(ព្រះវិហារ)៖ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងកាលពីពេលកន្លងមក ចំនួន ៥២០គ្រួសារ ដែលរស់នៅក្នុងស្រុក-ក្រុងទាំង៧ នៃខេត្តព្រះវិហារ រួមមាន ស្រុកត្បែងមានជ័យ ស្រុកឆែប ស្រុកគូនលែន ស្រុកជាំក្សាន្ដ ស្រុករវៀង ជ័យសែន និងក្រុងព្រះវិហារ។ ពិធីចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួន ២៥២គ្រួសារ មាននៅ ៤ទីតាំងផ្សេងគ្នា ដូចខាងក្រោមនេះ ៖
១/នៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ចំនួន ១២០គ្រួសារ
២/ ក្នុងបរិវេណអនុវិទ្យាល័យឆែប សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកឆែប ចំនួន ៦០គ្រួសារ
៣/ នៅបរិវេណវត្តឧត្តរគិរី ទួលអណ្ដែត ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែន សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មី ចំនួន ៣៨គ្រួសារ
៤/ ក្នុងបរិវេណវត្តអនោមាគិរី ស្ថិតនៅក្នុងឃុំភ្នំពេញ ស្រុកគូលែន សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងឃុំភ្នំពេញ ចំនួន ៣៤គ្រួសារ។
ក្នុងឱកាស នៃពិធីចែកអំណោយនោះ លោក យូ ឡាណា អគ្គលេខាធិការរងទី ២ បានពាំនាំសេចក្ដីផ្តាំផ្ញើការសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជូនចំពោះប្រជាពលរដ្ឋដែលមកទទួលអំណោយនៅថ្ងៃនេះ ព្រមទាំងបានផ្ដល់នូវសារមួយចំនួនដែលមានខ្លឹមសារថា៖
១- សូមយកចិត្តទុកដាក់ត្រៀមបង្ការជានិច្ចនូវគ្រោះធម្មជាតិផ្សេងៗដែលអាចកើតមានឡើងក្នុងសហគមន៍។
២- សូមស្រ្តីដែលមានផ្ទៃពោះ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យ។
៣- សូមយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយសម្អាតបរិស្ថានជុំវិញផ្ទះ ពិសារទឹកឆ្អិន ទម្លាប់ឱ្យកូនគេងក្នុងមុងជានិច្ចបង្កាមូសខ្លាខាំ។
៤- ត្រូវប្រុងប្រយ័ត្នកុំឱ្យចាញ់បោកមេខ្យល់ដែលនាំពលករទៅធ្វើការនៅប្រទេសក្រៅដោយខុសច្បាប់។
៥- ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់លាប់។
៦- សូមជៀសវាងការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាមូលហេតុនៃអំពើហិង្សា ចោរកម្ម ។ល។
ប្រជាពលរដ្ឋទាំងអស់ ដែលមកចូលរួមទទួលអំណោយពីកាកបាទក្រហមកម្ពុជា បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្ដេចតែងតែគិតគូរ យកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកដោយមិនប្រកាន់ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង អាហារបំប៉ន ១០កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ និងថវិកា មួយចំនួន។
សូមបញ្ជាក់ថា សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ នឹងបន្តចែកអំណោយមនុស្សធម៌នេះ ដល់គ្រួសារចំនួន ២៦៨ ផ្សេងទៀត នៅក្នុងពេលឆាប់ៗខាងមុខ៕