(ភ្នំពេញ)៖ ជម្លោះក្រុមមេធាវី និងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ឈានដល់ការសម្របសម្រួលគ្នាបញ្ចប់បណ្ដឹងព្រហ្មទណ្ឌនៅតុលាការហើយ បន្ទាប់ពីភាគីម្ខាងសុំទោស និងភាគីម្ខាងទៀតទទួលយក ហើយព្រមដកបណ្តឹង ក្រោយលោកហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោនាយករដ្ឋមន្ត្រី ចេញមុខជួយសម្របសម្រួល។
ជម្លោះដ៏បែកផ្សែង បន្ទាប់ពីលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ សរសេរប្រៀបធៀបថា «មេធាវីជាសត្វគោ» នោះ បណ្ដឹងព្រហ្មទណ្ឌមួយ បានដាក់ចូលអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លោកមេធាវី លី ច័ន្ទតុលា តំណាងមេធាវី៦១រូប បញ្ជាក់ថា លោកបានដាក់ពាក្យសុំដកពាក្យបណ្ដឹងជាផ្លូវការ ជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ហើយសុំបញ្ចប់សំណុំរឿងនេះ ស្របតាមបញ្ញត្តិនៃមាត្រា៣០៩នៃក្រមព្រហ្មទណ្ឌ ។ លោកថា «លោក វ៉ាន់ ពុទ្ធិពល ក៏បានដាក់ពាក្យសុំទោសចូលទៅក្នុងសំណុំរឿងផងដែរ»។
ការបញ្ចប់ជម្លោះដ៏ក្ដៅគគុកនេះ ក៏មានការសម្របសម្រួលពីលោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ ។ លោកមេធាវី លី ច័ន្ទតុលា អះអាងថា លោក ហ៊ុន ម៉ានិត រៀបចំកិច្ចប្រជុំសម្របសម្រួលមួយ ដោយមានក្រុមមេធាវី និងលោក វ៉ាន់ ពុទ្ធិពល។ ក្នុងស្មារតីសាមគ្គីយោគយល់ អធ្យាស្រ័យ និង ផលប្រយោជន៍ជាតិ និង វិជ្ជាជីវៈ ក្រុមមេធាវីនិងលោក វ៉ាន់ ពុទ្ធិពល យល់ព្រមបញ្ចប់រឿងនេះតាមផ្លូវតុលាការ៕