(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជា បានបន្ដបរាជ័យទៀតហើយ ដោយចាញ់ក្រុមជម្រើសជាតិ U22ទីម័រខាងកើត ក្នុងលទ្ធផល ១-០ មុននេះបន្ដិច នៅក្នុងជំនួបបង្គ្រប់កិច្ចពូលB នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games 2017) លើកទី២៩ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
នេះគឺជាការបរាជ័យលើកទី៤ របស់ក្រុម U22កម្ពុជា ហើយក៏ជារឿងមួយគួរឲ្យចាប់អារម្មណ៍ ដែលក្រុមគោព្រៃកម្ពុជា មិនអាចយកពិន្ទុពីក្រុមជម្រើសជាតិ U22ទីម័រខាងកើតផងដែរ ។ សម្រាប់ប្រកួតតង់ទី១ ក្រុមទាំងពីរមិនអាចទម្លាយសំណាញ់គ្នាបានឡើយ ។ តែឈានចូលតង់ទី២ នៅនាទីទី៦១ កីឡាករទីម័រខាងកើត បានស៊ុតបំប៉ោងសំណាញ់ទីកម្ពុជា ១គ្រាប់ ដែលជាគ្រាប់បាល់ជ័យជម្នះតែម្ដង បើទោះបីក្រុមគោព្រៃ ព្យាយាមវាយបកយ៉ាងណាក៏ដោយ ។
ការបរាជ័យផ្ទួនៗនេះ បានធ្វើឲ្យក្រុម U22កម្ពុជាឈរបាត់តារាងដោយគ្មានពិន្ទុរាប់ឡើយ ។ រីឯក្រុម U22ទីម័រខាងកើត បានទទួល ៣ពិន្ទុដំបូងពីជ័យជម្នះលើកម្ពុជាខាងលើ ។ តែយ៉ាងណាក្រុមទាំងពីរ សុទ្ធតែជាក្រុមហាលអាវ បើទោះនៅសល់មួយប្រកួតក្នុងដៃរៀងៗខ្លួន នៅថ្ងៃទី២៤ ខែសីហាខាងមុខ ដោយក្រុមគោព្រៃកម្ពុជា ត្រូវជួបក្រុមខ្លាំងឥណ្ឌូនេស៊ី និងក្រុម U22ទីម័រខាងកើត ជួបក្រុម U22ហ្វីលីពីន ដែលជាក្រុមយកឈ្នះក្រុម U22កម្ពុជា ២-០ កាលពីថ្ងៃបើកឆាកកន្លងទៅ ៕