(កំពត)៖ ប្រជាពលរដ្ឋនៅ៣ឃុំ មានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត នៃស្រុកទឹកឈូ ខេត្តកំពត ដែលមានដីធ្លីត្រូវបានក្រុមការងារវាស់វែងដីធ្លី រួមមាន៖ ក្រុមបច្ចេកទេស និងយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានវាស់វែងរួច តាមបទបញ្ជាលេខ០១បប របស់រាជរដ្ឋាភិបាលដែលហៅថា យុទ្ធនាការស្បែកខ្លា តាំងពីចុងឆ្នាំ២០១២មក មិនទាន់បានផ្តល់នូវប័ណ្ណកម្មសិទ្ធិស្របច្បាប់ និងបន្តវាស់វែងតាមបទបញ្ជា០១ទៀតទេ ដែលអូសបន្លាយយូរឆ្នាំមកហើយ ក៏មិនចេញជាផ្លែផ្កា សម្រាប់ការចេញប័ណ្ណ ឬបន្តចេញប័ណ្ណ ដែលពួកគាត់កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទៈសារ។

ប្រជាពលរដ្ឋបានលើកឡើងថា «ដូចកាប់បំពង់រង់ចាំទឹកភ្លៀងចឹង តែផ្ទុយមកវិញបែរជាស្ងាត់ឈឹង គ្មានអ្វីក្រៅពីឭុដំណឹងថា ដីធ្លីដែលពាក់ព័ន្ធជាមួយ ប្រជាពលរដ្ឋទាំង៣ឃុំខាងលើ មិនត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋឡើយ ដែលផ្ទុយទៅនិងគោលការណ៍ ឬអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់បទបញ្ជាលេខ០១បប ក្នុងនោះ មានក្រុមយុវជនស្ម័គ្រចិត្តសម្តេចតេជោ បានចូលរួមចុះយុទ្ធនាការវាស់វែងដីធ្លីយ៉ាងផុលផុស ជូនប្រជាពលរដ្ឋទូទាំងប្រទេស ដោយឡែកដីមួយភាគធំ ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តកំពត ត្រូវបានវាស់វែងរួចរាល់ និងបានផ្តល់ប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋរួចរាល់ហើយផងដែរ។ ដោយឡែកនៅសេសសល់តែប្រជាពលរដ្ឋ៣ឃុំខាងលើ មិនទាន់ទទួលបាន ហាក់ដូចជា មានការយឺតយ៉ាវ ឬក៏មិនអាចទទួលបានផងក៏អាចថាបានដែរ»។

បើតាមអាជ្ញាមូលដ្ឋានបានឲ្យដឹងថា កន្លងមកប្រជាពលរដ្ឋធ្លាប់ឡើងតវ៉ាដល់អាជ្ញាធរខេត្តកំពត ២ទៅ៣លើកដែរ តែហាក់ដូចជា គ្មានដំណោះស្រាយទាល់តែសោះ រហូតប៉ុន្មានខែមុននេះ មានប្រជាពលរដ្ឋជាអ្នកតំណាង ឡើងទៅសុំអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន ផងដែរ រឿងពាក់ព័ន្ធដីធ្លីខាងលើ ធ្វើយ៉ាងណាពន្លឿនចេញប័ណ្ណ ឲ្យពួកគាត់ទាំងអស់គ្នាផង។

បើតាមមន្ត្រីនៃក្រុមការងារវាស់វែងដីធ្លីបន្ត០១ ខេត្តកំពត បានលួចបង្ហើបឲ្យដឹងដែរថា មូលហេតុដែលយឺតយ៉ាវ ឬមិនចេញប័ណ្ណឲ្យប្រជាពលរដ្ឋក្នុង៣ឃុំខាងលើ គឺមកពី មានក្រុមហ៊ុនឯកជន បានធ្វើផ្លូវថ្មីចំនួន១ខ្សែ ប្រមាណជា៣គីឡូម៉ែត្រ កាត់ដីរបស់ប្រជាពលរដ្ឋ នៅភូមិសាស្ត្រនៃឃុំបឹងទូក និងឃុំកោះតូចនោះ ចាប់ពីផ្នែកខាងជើងផ្លូវ ដល់ជើងភ្នំបូលគោ មានចម្ងាយ ពី១ដល់៣គីឡូម៉ែត្រ គឺក្រុមហ៊ុន មានបំណងទុកសម្រាប់អភិវឌ្ឍ ដូច្នេះហើយក្បាលដី ដែលវាស់វែងរួចហើយ ត្រូវក្រុមហ៊ុនខ្ទាស់មិនឲ្យអាជ្ញាធរ ឬក៏ស្ថាប័ននៃក្រសួងពាក់ព័ន្ធ ចេញប័ណ្ណឲ្យប្រជាពលរដ្ឋនោះទេ។

មន្ត្រីជំនាញសុរិយោដី បានឲ្យដឹងថា ក្បាលដីដែលបានវាស់វែងរួចហើយ ចាប់ពីចុងឆ្នាំ២០១២ រហូតមកដល់ពេលនេះ មានចំនួនប្រមាណជិត៤០០ក្បាលដី ក្នុង៣ឃុំខាងលើ ហើយជាប្រភេទដីចម្ការមានដំណាំខ្លះ និងដីព្រៃបុស្សខ្លះ ដែលភាគច្រើនប្រជាពលរដ្ឋកាន់កាប់ពីមុន នៃការវាស់វែងតាមបទបញ្ជា០១បបមកម្ល៉េះ។

តាមរយៈអង្គភាព Fresh News នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋសូមទទូចឲ្យអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធ ជួយពន្លឿន នៃការចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ឲ្យបានឆាប់ បើអាចទៅបាន ដើម្បីឲ្យពួកគាត់ចូលទៅបង្កបង្កើនផល ប្រកបរបរចិញ្ចឹមជីវិតផង ដោយគ្មានអ្នករារាំង ពីមជ្ឈដ្ឋានណាមួយឡើយ។

ពាក់ព័ន្ធករណីដីធ្លីខាងលើលោក យិន វុឌ្ឍ ប្រធានមន្ទីររៀបចំដែនដី នគររូបនីកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឲ្យដឹងថា រាល់ដីធ្លីដែលក្រុមការងារបច្ចេកទេស បានវាស់វែងរូចរាល់ ចាប់ពីបទបញ្ជា០១បប របស់រាជរដ្ឋាភិបាល ក្នុងចុងឆ្នាំ២០១២ រហូតបន្តវាស់វែង០១ទៀត គឺខាងថ្នាក់ខេត្ត បានបញ្ជូនទៅឲ្យថ្នាក់ក្រសួងជាអ្នកសម្រេច យូរហើយ ហើយថ្នាក់ខេត្តរង់ចាំតែថ្នាក់ក្រសួងសាម៉ីសម្រេចទេ ក្រៅពីក្រសួងរៀបចំដែនដីនគរូនីយកម្ម សំណង់ និងសុរិយោដី ក្នុងនោះមានក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផងដែរ៕