(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Adel Mohamed Ali BA Hamid ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋយេម៉ែន ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
នៅក្នុងជំនួបនេះ សម្តេចប្រមុខរដ្ឋស្តីទី បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកន្លងមក ហើយសម្តេចជឿជាក់ថា ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋយេម៉ែន និងខិតខំបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរថែមទៀត។
សម្តេចប្រមុខរដ្ឋស្តីទី បានបន្តទៀតថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ដើម្បីកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតនៃសាធារណរដ្ឋយេម៉ែនប្រចាំកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងនិងផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតថ្មី លោក Adel Mohamed Ali BA Hamid បានសម្តែងនូវក្តីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ លោកបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ជាពិសេសកម្ពុជា មានសក្តានុពលខ្ពស់ក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច ហើយលោកនឹងផ្សព្វផ្សាយអំពីសក្តានុពល និងការរីកចម្រើននៅប្រទេសកម្ពុជា ឲ្យប្រជាជនយេម៉ែនបានដឹង៕