(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា រហូតមកដល់ដំណាច់ឆ្នាំ២០១៧ ឬជាង ពីរទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បានចំណាយថវិកាប្រមាណ៨០០លានដុល្លារ ត្រូវបានធ្វើចលនាក្នុងការឆ្លើយតប នឹងមេរោគអេដស៍ និងជំងឺអេដស៍។ ការឆ្លើយតបនឹងមេរោគអេដស៍ នៅកម្ពុជា គឺជា រឿងរ៉ាវនៃជោគជ័យមួយ របស់ពិភពលោក ដែលបានបង្វិលត្រឡប់ ពីការឆ្លងរីករាលដាល ដែលឥឡូវនេះ ប្រទេសកម្ពុជាជិត នឹងសម្រេចបាននូវការ ទទួលបានការព្យាបាល មេរោគអេដស៍ ជាសកលហើយ។
ការថ្លែងបែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ គឺក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមជាអធិបតីភាព ក្នុងពិធីបើក សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ថ្នាក់ជាតិ ប្រកបដោយចីរភាពនៅកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ឯសណ្ឋាគារហ៊ីម៉ាវ៉ារី។ ក្នុងនោះក៏មានចូលរួមពីសំណាក់ លោកស្រី Vladanka Andreeva នាយកប្រចាំប្រទេសនៃអង្គការ UNAIDS , លោកស្រី Mindy Duong អ្នកសម្របសម្រួលអន្តរទីភ្នាក់ងារ PEPFAR, លោកស្រី Marta Levitt ទីប្រឹក្សាជាន់ខ្ពស់ នៃប្រព័ន្ធពង្រឹងសុខភាព និងមេរោគអេដស៍ ការិយាល័យសុខាភិបាល និងអប់រំ នៃទីភ្នាក់ងារ USAID ព្រមទាំងដៃគូពាក់ព័ន្ធ ជាច្រើននាក់ទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបន្តថា កម្ពុជាបានឈានមកដល់ចំណុចនេះ ដោយសារការប្តេជ្ញានយោបាយដ៏មោះមុត ការចូលរួមពី សហគមន៍ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកម្រិតខ្ពស់ អស់រយៈពេលជាងពីរទសវត្សរ៍ ពីដៃគូអភិវឌ្ឍន៍។ ទោះបីយ៉ាងណា កញ្ចប់ថវិកាពីខាងក្រៅ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ កំពុងរួមតូច ហើយមានការព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងនៅក្នុងឋានៈជាប្រទេស ដែលមានចំណូលមធ្យម កម្រិតទាបថ្មីនេះ នឹងកាន់តែធ្វើឲ្យយើងមានសិទ្ធិតិចតួច ក្នុងការទទួលបានជំនួយ អភិវឌ្ឍន៍ផ្លូវការ។
លោកថ្លែងបន្តទៀតថា ដោយសារការទទួលស្គាល់បែបនេះហើយ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាប្រើប្រាស់នូវប្រភពធនធាន ដែលមានឲ្យប្រកបដោយយុទ្ធសាស្រ្ត ក្នុងពេលដែលរៀបចំខ្លួន ក្នុងការទទួលយកនូវចំណែក កាន់តែធំឡើងនៃបន្ទុកហិរញ្ញវត្ថុ ក្នុងការឆ្លើយតប។ កន្លងមកនេះ យុទ្ធសាស្រ្តជាគោលដៅ គំរូសេវាកម្ម ដែលកាន់តែមានប្រសិទ្ធភាព ការរួមគ្នាធ្វើឲ្យសម្រេចនៅក្នុង និងរវាងសាធារណជន និងប្រព័ន្ធសុខាភិបាលសហគមន៍ បានរួមចំណែកធ្វើឲ្យមានការធ្លាក់ចុះទាំងស្រុង ក្នុងការចំណាយ លើជំងឺអេដស៍តាំងពី ឆ្នាំ២០១០។ ទោះបីយ៉ាងណា នៅក្នុងដំណាក់កាលអន្តរកាលនេះ ការបន្តផ្តល់ថវិកាក្នុងកម្រិតទស្សន៍ទាយ បានមួយនឹងត្រូវការចាំបាច់ ដើម្បីធ្វើឲ្យមានចីរភាព និងកសាងបាននូវផលចំណេញ ផែ្នកសុខាភិបាលដែលត្រូវបានធ្វើឡើង មកដល់សព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ក៏បានថ្លែងរំឭកពីសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ នៅពេលដែលពិភពលោក ប្តេជ្ញាធ្វើដំណើរ ពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ ពេលនោះសម្តេចតេជោ បានគូសបញ្ជាក់ថា អស់រយៈពេលជាងពីរទសវត្សរ៍ កម្ពុជាបានធ្វើឲ្យមានការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ ជាពិសេសក្នុងការធានាបាន នូវសន្តិភាពពេញលេញ ស្ថិរភាពនយោបាយរឹងមាំ និងធ្វើ ឲ្យប្រសើរឡើងនូវសន្តិសុខសាធារណៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ ជាមធ្យម ៧,៧% ប្រចាំឆ្នាំ និងថា ប្រទេសកម្ពុជា បានប្រែក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៦។ នៅក្នុងពេលមួយ នៃជំនួបជាមួយលោក Steve Kraus ប្រធានអង្គការ UNAIDS ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជាគឺ «ធ្វើពីក្បាលដល់ចុងជើង» មានន័យថា ម្នាក់ៗ និងគ្រប់វិស័យបានចូលរួមឆ្លើយតបនឹង មេរោគអអេដស៍ និងជំងឺអេដស៍។
សូមបញ្ជាក់ថា សិក្ខាសាលាពីគ្រោះយោបល់នេះ សិក្ខាកាមទាំងអស់ នឹងបានរៀនសូត្រអំពី បច្ចុប្បន្នភាពនៃស្ថានភាពការឆ្លើយតប នឹងមេរោគអេដស៍ នៅកម្ពុជា។ នឹងយល់អំពីទស្សនៈនៃចីរភាព និងក្តាប់បាននូវបទពិសោធន៍នានា នៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកប ដោយចីរភាពនៅក្នុង ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏នឹងផ្តល់ផងដែរ នូវធាតុចូលក្នុងការរៀបចំនូវផែនទី បង្ហាញផ្លូវនៃសកម្ម ភាពអាទិភាព ដើម្បីលើកឡើងនូវហានិភ័យនានា ចំពោះចីរភាព ដែលជួយយើងបង្កើតបាន នូវផ្លូវធ្វើដំណើរដ៏រលូនមួយ នៅក្នុងអន្តរកាលនេះ៕