(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលរង អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ តំណាងភូមិភាគពិសេសប្រចាំខណ្ឌ ការិយាល័យចំណុះ និងជំនាញនានាជុំវិញខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ស្មៀនសង្កាត់ទាំង១៣ និងនាយកសាលារៀនទាំងអស់ក្នុងខណ្ឌ។

លោក នុត ពុធដារ៉ា បានណែនាំដល់អង្គប្រជុំនូវខ្លឹមសារសំខាន់ៗ ដូចជា៖

* ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព

* បង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ប្លន់គ្រប់ប្រភេទ បទល្មើសគ្រឿងញៀន ល្បែងស៊ីសង ហ្គេមអ៊ីនធើណេត និងលុបបំបាត់ទីតាំងបញ្ចាំគ្មានលិខិតអនុញ្ញាត

* ការងារអនាម័យបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ។ លោកបានណែនាំឲ្យចៅសង្កាត់ទាំងអស់យកចិត្តទុកដាក់រៀបចំ និងណែនាំប្រជាពលរដ្ឋ ឲ្យយល់ពីការទុកដាក់សំរាម និងម៉ោងពេលបញ្ចេញសំរាម ព្រមទាំងការលក់ដូរនៅតាមដងផ្លូវសាធារណៈ ដើម្បីរក្សាបានសោភណ្ឌភាព និងរបៀបរៀបរយល្អក្នុងមូលដ្ឋាន

* ការងារទប់ស្កាត់បទល្មើសសំណង់ ការសាងសង់គ្មានច្បាប់ សាងសង់ខុសលិខិតអនុញ្ញាត និងការសាងសង់រំលោភចំណីផ្លូវសាធារណៈ ស្ទឹង បឹងប្រឡាយ និងតំបន់ហាមឃាត់របស់រដ្ឋ

* សង្កាត់ភូមិ ត្រូវបន្តបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវ ចុះជាប់ជាមួយប្រជាពលរដ្ឋ ចេះចាត់ចែងការងារដល់មន្ត្រីក្រោមឱវាទ តាមដានត្រួតពិនិត្យការងារ និងត្រូវធ្វើខ្លួនជាមន្ត្រីជើងពីរ កុំធ្វើជាមន្ត្រីជើង១០ ដើម្បីទទួលយកសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ មកដោះស្រាយឲ្យបានទាន់ពេលវេលា។

លោកអភិបាលខណ្ឌ បានប្រាប់ទៅសង្កាត់ទាំងអស់ប្តេជ្ញាចិត្តអនុវត្តឲ្យបាននូវ ការណែនាំរបស់គណៈបញ្ជាការឯកភាពខណ្ឌ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តការងារ នៅក្នុងកិច្ចប្រជុំខែបន្ទាប់៕