(ភ្នំពេញ)៖ ក្រុមហ៊ុន Microsoft បាននាំយកកម្មវិធីសិក្សាលំដាប់អន្ដរជាតិ វគ្គបណ្ដុះបណ្ដាល Hour of Code ឬហៅថាជំនាញសសេរកូដកុំព្យូរទ័រ មកបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស ដែលរស់នៅលើអតីតគំនរសម្រាមស្ទឹងមានជ័យ ដែលបច្ចុប្បន្នកំពុងសិក្សា នៅសាលាបឋមសិក្សានីសិនក្រីប ស្ទឹងមានជ័យ ឬមូលនិធិកុមារកម្ពុជា (CCF)។
ការនាំយកនៅ កម្មវិធីសិក្សាលំដាប់អន្ដរជាតិ ផ្ដល់ជូនដល់សិស្សក្រីក្រ ក្នុងតំបន់ស្ទឹងមានជ័យនេះ ធ្វើឡើងដើម្បីពង្រីកចំណេះដឹងផ្នែកឌីជីថល ទៅដល់សិស្សានុសិស្ស ហើយនេះគឺជាគំនិតផ្ដួចផ្ដើម ជាសាកលមួយដើម្បីបង្កើលទ្ធភាព និងបណ្ដុះបណ្ដាលជំនាញ ចំណេះដឹងដល់សិស្សក្រីក្រទាំងនេះ ដើម្បីប្រកបរបចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ និងអាចជួយបណ្ដុះបណ្ដល ដល់សិស្សជំនាន់ក្រោយទៀតបាន។
អ្នកស្រី Marija Ralic អ្នកគ្រប់គ្រងកម្មវិធីក្រុមមនុស្សធម៌ ប្រចាំតំបន់អាស៊ីបានថ្លែងឲ្យដឹងថា ដើម្បីអបអរសារទរភាពជាដៃគូនៃកម្មវិធី YouthSpark រវាងក្រុមមនុស្សធម៌មកពី Microsoft និងអង្គការ CCF អង្គការ CCF នឹងរៀបចំកម្មវិធីបណ្ដុះបណ្ដាល Hour of Code ដែលនឹងប្រព្រឹត្តឡើនៅមណ្ឌលអប់រំ វិទ្យាសាស្រ្ដ បច្ចេកវិជ្ជា វិស្វកម្ម និងគណិតវិទ្យា ថ្មីរបស់អង្គការ CCF។
អ្នកស្រីបានថ្លែងឲ្យដឹងទៀតថា Microsoft មានបេសកកម្មផ្តល់សិទ្ធិអំណាចដល់មនុស្សគ្រប់រូប និងអង្គការទាំងអស់នៅលើភព ផែនដីដើម្បីសម្រេចសមិទ្ធិផល បានកាន់តែច្រើនថែមទៀត។ សម្រាប់កម្មវិធី YouthSpark គឺជាគំនិតផ្ដួចផ្ដើមជាសាកលមួយដើម្បីជាសកលមួយដើម្បីបង្កើនលទ្ធភាព សម្រាប់យុវជនគ្រប់រូប ក្នុងការរៀនជំនាញឌីជីថល ជាពេសេសវិទ្យាសាស្រ្ដកុំព្យូទ័រ ដែលផ្ដល់សិទ្ធិអំណាចដល់ពួកគេខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេផងដែរ។
អ្នកស្រីបញ្ជាក់ទៀតថា Microsoft បានធ្វើការជាមួយអង្គការដៃគូ មិនរកប្រាក់ចំណេញដូចជា អង្គការ CCF ដើម្បីធ្វើឲ្យយុវជនគ្រប់រូបនៅទូទាំងពិភពលោក អាចមានលទ្ធភាពប្រើប្រាស់ ជំនាញឌីជីថលបាន។
កម្មវិធីសិក្សាផ្នែកចំណេះដឹង ឌីជីថលរបស់Microsoft មានចំនួនប្រាំវគ្គសិក្សារួមមាន មូលដ្ឋានគ្រឹះកុំព្យូទ័រដោយប្រើប្រាស់កម្មវិធី អ៊ីនធឺណិតនិងផលិតភាព សុវត្ថិភាពនិងឯកជនភាព និងការប្រើប្រាស់បច្ចេកវិជ្ជាក្នុងជីវភាពប្រចាំថ្ងៃ។
តាមរយៈជំនួយឥតសំណងពី Microsoft កម្មវិធីសិក្សានេះ កំពុងត្រូវបានបកប្រែជាភាសាខ្មែរ ដើម្បីចែកចាយដល់សាលារៀន និងអង្គការផ្សេងទៀតប្រើប្រាស់ ជាពិសេសកម្មវិធីសិក្សានេះ មានតម្រូវការជាចាំបាច់នៅតាមបណ្តាខេត្តនានា ដែលអ្នកចេះភាសាអង់គ្លេស មានកម្រិតទាបជាងរាជធានីភ្នំពេញ។
អ្នកស្រី ក្រាម សុខចាន់នីន ប្រធានគ្រប់គ្រងកម្មវិធីអប់រំបានឲ្យដឹងដែរថា សិស្សដែលនឹងអាចចូលសិក្សា វគ្គបណ្ដុះបណ្ដាល Hour of Code ដែលផ្ដោតសំខាន់ទៅលើសិស្សក្រីក្រ ដែលក្រុមគ្រួសាររបស់គាត់មិនមានលទ្ធភាព ឲ្យគាត់ទៅបន្ដការសិក្សា នៅសាលាខាងក្រៅ។ នៅពេលដែលបង្កើតកម្មវិធីនេះឡើង គឺយើងបានប្រមូលផ្ដុំសិស្សដែលកំពុងសិក្សា
តាំងពីថ្នាក់ទី៨ដល់ថ្នាក់ទី១២ ដែលឲ្យពួកគាត់មករៀននៅទីនេះ។
សូមបញ្ជាក់ថា សាលាបឋមសិក្សានីសិក្របី និងសាលារៀននៅសហគមន៍ចំនួនប្រាំ កន្លែងរបស់អង្គការ CCF បច្ចុប្បន្ននេះផ្តល់ការអប់រំកុំព្យូទ័រ ដល់សិស្សចំនួន១៥៥០នាក់ តាមរយៈជំនួយឥតសំណង នៃគម្រោង YouthSpark៕