(ភ្នំពេញ)៖ ក្រោយទទួលបានការឯកភាពពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ បានបញ្ជាឲ្យកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ធ្វើការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿង ដើម្បីយកមករក្សាទុកជាបណ្ដោះអាសន្នសិន រយៈពេលចាប់ពី៥ថ្ងៃ រហូតដល់ទៅ១ខែ និងព្រមានធ្ងន់ៗ ចំពោះអ្នកបើកបរឲ្យក្រុមហ៊ុន តាមដេប៉ូបូមខ្សាច់នីមួយៗ នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលមិនបានអនុវត្តតាមការណែនាំរបស់អាជ្ញាធរឡើយ «ពោលគឺមិនលាងកង់រថយន្ដ មិនបានគ្របដណ្ដប់ប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស មុននិងបើកបរចេញពីក្រុមហ៊ុនដេប៉ូខ្សាច់» ដែលអាចធ្វើឲ្យហូរទឹក និងជ្រុះដីធ្លាក់យ៉ាងរប៉ាត់រប៉ាយពេញតាមដងផ្លូវ អាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋ។
ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការចាប់ឃាត់រថយន្ដបែនដឹកដីធុនធំចំនួន៨គ្រឿងខាងលើនេះដែរ បានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ បន្ទាប់ពីអ្នកបើកបរនៅតែបំពាន មិនគោរតាមលក្ខណៈបទដ្ឋានបច្ចេកទេសដូចជា៖ ការបង្កើតឲ្យមានទីតាំងសម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក «ពោលគឺហាមដឹកដីសើម» ពិសេសមិនមានការគ្របប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវជាមុនសិន មុននឹងចរាចរដឹកដីខ្សាច់ចេញពីដេប៉ូនីមួយៗ ពីព្រោះដើម្បីបង្កាការហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ ហើយក៏ដើម្បីដោះស្រាយក្ដីកង្វល់របស់ប្រជាពលរដ្ឋ ចំពោះហានិភ័យប្រឈមពីក្រុមហ៊ុនដេប៉ូបូមខ្សាច់នានា ដោយសង្កត់ធ្ងន់លើរថយន្ដដឹកដីតែម្ដង ក្រោយទទួលបានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
លោក ប្រាជ្ញ សីហា បានបញ្ជាក់ថា ចំពោះវិធានការចាប់ឃាត់រថយន្ដដឹកដី និងព្រមានធ្ងន់ៗទាំងអ្នកបើកបរបែបនេះ ក៏ព្រោះតែកន្លងមកអាជ្ញាធរបានធ្វើការណែនាំជាច្រើនលើក ច្រើនសារណាស់មកហើយ ដើម្បីឲ្យគោរពតាមលក្ខណៈបទដ្ឋានបច្ចេកទេសមួយចំនួនដូចជា៖ មិនត្រូវបើកបរលឿនៗ ដែលអាចបង្កជាគ្រោះថ្នាក់ ចរាចរ ហើយចាំបាច់ត្រូវបង្កើតឲ្យមានទីតាំង សម្រាប់លាងកង់រថយន្ដ និងមិនត្រូវដឹកដីដែលទទឹក «ពោលគឺហាមដឹកដីសើម» ពិសេសត្រូវមានការគ្របប៉ាតង់លើរថយន្ដឲ្យបានត្រឹមត្រូវជាមុនសិន មុននិងចរាចរដឹកដីខ្សាច់ចេញពីដេប៉ូ។
លោកបានបន្តថា ជំហានទី១ បើក្នុងករណីអ្នកបើកបររថយន្ដ ដឹកដីមិនអនុវត្តតាម ហើយនៅតែបន្តបំពាននោះ ប្រាកដជាត្រូវចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល៥ថ្ងៃ និងទី២ អ្នកបើកបរនៅតែគគ្លើន មិនអនុវត្តតាមការណែនាំដដែល ជាដដែលទេនោះ នឹងចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល២០ថ្ងៃ បូករួម និងទី៣ ចាប់ឃាត់រថយន្ដយកមករក្សាទុករយៈពេល១ខែតែម្ដង ដោយមិនលើកលែងបានឡើយ ព្រោះដើម្បីបង្កាការហូរទឹក និងជ្រុះដីធ្លាក់រប៉ាត់រប៉ាយពេញតាមដងផ្លូវ ដែលអាចធ្វើឲ្យបាត់បង់ទាំងសណ្ដាប់ធ្នាប់សាធារណៈ របៀបរៀបរយ ពិសេសធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសុខភាពរបស់ប្រជាពលរដ្ឋ៕