(ភ្នំពេញ)៖ គណៈប្រតិភូឡាវដឹកនាំដោយ Atsphangthong SIPHANDONE អនុរដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុឡាវ បានចុះមកសិក្សាស៊ីជម្រៅ និង ដកស្រង់បទពិសោធន៍ពីការអនុវត្តគម្រោងគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា ដែលហៅកាត់ថា «ប្រព័ន្ធ FMIS»។ ដំណើរទស្សនកិច្ចសិក្សាផ្លូវរដ្ឋរយៈពេលបីថ្ងៃនេះចាប់ថ្ងៃទី២៣ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៧ ។
ថ្ងៃទី២៣ ខែសីហា ដែលជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានជួបសំដែងការស្វាគមន៍ និង ពិភាក្សាការងារជាមួយជាមួយគណៈប្រតិភូឡាវ នៅទីស្តីការក្រសួង។ ក្នុងកិច្ចពិភាក្សាការងារនោះក៏មានវត្តមានរបស់លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និង លោកស្រី Inguna Dobraja ប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជាផងដែរ។

ថ្លៃងក្នុងពិធីនេះគណៈប្រតិភូឡាវ បានលើកឡើងអំពីគោលបំណងក្នុងដំណើរបំពេញទស្សនកិច្ចសិក្សារយៈពេលបីថ្ងៃនេះ ដោយផ្តោតការយកចិត្តទុកដាក់ជាអាទិភាពក្នុងការសិក្សាស្វែងយល់ស៊ីជម្រៅ និង ដើម្បីដកស្រង់បទពិសោធន៍ទៅលើការងារសំខាន់ៗរួមមាន៖
ទី១. ការផ្ដួចផ្ដើមអនុវត្តគម្រោង FMIS, ការត្រៀមខ្លួនរៀបចំអនុវត្តគម្រោង FMIS, ការកែលម្អប្រព័ន្ធថវិកា និង ប្រព័ន្ធរតនាគារ, បញ្ហាប្រឈមរួម និង ការស្វែងយល់អំពីការបន្តដាក់ឱ្យដំណើការប្រព័ន្ធ FMIS នៅជំហានទី២។
ទី២.ការរៀបចំនីតិវិធីអនុវត្តការងារ ឬ អភិក្រមការងារសម្រាប់ការប្រើប្រាស់ប្រព័ន្ធ FMIS, ការគិតគូរអំពីការគ្រប់គ្រង ការផ្លាស់ប្តូរទាំងយុទ្ធសាស្រ្ត និង របៀបផ្លាស់ប្តូរពីការអនុវត្តការងារដោយដៃ មកអនុវត្តការងារតាមប្រព័ន្ធកុំព្យូទ័រ និង បញ្ហាប្រឈមនានាដែលក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុកម្ពុជាបានជួបប្រទះទាំងមុនពេល ក្នុងពេល និង ក្រោយពេលអនុវត្តគម្រោង FMIS ជំហានទី១។
ទី៣.សិក្សាអំពីបទពិសោធន៍ការកែទម្រង់ផ្ទាល់របស់រតនាគារជាតិ និង រតនាគារខេត្តនៅកម្ពុជា មុនពេលឈានឆ្ពោះទៅប្រើប្រាស់ប្រព័ន្ធ FMIS ពេញលេញសម្រាប់អនុវត្តការងារប្រចាំថ្ងៃ ប្រកបដោយភាពជោគជ័យនេះ។
ទី៤.ការទស្សនាផ្ទាល់កន្លែងបំពេញការងាររបស់ក្រុមការងារគម្រោង FMIS និង មជ្ឈមណ្ឌលទិន្នន័យរបស់ប្រព័ន្ធ FMIS ពិសេសពាក់ព័ន្ធនឹងនិយាមបច្ចេកទេសលើប្រព័ន្ធសុវត្ថិភាពនៃប្រព័ន្ធ FMIS របស់កម្ពុជា។

ក្នុងពិធីពិភាក្សាការងារនោះលោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ប្រព័ន្ធ FMIS នេះត្រូវបានចាត់ទុកថាជាឆ្អឹងខ្នង និង ជាឧបរណ៍ពុំអាចខ្វះបានក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ដំណាក់កាលនៅកម្ពុជា។ ជារួមប្រព័ន្ធ FMIS នេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពនៃការអនុវត្តថវិការបស់កម្ពុជា។

លោក ហ៊ាន សាហ៊ីប ជាមួយឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋភិបាលកម្ពុជាលើកម្មិវីធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ កម្ពុជាកាន់តែមានភាពរឹងមាំខ្លាំងឡើងក្នុងការបន្តដំណើរលើផ្លូវដ៏វែងឆ្ងាយលើការងារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិរបស់ខ្លួន។

លោករដ្ឋលេខាធិការ បានលើកពីអត្ថប្រយោជន៍មួយចំនួននៃប្រព័ន្ធ FMIS ក្នុងនោះធ្វើឲ្យកម្ពុជាមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ និងថវិការួមមួយ, ការត្រួតពិនិត្យឥណទានថវិកាធ្វើឡើងដោយស្វ័យប្រវត្តិពេលធ្វើធានាចំណាយ, ទូទាត់ចំណាយ, និងនិយ័តភាពថវិកា, តាមដាន និងរៀបចំកិច្ចបញ្ជីការបានរហ័ស និង មានតម្លាភាពតាមស្ដង់ដារគណនេយ្យ, របាយការណ៍របស់ធនាគារត្រូវបានទាញចូលក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ទិន្នន័យចំណូលពន្ធគយត្រូវបានទាញចូលក្នុងប្រព័ន្ធ FMIS ដោយស្វ័យប្រវត្តិ, ធ្វើការទូទាត់បានតាមប្រព័ន្ធ Electronic Fund Transfer, ការផលិតរបាយការណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈស្តង់ដារជាដើម។
ប្រព័ន្ធ FMIS មិនត្រឹមតែជាកតាលីករដ៏សំខាន់ សម្រាប់ជួយជំរុញល្បឿននៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យ ឈានទៅសម្រេចបានតាមចក្ខុវិស័យដ៏ពិតប្រាកដតែប៉ុណ្ណោះទេ គឺប្រព័ន្ធ FMIS ថែមទាំងជួយពង្រឹងការបែងចែកធនធាន ចំទិសដៅ, រួមចំណែកកែលម្អគណនេយ្យភាព, តម្លាភាព និង ប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ឱ្យមាន លក្ខណៈទំនើប និង ទាន់សម័យកាល ហើយនឹងនាំមកនូវផលិតភាពខ្ពស់សម្រាប់កម្ពុជាទាំងមូល។ នេះជាមោទនភាពមួយដ៏ធំធេង និង ពិតប្រាកដ ដែលកើតចេញជាសមិទ្ធផលថ្មីស្រឡាងគឺ “ប្រព័ន្ធ FMIS” នៅក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ការយកចិត្តទុកដាក់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះទៀត លោក ហ៊ាន សាហ៊ីប បានថ្លែងប្រាប់ដល់គណៈប្រតិភូឡាវថា ភាពជោគជ័យ និង កិច្ចដំណើរការនៃប្រព័ន្ធ FMIS នេះ គឺកម្ពុជាមានក្រុមការងារស្នូលអនុវត្តគម្រោង FMIS ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់តាំងពីការចាប់ផ្តើមអនុវត្តគម្រោងជំហានទី ១ ដោយតែងបានចូលរួមការបណ្តុះបណ្តាលនានាទាំងក្នុងនិងក្រៅប្រទេស, ទទួលបន្ទុករៀបចំអនុវត្តការងារជាជំហានៗ និង ការព្យាយាមស្វ័យសិក្សានិងស្រាវជ្រាវ រហូតអាចបន្តធ្វើការងារបានដោយខ្លួនឯងនិង មានភាពម្ចាស់ការហើយអាចដោះស្រាយបញ្ហានានាដោយខ្លួនឯងក្នុងការអនុវត្តគម្រោងនៅជំហានបន្ត ។

បើតាមលោក ហ៊ាន សាហ៊ីប ភាពជោគជ័យនេះ ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍ទាំងអស់ដែលធ្លាប់បានជួយជ្រោមជ្រែងគាំទ្រដល់ការអនុវត្តគម្រោង FMIS នៅកម្ពុជា ពិសេសសហគមន៍អឺរ៉ុប និង ធនាគារពិភពលោក។ ជាមួយនេះ កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ពីមជ្ឈដ្ឋានអ្នកប្រើប្រាស់ និង នៅគ្រប់ក្រសួង ស្ថាប័ននៅកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ជាលទ្ធផល គម្រោង FMIS នេះ ត្រូវបានវាយតម្លៃដោយធនាគារពិភពលោក, សហគមន៍អឺរ៉ុប និង រូបិយវត្ថុអន្តរជាតិ ថាទទួលបានជោគជ័យក្នុងកម្រិត “Satisfactory” ដែលការវាយតម្លៃនេះក៏បានផ្តល់នូវលទ្ធភាពគ្រប់គ្រាន់ និង មូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តបោះជំហានឆ្ពោះទៅអនុវត្តគម្រោង FMIS ជំហានទី២នេះ៕