារមកលើកម្ពុជាទាំងស្រុង គឺលោកស្រី ធ្វើមិនដឹងការពិត ក្រៅពីគោលដៅនៃការលាបព័ណ៌ ។
សម្តេចតេជោ បានបង្កើ្តតវប្បធម៌សន្ទនា ឬពិភាក្សាជាមួយគណបក្ស ដែលតំាងខ្លួនជាគណបក្សប្រឆំាង តើអ្នកណាជាអ្នកជំរុញក្នុងទិសដៅ នៃការលើកតម្កើងការពិភាក្សាដេញដោលអំពីនយោបាយ របស់គណបក្សដែលមានអាសនៈនៅក្នុងសភា។ តើគណបក្សតាំងខ្លួនប្រឆាំង ក្រៅពីពហិកា?បានអនុវត្តន៍ស្មារតីនោះទេ! មានឆន្ទៈទេ! 1
វេទិកាថ្មីមួយទៀតដែលផ្តល់ឱកាសដល់អ្នកនយោបាយគ្រប់រូបនិងគណបក្សនយោបាយ នៅក្រៅសភា បើកទូលាយអាចបញ្ជេញយោបល់ និងពិភាក្សាដើម្បីប្រយោជន៍រួម គឺបានបង្កើតនៅរាជបណ្ឌិត្យសភា ក្នុងន័យបង្កើនភាពចូលរួម គុណភាព និងប្រសិទ្ធិភាពការងារសង្គម និងនយោបាយ។ មន្រ្តីច្រើនណាស់បានធ្វើការ ដោយមិនគិតការនឿយហត់ នៅក្នុងរដ្ឋាភិបាល និងធានាការផ្លាស់ប្តូរដោយសន្តិវិធីពីជម្លោះ នេះជាលើកឡើងរបស់លោកស្រី ក្នុងន័យក្នុងការណែនំាក្នុងទិសដៅជ្រៀតជ្រែកបំបែកបំបាក់មន្ត្រីក្នុងជួររាជរដ្ឋាភិបាល ដែលជាស្មារតីដ៏សែនអាក្រក់។ លោកស្រី បាននិយាយ និងបង្ហាញពីបំណងច្បាស់លាស់នូវការប្រើប្រាស់ពាក្យ «ធានាការផ្លាស់ប្តូរដោយសន្តិវិធី...» តើមានន័យយ៉ាងដូចម្តេចដែរ (ក្នុងការផ្លាស់ប្តូរនេះ)។ លោកស្រីបានចោទថា «រដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ជាច្រើនដើម្បីដាក់កំរិតការរិះគន់ និងកាត់បន្ថយការពិភាក្សាអំពីនយោបាយ» ការលើកឡើងរបស់លោកស្រីនេះ គឺជាការចោទប្រកាន់ គ្មានមូលដ្ឋានពិតនោះឡើយ។ការប្រើប្រាស់ច្បាប់ជាគោលការណ៍នីតិរដ្ឋ សូមលោកស្រីលើកករណីណាមួយឱ្យបានច្បាស់លាស់ ជាក់ស្តែងជាជាងវាយប្រហារជាទូទៅ។ ត្បិតតុលាការ អាចចាត់វិធានការបាន គឺអាស្រ័យដោយ អង្គហេតុ អង្គច្បាប់ជាមួយនិងនីតិវិធី របស់ខ្លួនទៅលើ ការញុះញង់ តាមរយៈការចោទរាជរដ្ឋាភិបាល ឬនាយករដ្ឋមន្ត្រី គ្មានមូលដ្ឋាន ដែលប៉ះពាល់ ដល់សន្តិសុខជាតិ សូម្បីតែសហរដ្ឋអាមេរិក ដែលជាស្រុកទេសរបស់លោកស្រីគេក៏ចាត់វិធានការដូចនេះដែរ ។
ចំពោះចំណុចថា «ប្រទេសកម្ពុជាគួរជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស….» ដែលលោកស្រីបានលើកឡើងមកនេះ គឺលោកស្រីទេ ដែលមិនបានឱ្យតម្លៃ ដល់ឆន្ទៈនៃការប្រឹងប្រែង ពង្រីកនិង ពង្រឹងគោលការណ៍នេះ ។ គួរឱ្យសោកស្តាយណាស់ ដែលបរទេស តែងតែអៈអាងថាខ្លួនជាគ្រូ និងមានថ្វីដៃ លើវិស័យនេះ។ គឺប្រជាពលរដ្ឋខ្មែរខ្លួនឯងទេ ដែលបានធ្វើឱ្យចលនានេះ ផុសឡើង ដើម្បីជាប្រយោជន៍របស់កម្ពុជា សុទ្ធសាធ មិនមែនជារបស់លោកខាងលិច ឬ លោកខាងកើតនោះទេ ឧទាហរណ៍ជាក់ស្តែងបរទេសបានជំរុញ និងទទួលបរាជ័យ ក្នុងរយៈកន្លង ដែលលោកស្រីគួរតែស្វែងយល់។ គឺពីរជំនាន់រួចមកហើយ នៅក្នុងសម័យកាលសម្តេចព្រះមហាវីរៈក្សត្រ ព្រះបាទ នរោត្តមសីហនុ និងសម័យរដ្ឋប្រហារអព្យាក្រឹត្យភាពកម្ពុជា ឆ្នាំ១៩៧០ ហេតុដូចនេះ សូមកុំលួចស្នាដៃ និងមោទនភាពរបស់ខ្មែរ ហើយតាំងខ្លួនជាគ្រូឱ្យសោះ។
កម្ពុជា មានវប្បធម៌ រួមគ្នាក្រោមការដឹកនាំ របស់ព្រះមហាក្សត្រតែមួយព្រះអង្គ ឬមេតែមួយ ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងយល់ច្បាស់លាស់ ពីវប្បធម៌សេរីពហុបក្សនេះ។ វប្បធម៌សេរីពហុបក្សនេះ មិនថ្មីសម្រាប់យើងទេ ក៏ប៉ុន្តែការរៀបចំឱ្យដំណើរការ ឱ្យបានត្រឹមត្រូវ និងរឹងមាំ គឺអាស្រ័យដោយការពង្រឹងនីតិរដ្ឋ និង កម្ចាត់និទណ្ឌភាពនេះតែម្តង ព្រមជាមួយការប្រាស់ចាកពីការលូកលាន់របស់បរទេស។ ហេតុដូចនេះ របបនេះ គឺដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ឆ្លើយតប និងខ្លឹមសារ នៃច្បាប់ដែលបានចែង។ ទោះបី នៅក្នុងស្រុករបស់លោកស្រី ក៏មានការអនុវត្ដយ៉ាងមធ្យ័តផងដែរ។ នេះជាកាតព្វកិច្ច របស់រដ្ឋ ដើម្បីធានាសណ្តាប់ធ្នាប់ លោកស្រីពិចារណាមើល នៅពេលដែលលោកស្រីចុះមកស្រុកខ្មែរម្តងៗ តើមានអារម្មណ៍អាក្រក់ដូចកាលកម្ពុជា នៅក្រោមការគ្រប់គ្រងរបស់ UN នៅពេលដែលមានរថយន្តផ្លាក UN មានប្រមោយអង់តែនច្រងេងច្រងាង បោលពាសពេញផ្លូវរាជធានីនោះទេ។ នេះជាស្នាដៃរបស់រាជរដ្ឋាភិបាល ដែលលោកស្រីត្រូវតែគោរព និងចងចាំជាដាច់ខាត។ ចំពោះការភិតភ័យរបស់លោកស្រី រ៉ូណា ស្មីត និងក្រុមសម្ព័ន្ធរបស់លោកស្រីនោះ គឺគេយល់ច្បាស់ណាស់ តាមសម្លេងសន្លឹកឆ្នោត កើនឡើងរបស់គណបក្សប្រជាជនកម្ពុជា កាលពីរយៈកន្លងមកនេះ ដែលគេអាចជឿជាក់ថាប្រជាពលរដ្ឋនៅតែបន្ត គាំទ្ររាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ និងគណបក្សប្រជាជន ដែលមានសមត្ថភាព និងស្នាដៃ ជាក់ស្តែង នោះរាប់ទាំងកិច្ចការពារទឹកដី សេដ្ឋកិច្ចកើនឡើង និងវិស័យសង្គម កាន់តែប្រសើរ និងរបស់ជានិច្ចកាលជាមួយមហាជនជាពិសេសយុវជនរបស់យើង។ ដូចនេះ អ្នកដែលនៅមាត់ជ្រោះនោះ គឺក្រុមរបស់លោកស្រី តែម្តង មិនមែនកម្ពុជាទេ។
គណបក្ស និង ក្រុមតាំងខ្លួនប្រឆាំង រាជរដ្ឋាភិបាល ឬ គណបក្សប្រជាជនទេ ដែលកំពុងស្ថិតនៅមាត់ជ្រោះ នេះជាការប៉ានស្មានរបស់លោកស្រី ដែលអ្នកទាំងនោះ នឹងបែកបាក់ជាប្រព័ន្ធ ។ ហើយការយកប្រធានបទសិទ្ធិមនុស្ស ឬ ប្រជាធិបតេយ្យជាលេស បំផ្លាញកម្ពុជានោះ ប្រជាពលរដ្ឋខ្មែរ ដឹង និងយល់ច្បាស់អស់ហើយ»៕