(ឧត្តរមានជ័យ)៖ អេស្កាវ៉ាទ័រមួយគ្រឿង ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រគេនជូនព្រះតេជគុណ ប៊ុន សាលួត ព្រះមេគណខេត្តឧត្តរមានជ័យ និងជាព្រះចៅអធិការវត្តសំរោង តាមការបិណ្ឌបាត្រ របស់ព្រះអង្គដោយផ្ទាល់កាលពីម្សិលមិញ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នោះនៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាត់ឲ្យមន្ត្រីបច្ចេកទេស មួយក្រុមដឹកយកទៅប្រគេនព្រះអង្គដោយផា្ទល់រួចហើយ។
សូមបញ្ជាក់ថា កាលព្រឹកម្សិលមិញ នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ព្រះតេជគុណ ប៊ុន សាលួត ត្រូវបានអនុញ្ញាត និមន្តឲ្យមាសង្ឃដីកាក៏ដូចជា សួរសំណួរផ្សេងៗទៅកាន់ប្រមុខ នៃរាជរដ្ឋាភិបាល ហើយពេលនោះ ព្រះអង្គបានសុំបិណ្ឌបាត្រដោយផ្ទាល់ នូវអេស្កាវ៉ាទ័រមួយគ្រឿង ពីសម្តេចតេជោ សម្រាប់យកទៅប្រើប្រាស់បម្រើដល់សហគមន៍ព្រៃឈើ និងប្រជាពលរដ្ឋ ក្នុងសហគមន៍ របស់ព្រះអង្គតែម្តង។
ជាការឆ្លើយតប ចំពោះការបិណ្ឌបាត្រអេស្កាវ៉ាទ័រមួយគ្រឿងនេះ សម្តេចតេជោ ហ៊ុន សែន មិនបានស្ទាក់ស្ទើរនោះឡើយ ដោយបានប្រគេនតែម្តង ហើយបានប្រាប់ទៅលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចាត់ចែងបន្តលើការងារនេះ។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់អង្គភាព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងអំឡុង នៃវេទិការថ្នាក់ជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» នោះ ក្រោយបានទទួលការណែនាំពីសម្តេចតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាឲ្យក្រុមការងារបច្ចេកទេស រៀបចំជាបន្ទាន់ នូវអេស្កាវ៉ាទ័រមួយគ្រឿងនេះ ហើយដឹកយកទៅប្រគេនព្រះអង្គដោយផ្ទាល់នៅព្រឹកនេះតែម្តង។ បើតាមលោក ចាន់ យុត្ថា អេស្កាវ៉ាទ័រមួយគ្រឿងនេះមានតម្លៃជាង៥ម៉ឺនដុល្លារ និងមានគុណភាពល្អ អាចប្រើប្រាស់រហូតដល់១០ឆ្នាំឯណោះ។
លោកបានបន្តថា ទទ្ទឹមនឹងការប្រគេន អេស្កាវ៉ាទ័រមួយគ្រឿងនេះ លោករដ្ឋមន្ត្រី លឹម គានហោ ក៏បានចាត់ឲ្យក្រុមបច្ចេកទេស នៅបង្ហាត់បង្រៀនពីការប្រើប្រាស់ និងការថែទាំផងដែរ។ ដោយឡែកព្រះតេជគុណ ប៊ុន សាលួត បានបង្ហាញពីក្តីរំភើប និងរីករាយបំផុតក្រោយទទួលបានអេស្កាវ៉ាទ័រ កាលពីព្រឹកមិញ ដោយការប្រគេនពីសម្តេចតេជោ ហ៊ុន សែន។
ព្រះតេជគុណព្រះមេគណខេត្ត បានមានសង្ឃដីកាដល់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «អាត្មាសប្បាយព្រះទ័យខ្លាំងណាស់ រកអ្វីប្រៀបពុំបានទេ ដែលសម្តេចបានយល់ពីការលះបង់របស់អាត្មា ហើយបានប្រគេនអេស្កាវ៉ាទ័រមួយគ្រឿងនេះ ដល់អាត្មា តាមការបិណ្ឌបាត្រ ដើម្បីបម្រើដល់ប្រយោជន៍សហគមន៍ទាំងមូល និងប្រជាពលរដ្ឋក្នុងសហគមន៍ ក៏ដូចជាសហគមន៍នៅក្បែរៗនេះផងដែរ»។ ជាមួយគ្នានេះ ព្រះតេជគុណព្រះមេគុណខេត្ត ក៏បានថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី លឹម គានហោ និងក្រុមការងារបច្ចេកទេស ដែលបានដឹកយកអស្កាវ៉ាទ័រ មកប្រគេននៅព្រឹកមិញនេះ។
ចំពោះការប្រើប្រាស់ អេស្កាវ៉ាទ័រ ដែលជាអំណោយរបស់ប្រមុខ នៃរាជរដ្ឋាភិបាល ព្រះតេជគុណ ប៊ុន សាលួត បានមានសង្ឃដីកាបន្តថា ទី១៖ ប្រើប្រាស់សម្រាប់កាយព្រំព្រៃ នៅក្នុងសហគមន៍ដែលមានទិសដៅរក្សារហូតដល់១១០០ឆ្នាំ ទី២៖ ប្រើប្រាស់សម្រាប់កាយស្រះទឹករបស់សហគមន៍ និងទី៣៖ សម្រាប់ជីកស្រះទឹក ដើម្បីទុកឲ្យសត្វផឹក ព្រមទាំងការជួយបម្រើប្រយោជន៍ ទៅមុខទៀតដល់សហគមន៍នៅក្បែរខាង។ សម្រាប់ថ្លៃប្រេងវិញ ព្រះអង្គបានសង្ឃដីកាថា ពុំមានការព្រួយបារម្ភនោះឡើយ ដោយសារតែពុទ្ធបរិស័ទនឹងជួយបរិច្ចាគ។
សូមបញ្ជាក់ថា ព្រះអង្គ ប៊ុន សាលួត បច្ចុប្បន្នមានតួនាទីមើលថែរក្សា និងការពារព្រៃសហគមន៍ ដែលមានទំហំ ១៨២៦១ហិកតា មានចម្ងាយ៤០គីឡូម៉ែត្រ ពីក្រុងសំរោង ខេត្តឧត្តរមានជ័យ៕