(ភ្នំពេញ)៖ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា រថយន្ដក្រុងទំនើបៗជាច្រើនគ្រឿង របស់សាលារាជធានីភ្នំពេញ ដែលបច្ចុប្បន្នបាននិងកំពុងចរាចរដឹកអ្នកដំណើរយ៉ាងគគ្រឹកគគ្រេង ក្នុងតម្លៃត្រឹមតែ១៥០០រៀល ដោយគ្មានទីតាំងចំណតត្រឹមត្រូវនោះ នៅពេលឆាប់ៗខាងមុខនេះ ប្រាកដជាមានចំណតរថយន្ដត្រឹមត្រូវចំនួនដល់ទៅ២កន្លែងជាក់ជាមិនខាន ក្រោមការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។ មន្រ្តីជំនាញសាលារាជធានីភ្នំពេញ បានសហការជាមួយរដ្ឋបាលខណ្ឌឫស្សីកែវ ដើម្បីចុះត្រួតពិនិត្យភ្លាមៗ លើទីតាំងប្របមាត់ទន្លេ ដើម្បីអភិវឌ្ឍន៍ប្រែក្លាយបង្កើតទៅជាចំណតរថយន្ដក្រុងតែម្ដង។

លោក ប្រាជ្ញ សីហា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News បែបនេះ នៅក្នុងដំណើរដឹកនាំមន្ត្រី សហការជាមួយលោក ម៉ក់ គន្ធារី ប្រធានការិយាល័យហិរញ្ញវត្ថុ តំណាងរដ្ឋបាលរាជធានីភ្នំពេញ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន ដើម្បីចុះទៅត្រួតពិនិត្យទីតាំង ដែលត្រៀមបង្កើតជាចំណតរថយន្ដក្រុង ក្នុងពេលឆាប់ៗខាងមុខ ចំនួន២កន្លែង ដើម្បីបញ្ជៀសបាននូវការកកស្ទះចរាចរ និងជួយលើកកម្ពស់ទាំងសោភ័ណ្ឌភាពរាជធានី កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ដោយទីតាំងទី១-នៅត្រង់ចំណុចខាងមុខឃ្លាំងសាំងសូគីម៉ិច ខាងត្បូងជាប់ទីលានប្រជាធិប្បតេយ្យ និងទីតាំងទី២-មានចម្ងាយប្រហែលជិត២០០ម៉ែត្រ ពីទីតាំងទី១ប៉ុណ្ណោះ ស្ថិតនៅជួរមាត់ទន្លេ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ក្នុងសកម្មភាពសហការចុះត្រួតពិនិត្យទីតាំងគ្រោងត្រៀមអភិវឌ្ឍន៍បង្កើត ជាចំណតរថយន្ដក្រុង ក្នុងពេលឆាប់ៗខាងមុខ របស់សាលារាជធានីភ្នំពេញ ចំនួន២កន្លែងខាងលើនេះ លោក ប្រាជ្ញ សីហា បានលើកឡើងថា ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាព រាជធានីភ្នំពេញ និងកាត់បន្ថយបាននូវអត្រាកកស្ទះចរាចរ ពិសេសប្រជាពលរដ្ឋជាច្រើន បាននិងកំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះការធ្វើដំណើរ តាមរយៈការជិះរថយន្ដក្រុងទំនើបៗជាច្រើនគ្រឿង ក្នុងតម្លៃត្រឹមតែ១៥០០រៀលប៉ុណ្ណោះ របស់សាលារាជធានីភ្នំពេញ ដែលបានដាក់ឲ្យដំណើរការមួយរយៈកាលកន្លងមកនេះ ក៏ព្រោះតែមានការយកចិត្តទុកដាក់ពីសំណាក់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក៏ដូចជា រដ្ឋបាលខណ្ឌឫស្សីកែវ បានសហការចុះវាស់វែង កំណត់ព្រំប្រទល់ឲ្យបានច្បាស់លាស់ និងសម្រេចជ្រើសរើសយកទីតាំងចំនួន២កន្លែងខាងលើ ដើម្បីគ្រោងអភិវឌ្ឍន៍ ប្រែក្លាយទៅជាចំណតរថយន្ដក្រុង ដែលជាគម្រោងរបស់សាលារាជធានីភ្នំពេញ៕