(ភ្នំពេញ)៖ អគ្គនាយកពន្ធនាគារ បានថ្លែងប្រាប់បណ្តាព័ត៌មាន Fresh News ឲ្យដឹងនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះថា ឧកញ៉ា ស៊ីឡាឡយ ជាម្ចាស់គ្រឿងញៀនទំងន់ ៥៦គីឡូក្រាមដែលកំពុងជាប់ការស៊ើបអង្កេតនៅក្នុងពន្ធនាគារព្រៃស បានស្លាប់ហើយកាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅឯមន្ទីរពេទ្យរុស្ស៊ីដោយជំងឺមហារីកខួរក្បាល និងជំងឺអេដស៍។
លោក ចាន់ គឹមសេង អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា «មេក្លោងគ្រឿងញៀនរូបនេះបានស្លាប់នៅល្ងាចថ្ងៃនេះ ខណៈកំពុងសម្រាកព្យាបាល នៅមន្ទីររុស្ស៊ី ដោយសារជំងឺមហារីកខួរក្បាល និងមានផ្ទុកមេរោគអេដសន៍ផងដែរ។ លោក ចាន់ គឹមសេង បានបន្តថា ជនជាប់ចោទរូបនេះ ត្រូវបាន មន្រ្តីអនុរក្សពន្ធនាគារ បញ្ជូនទៅមន្ទីរពេទ្យជាច្រើនលើកផងដែរ ទើបតែនៅល្ងាចមិញនេះក៏ស្លាប់តែម្តង បន្ទាប់ពីគ្រូពេទ្យអស់លទ្ធភាពព្យាបាលជំងឺរបស់គេ»។
សូមជំរាបថា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧នេះកន្លងទៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ថ្លាង ផាណែត បានចេញដីកាសម្រេចឃុំខ្លួន មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកម្នាក់ទៀត ដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន»។ មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួកទាំង២នាក់នេះ ត្រូវកម្លាំងនគរបាលបង្ក្រាបបាននៅ រាជធានីភ្នំពេញ និងខេត្តរតនគិរី ដោយដកហូតថ្នាំញៀនជាង៥៦គីឡូក្រាម។
មេក្លោងឈ្មោះ ស៊ី ឡាឡយ ហៅខាំឡយ អាយុ៤២ឆ្នាំ ជាម្ចាស់សណ្ឋាគារដ៏ធំមួយនៅខេត្តរតនគិរី និងបក្ខពួកឈ្មោះ លួន សុផា អាយុ៣០ឆ្នាំ ត្រូវបានបង្ហាញមុខជាសាធារណៈមុនបញ្ជូនទៅតុលាការ៕