(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ សម្រេចបញ្ឈប់សកម្មភាព វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ហើយបណ្តេញបុគ្គលិកបរទេស នៃវិទ្យាស្ថាននេះ ចេញពីប្រទេសកម្ពុជា ក្នុងរយៈពេល៧ថ្ងៃ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្តិច។

សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានបញ្ជាក់ថា មូលដ្ឋានដែលឈានដល់ការសម្រេចឱ្យបិទវិទ្យាស្ថាននេះ គឺអនុលោមទៅតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា។ ក្រសួងអះអាងថា ចាប់តាំងពីច្បាប់នេះ ចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ អង្គការ NDI បានធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រហូតដល់អង្គការនេះបានដាក់ពាក្យស្នើចុះបញ្ជីនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ អំឡុងពេលរង់ចាំការសម្រេចរបស់ក្រសួង លើពាក្យស្នើសុំនេះ អង្គការ NDI នៅតែបន្តសកម្មភាពរបស់ខ្លួនដោយគ្មានគិតគូរអំពីការគោរពច្បាប់សោះឡើយ។

ក្រសួងបានបន្តទៀតថា មាត្រា៤៣ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចែងថា «អាជ្ញាធរមានសមត្ថកិច្ច ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលណា ដែលធ្វើសកម្មភាពដោយមិនបានចុះបញ្ជី ឬដែលត្រូវបានបញ្ចប់សុពលភាពអនុស្សារណៈដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិធានការបន្ថែមទាក់ទងនឹងការបណ្តេញចេញតាមច្បាប់អន្តោប្រវេសន៍ អាចត្រូវបានអនុវត្តចំពោះជនបរទេសណា ដែលបម្រើការងារនៅក្នុងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលប្រព្រឹត្តល្មើសខាងលើ ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត»

ដោយឡែក មាត្រា១០១ នៃច្បាប់ស្តីពីសារពើពន្ធ ចែងថា បុគ្គលទាំងឡាយត្រូវទៅចុះបញ្ជី នៅរដ្ឋបាលសារពើពន្ធក្នុងអំឡុងពេល១៥ថ្ងៃ ក្រោយពីបុគ្គលនោះចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋកិច្ច។ ហើយមាត្រា១២៨ និង១២៩ នៃច្បាប់ដដែលនេះ ចែងថា៖ ក្នុងករណីដែលបុគ្គល មិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ត្រូវបានចាត់ទុកជាអំពើរាំងស្ទះការអនុវត្តបទប្បញត្តិស្តីពីពន្ធដារ និងបញ្ជាក់ទៀតថា៖ បុគ្គលណាដែលធ្វើការរាំងស្ទះដល់ការគ្រប់គ្រងប្រព័ន្ធសារពើពន្ធដូចមានចែងក្នុងមាត្រា១២៨ នៃច្បាប់នេះ ត្រូវចាត់ទុកថា បានប្រព្រឹត្តបទល្មើសផ្នែកព្រហ្មទណ្ឌលើបទប្បញត្តិស្តីពីពន្ធដារ។

ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការ NDI រហូតដល់បច្ចុប្បន្ននេះ មិនបានអនុវត្តតាមច្បាប់ដែលបានចែងខាងលើនេះឡើយ។

ក្នុងពេលដែលសេចក្តីសម្រេចបិទអង្គការ NDI កំពុងត្រូវបានអនុវត្តចំពោះអង្គការនេះ និងបុគ្គលិកបរទេសរបស់អង្គការនេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការចាត់វិធានការបែបនេះ ចំពោះសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលណា ដែលមិនគោរពតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ហើយនិងច្បាប់ផ្សេងៗទៀត របស់កម្ពុជា៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖