ពលរដ្ឋជាង១០០នាក់ ចូលរួមបរិច្ចាគជួយកសាងចេតិយជូនសពលោកបណ្ឌិត កែម ឡី នៅថ្ងៃយុទ្ធនាការទី២២ នៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល
22-08-2017 21:32
(កណ្ដាល)៖ ថ្ងៃទី២២ នៃយុទ្ធនាការរយៈពេល៣០ថ្ងៃ ដើម្បីរៃអង្គាសថវិកាចូលរួមសាងសង់ចេតិយជូន លោកបណ្ឌិត កែម ឡី ដែលបង្កើតឡើងដោយ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានបងប្អូនប្រជាពលរដ្ឋជាង១០០នាក់ ចូលរួមបរិច្ចាគនៅផ្សារព្រែកអញ្ចាញ ស្រុកមុខកំពូល។
«យុទ្ធនាការ៣០ថ្ងៃបង្កើតឡើង គឺដោយសារតែមានគណៈកម្មការមុន ដែលមានព្រះតេជគុណ ប៊ុត ប៊ុនតិញ និងលោក ប៉ា ងួនទៀង គ្មានការទទួលខុសត្រូវ ហើយបានបោះបង់ការងារចោលទាំងគ្មានស្រណោះ ដូច្នេះហើយ ទើបខ្ញុំផ្តួចផ្តើមបង្កើតនូវយុទ្ធនាការ៣០ថ្ងៃនេះឡើងមក គឺដើម្បី រៃអង្គាសថវិកាចូលរួមសាងសង់ ចេតិយជូនលោកបណ្ឌិត កែម ឡី ឲ្យឆាប់រួចរាល់» នេះជាការអះអាងរបស់លោក ពេជ្រ ស្រស់ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
ប្រធានគណបក្សរូបនោះបានបញ្ជាក់ទៀតថា «យើងមិនអាចពឹងលើព្រះសង្ឃ ប៊ុត ប៊ុនតិញ និង លោក ប៉ា ងួនទៀង បានទេ ដោយហេតុថាបុគ្គលទាំងពីរនេះ គឺជាបុគ្គលនិយមមុខមាត់ ពោលគឺជាបុគ្គលចង់បានភាពល្បីល្បាញតែប៉ុណ្ណោះ»។
យុទ្ធនាការរៃអង្គាសថវិកានេះ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយចាប់ផ្តើមចេញពីខេត្តត្បូងឃ្មុំ និងបន្តតាមបណ្តាខេត្តនានា ដើម្បីឆ្ពោះមកកាន់រាជធានីភ្នំពេញ៕