(តាកែវ)៖ បន្ទាប់ពីមានឧត្តមសេនីយ៍ត្រីម្នាក់ បានស្នើសុំដី៣០០ហិកតាពី អាជ្ញាធខេត្តតាកែវ យកទៅចែកជូនប្រជាពលរដ្ឋ និងគ្រូសារកងទ័ព គណៈកម្មាធិការមួយដែលដឹកនាំដោយ លោក អ៊ូច ភា អភិបាលរងខេត្ត ត្រូវបានបង្កើតឡើង ដើម្បីចុះទៅសិក្សាស្រាវជ្រាវឲ្យដឹងពិតប្រាកដថា តើពិតជាមានប្រជាពលរដ្ឋ និងគ្រូសារកងទ័ពអត់ដីធ្វើស្រែចំការពិតប្រាកដមែនឬយ៉ាងណា?
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ លោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានថ្លែងថា ប្រសិនបើប្រជាពលរដ្ឋ និងគ្រូសារកងទ័ពពិតជាអត់ដីធ្វើស្រែចំការ ពិតប្រាកដមែន ដូចការស្នើសុំដីសម្បទានសេដ្ឋកិច្ចចំនួន៣០០ហិតតាពីសំណាក់ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ស៊ន មេបញ្ជាការរងកងពលលេខ៣០១ អាជ្ញាធខេត្តតាកែវ នឹងដោះស្រាយជូនតាមរយៈការស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន កាត់ដីសម្បទានសេដ្ឋកិច្ចចំនួន៣០០ហិកតា យកទៅចែកជូនដល់គ្រូសារកងទ័ពទាំង៦៧គ្រូសារ និង៩៥គ្រូសារទៀតរបស់គ្រូសារអតីតយុទ្ធជននៅក្នុងខេត្តតាកែវ។
បើតាមលោកអភិបាលខេត្តតាកែវ កន្លងមកតាមរយៈអាជ្ញាធមូលដ្ឋាន ភូមិស្រែជើងរាស្រ្ត បានរាយការណ៍មកខេត្តថា ក្នុងចំណោមប្រជាពលរដ្ឋ និងគ្រូសារកងទ័ពទាំង៦៧គ្រូសារ ដែលស្នើសុំដី៣០០ហិកតា តាមរយៈលោកឧត្តមសេនីយ៍មេបញ្ជាការរងកងពលលេខ៣០១ អាជ្ញាធមូលដ្ឋាន រកឃើញមនុស្សពិតប្រាកដតែ៤គ្រូសារតែប៉ុណ្ណោះ។ ដូច្នោះដើម្បីចៀសវាងការយកប្រជាពលរដ្ឋ ឬគ្រូសារកងទ័ពធ្វើឈ្នាន់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះ គណៈកម្មាធិការដែលខេត្តបង្កើតឡើង នឹងចុះស្រាវជ្រាវស្វែងរកឲ្យឃើញ ពីប្រជាពលរដ្ឋក្រីក្រ និងគ្រូសារកងទ័ពដែលអត់ដី ហើយបើរកឃើញយ៉ាងណានោះ ត្រូវរាយការណ៍មកគណៈអភិបាលខេត្ត ដើម្បីយើងមានវិធានការណ៍បន្តទៀត។
លោកអភិបាលខេត្តតាកែវបានបន្តទៀតថា គណៈកម្មាធិការដែលខេត្ត បានបង្កើតឡើងនេះ នឹងចុះត្រួតពិនិត្យមើលពីក្រុមហ៊ុនពីរ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ពីរាជរដ្ឋាភិបាល រាប់ពាន់ហិកតា ថា បានធ្វើសកម្មភាពអភិវឌ្ឍន៍លើដីទាំងអស់នោះ បានចំនួនប៉ុន្មានហិកតាចាប់តាំងពីបានទទួលសិទ្ធិអភិវឌ្ឍន៍ចាប់តាំងតែពីឆ្នាំ២០០០មក និងបានផ្ដល់ផលប្រយោជន៍អ្វីខ្លះ ដល់ប្រជាពលរដ្ឋតាមរយៈបង្កើតការងារឲ្យប្រជាជនមូលដ្ឋានមានការងារធ្វើ។
លោក ឡាយ វណ្ណៈ បានបញ្ជាក់ថា «ប្រសិនបើក្រុមហ៊ុនគ្មានសកម្មភាពអភិវឌ្ឍន៍ លើដីសម្បទាននោះទេ និយាយជារួមមិនបានអនុវត្តន៍ តាមកិច្ចសន្យាជាមួយ និងរាជរដ្ឋាភិបាល អាជ្ញាធខេត្តតាកែវ និងធ្វើសំណើរទៅប្រមុខរាជរដ្ឋាភិបាល សុំលុបកិច្ចសន្យានេះចោល ហើយកាត់ដីទាំងអស់នោះ ទុកសម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ជាពិសេសចែកជូនដល់គ្រូសារកងទ័ព និងគ្រូសារអតីតយុទ្ធជននៅក្នុងខេត្តតាកែវ»៕