(ភ្នំពេញ)​៖ នៅយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បណ្តាញទំនាក់ទំនងសង្គម Facebook មួយឈ្មោះថា «កូនខ្មែរ» បានទម្លាយឯកសារថា វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ International Republican Institute ហៅកាត់ថា IRI និងមូលនិធិជាតិ ដើម្បីប្រជាធិបតេយ្យ National Endowment for Democracy ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ក៏រៀបចំផែនការជួយបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ដូចអង្គការ NDI ដែរ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃឯកសារបែកធ្លាយនៅលើ Facebook ឈ្មោះ «កូនខ្មែរ»៖

អង្គការក្រៅរដ្ឋាភិបាលធំៗបី របស់អាមេរិក ជាឆ្មបបង្កើតគណបក្សសង្គ្រោះជាតិ និងជាមេក្លោងជួយបក្សប្រឆាំង រៀបចំការធ្វើបដិវត្តពណ៌នៅកម្ពុជា។

មិនមែនមានតែអង្គការ NDI មួយប៉ុណ្ណោះទេ ដែលបានរៀបចំផែនការយុទ្ធសាស្រ្តផ្តួលរំលំ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន គឺមានអង្គការអន្តរជាតិចំនួនពីរទៀត ដែលបានឃុបឃិត រួមសហការគ្នាយ៉ាងស្អិតរមួត ជាមួយបក្សប្រឆាំងរបស់លោក សម រង្ស៊ី និងកឹម សុខា ក្នុងការរៀបចំធ្វើបដិវត្តពណ៌នៅកម្ពុជា។

វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ International Republican Institute ហៅកាត់ថា IRI និងមូលនិធិជាតិ ដើម្បីប្រជាធិបតេយ្យ National Endowment for Democracy ហៅកាត់ថា NED របស់សហរដ្ឋអាមេរិក ដែលគេដឹងថា ជាអ្នកបានដុតបញ្ឆេះឱ្យមានបដិវត្តពណ៌កើតឡើង នៅបណ្តាប្រទេសមួយចំនួន ហើយអង្គការទាំងពីរនេះ ក៏ជាមេក្លោងក្នុងការផ្គុំគំនិតគ្នាជាមួយNDI រៀបចំនូវផែនការយុទ្ធសាស្រ្ត ដើម្បីជួយជ្រោមជ្រែង ដល់គណបក្សប្រឆាំង ឱ្យដឹកនាំធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ នៅក្នុងប្រទេសកម្ពុជាផងដែរ។

យោងលើរបាយការណ៏សំងាត់ ដែលបានបែកធ្លាយពីផ្ទៃក្នុង បក្សសង្គ្រោះជាតិ បានឱ្យដឹងថា ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០១១ លោក សម រង្ស៊ី ក្នុងនាមប្រធានគណបក្ស សម រង្ស៊ី និងភរិយារបស់គាត់ គឺលោកស្រី ជូឡុង សូម៉ួរា បានទៅជួបប្រជុំជាមួយប្រធានអង្គការទាំងបី NED លោក Carl Gershman និងលោក Brian Joseph, NDI លោក Ken Wollack, IRI លោក Lorne Craner នៅវ៉ាស៊ីនតោន D.C. សហរដ្ឋអាមេរិក ដើម្បីពិភាក្សា រៀបចំធ្វើបដិវត្តពណ៌នៅប្រទេសកម្ពុជា។

ថ្នាក់ដឹកនាំអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះមាន នាយកប្រតិបត្តិរបស់ IRI ប្រចាំតំបន់អាស៊ី​ លោកស្រី Julija Belej Bakovic ជនជាតិ Serbie គឺជាអ្នកជំនាញ ផ្នែកសម្របសម្រួលរបស់ IRI បានដើរតួរនាទីដ៏សំខាន់ ក្នុងដំណើរការរៀបចំច្របាច់បញ្ចូលគ្នារវាង គណបក្ស​សិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី។ ការពិភាក្សាគ្នាក្នុងឱកាសនោះ ក៏បានលើកយកបទពិសោធន៍ នៃការសម្របសម្រួលទទួលបានជោគជ័យ របស់អតីតអ្នកនយោបាយនៅយូហ្គូស្លាវី ដែលធ្លាប់ឈ្លោះគ្នាដ៏តានតឹងបំផុត រហូតរួបរួមគ្នាបាន។

លោកស្រី ជូឡុង សូម៉ូរ៉ា ក៏បានទទួលយកនូវគំនិតនោះ ហើយគាត់ក៏បានសម្លឹងឃើញ លោក សុន ឆ័យ ដែលធ្លាប់ជាសមាជិកគណបក្សសេរីនិយម ព្រះពុទ្ធសាសនា របស់លោកតា ស៊ឺន សាន ធ្វើជាស្ពានចម្លងដ៏ល្អបំផុត ក្នុងនាមជាប្រធាន នៃក្រុមចរចារ។ កាលណោះ គណបក្សប្រឆាំងទាំង២ គឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស របស់លោក កឹម សុខា កំពុងតែស្ថិតនៅក្នុងដំណាក់កាលវាយប្រហារ​ ទៅវិញទៅមក និងឈ្លោះគ្នាយ៉ាងខ្លាំងក្លានៅឡើយ ដើម្បីដណ្តើមប្រជាប្រិយភាព បក្សនយោបាយរៀងៗខ្លួន។

នៅក្នុឯកសារបែកធ្លាយនោះ លោកស្រី ជូឡុង សូម៉ូរ៉ា បានរៀបរាប់ថា លោក សម រង្ស៊ី បានយល់ព្រមជាមួយសំណើររបស់ NDI, IRI និង NED ចំពោះការចរចារច្របាច់បញ្ចូលគ្នា រវាងគណបក្សទាំង២ រហូតបង្កើតបានជា គណបក្សសង្គ្រោះជាតិ មកដល់សព្វថ្ងៃនេះ។

បន្ទាប់ពីបានទទួលយកសំណើរបញ្ចូលគ្នា ជាបក្សតែមួយហើយនោះ NDI, IRI និង NED ក៏បានផ្តល់ជាផែនការយុទ្ធសាស្ត្រដល់លោក សម រង្ស៊ី ក្នុងការផ្តួលរំលំមេដឹកនាំប្រទេស ផ្លាស់ប្តូររបប គឺការធ្វើបដិវត្តពណ៌ ដោយអង្គការទាំងនោះ ណែនាំឱ្យបក្សប្រឆាំងយកគម្រូតាមប្រទេសមួយចំនួន នៅពិភពអារ៉ាប់ ក្រោមលេសនៃការលើកម្ពស់ប្រជាធិតេយ្យ និងការគោរពសិទ្ធិមនុស្ស។

លោក Ken Wollack ប្រធាន NDI បានជួយត្រឹះរិះពិចារណា និងផ្តល់គំនិតទៅបក្សប្រឆាំង អំពីមេរៀនដែល NDI ឬ Department of State (ក្រសួងការបរទេសអាមេរិក) អាចទាញយកបានពីព្រឹត្តិការណ៍ នៅពិភពអារ៉ាប់ ដើម្បីយកមកអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។ លោក Carl Gershment ប្រធាន NED បានលើកឡើងអំពីការផ្លាស់ប្តូររបប នៅក្នុងប្រទេសមួយចំនួន ក្នុងពិភពអារ៉ាប់ ដែលគំនិត នៃការលើកឡើងនេះ មានការគាំទ្រយ៉ាងពេញទំហឹងពីលោក សម រង្ស៊ី។ នៅក្នុងកិច្ចពិភាក្សានោះ ពួកគេបានវាយតម្លៃថា ស្ថានភាពនយោបាយនៅកម្ពុជា គឺប្រហាក់ប្រហែលនឹងប្រទេស ទុយណេស៊ី និងលីប៊ី។

​អង្គការទាំងបី បា​នសម្តែងការគាំទ្រគណបក្ស សម រង្ស៊ី ដើម្បីធ្វើសកម្មភាពផ្តួលរំលំរដ្ឋាភិបាល។ ទន្ទឹមនឹងការគាំទ្រចំពោះគណបក្ស សម រង្ស៊ី លោក Lorne Craner ប្រធាន IRI បានសួរថា «តើមានវិធីសាស្ត្រអ្វីសំខាន់ចាំបាច់បំផុត ដែលពួកយើង (IRI) អាចជួយដល់លោក សម រង្ស៊ី បាន?» (All three organizations pledged their support to SRP. Lorne Craner asked what would be the most important way for them to help us.)។

មានសំណូមពរជាច្រើន ដែលលោក សម រង្ស៊ី បានស្នើសុំកិច្ចអន្តរាគមន៍ ពីអង្គការក្រៅរដ្ឋាភិបាលធំៗទាំងបី របស់សហរដ្ឋអាមេរិកនេះ ដើម្បីជាយុទ្ធសាស្ត្រក្នុងការធ្វើសកម្មភាព ឆ្ពោះទៅការដណ្តើមអំណាច៕

ខាងក្រោមនេះជាខ្លឹមសារទាំងនៃឯកសារបែកធ្លាយ របស់គណនី Facebook ឈ្មោះ កូន ខ្មែរ៖