(ភ្នំពេញ)៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបង្កើតកម្មវិធីដ៏ពិសេសមួយសម្រាប់សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបបានប្រឡងបាក់ឌុបក្នុងពេលថ្មីៗនេះ រួមទាំងមាតាបិតា និងអាណាព្យាបាល ដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីប្រព័ន្ធអប់រំបែបអាមេរិក និងព័ត៌មានពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សា នៅសាកលវិទ្យាល័យ និងព័ត៌មានអាហារូបករណ៍និងកម្ចីសិក្សានៅ AUPP។

កម្មវិធីពិសេសនេះ ត្រូវបានគេហៅថា «ទិវាស្វែងយល់ពីមុខជំនាញសិក្សានៅ AUPP» ឬ (OPEN HOUSE 2017) ដែលនឹងប្រព្រឹត្តទៅចាប់ពីថៃ្ងទី៤ ដល់ថៃ្ងទី៨ ខែកញ្ញា ឆ្នាំ២០១៧។

សិស្សានុសិស្សដែលចូលរួម នឹងទទួលបានព័ត៌មានលម្អិតអំពីមុខជំនាញសិក្សាផ្សេងៗនៅ AUPP ដែលស័ក្តិសមនឹងសមត្ថភាព ទេពកោសល្យ ជំនាញ និងចំណេះដឹង ដែលត្រូវសិក្សានៅកម្រិតឧត្តមសិក្សា ពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និស្សិត AUPP និងតំណាងមកពីសាកលវិទ្យាល័យអារីហ្សូណារបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ សិស្សានុសិស្ស មាតាបិតា ឬអាណាព្យាបាលដែលចូលរួម មានឱកាសទៅទស្សនាអគារសាកលវិទ្យាល័យថ្មីរបស់ AUPP ដែលជាអគារសាកលវិទ្យាល័យដែលធំ ហើយប្រណីតជាងគេនៅកម្ពុជា ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ បរិក្ខារសិក្សា និងបរិក្ខាររូបវ័ន្តសំបូរបែប។

កម្មវិធី OPEN HOUSE ជាឱកាសដ៏វិសេសវិសាលសម្រាប់សិស្សានុសិស្សទី១២ ក្នុងការសម្រេចចិត្តជ្រើសរើសគ្រឹះស្ថានឧត្តមសិក្សាបែបណាដែលត្រឹមត្រូវសម្រាប់ខ្លួន ហើយផ្តល់នូវការអប់រំប្រកបដោយគុណភាព សញ្ញាបត្រមានការទទួលស្គាល់ជាសាកល និងមានឱកាសច្រើនក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិនិងអន្តរជាតិ។

AUPP ជាគ្រឹះស្ថានឧត្តមសិក្សាបែបអាមេរិកដំបូងនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យដែលផ្តល់នូវគុណភាពអប់រំខ្ពស់បំផុត។ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

សម្រាប់សិស្សានុសិស្ស មាតាបិតា និងអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធីនេះ សូមប្រញាប់រួសរាន់ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត និងកក់កន្លែងទុកមុន តាមរយៈលេខទូរស័ព្ទ ០១២-៤៣៩-៣៣៦/០២៣ ៩៩០-០២៣ ព្រោះចំនួនកន្លែងមានកំណត់។ ផុតកំណត់ការទទួលកក់កន្លែងទុកមុន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១២:០០ថ្ងៃត្រង់៕