(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត បានចូលកាន់តំណែងអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច របស់ក្រសួងការពារជាតិជាផ្លូវការហើយ នៅរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ដោយនាយកដ្ឋាននេះ ទើបនឹងត្រូវបានបង្កើតឱ្យស្ថិតនៅក្រោមចំណុះក្រសួងការពារជាតិ។
ការប្រកាសចូលកាន់តំណែងរបស់ លោក ហ៊ុន ម៉ានិត បានធ្វើឡើងនៅក្នុងក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ នាយទាហានជាច្រើននាក់។
លោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត អាយុ៣៦ឆ្នាំ ជាកូនប្រុសទី២របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
កាលពីមុន អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ដឹកនាំដោយលោកឧត្តមសេនីយ៍ផ្កាយ៣ ម៉ល់ រឿប ប៉ុន្តែក្រោយទទួលមរណភាពនៅឆ្នាំ២០១១ ក្រសួងការពារជាតិ បានតែងតាំងនាយឧត្តមសេនីយ៍ ជា តារា ដឹកនាំ និងគ្រប់គ្រងបន្ត លុះមកឆ្នាំ២០១៥ នាយកដ្ឋានមួយនេះ ត្រូវបានផ្ទេរភារកិច្ចជូនលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ានិត ដើម្បីឲ្យដឹកនាំ និងគ្រប់បន្តវិញ៕