(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាជាតិលើកទី២​ ស្តីពីការការពារ​ និងអភិរក្សធនធានធម្មជាតិ ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានប្រកាសផ្ដល់ថវិកាដល់សហគមន៍ប្រមាណ ៣០០សហគមន៍ ដោយក្នុងមួយសហគមន៍ចំនួន ៤លានរៀល សម្រាប់កិច្ចការអភិរក្សធនធានធម្មជាតិ និងការពារបរិស្ថាន។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)

ការសម្រេចនេះ ធ្វើឡើងក្រោយពីមានសំណើរបស់ថ្នាក់ដឹកនាំសហគមន៍នីមួយៗ ដោយសារតែខ្វះខាតថវិកាសម្រាប់ដំណើរការការងារមួយចំនួន ក្នុងការអភិរក្ស ការពារធនធានធម្មជាតិ និងបរិស្ថាន។

ក្រោយពីស្ដាប់នូវការរៀបរាប់ និងការលើកឡើងពីភាពខ្វះខាតទាំងនោះរួចមក សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្ដល់ជូន និងប្រគេននូវថវិកាក្នុងមួយសហគមន៍ចំនួន ៤លានរៀល ដែលក្នុងនោះ មានសហគមន៍ប្រហែល ៣០០សហគមន៍ មានទាំងសហគមន៍យុវជន ប្រជាពលរដ្ឋមូលដ្ឋាន ព្រះសង្ឃ និងចម្រុះផងដែរ។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «ខ្ញុំយកការសម្រេចតែម្ដង គឺសូមជូនមួយសហគមន៍ ៤លានរៀល សម្រាប់ការការពារធនធានធម្មជាតិ ហើយចាប់អនុវត្តពីខែមករា ឆ្នាំ២០១៨ ទៅ»

សម្ដេចប្រមុខរាជរដ្ឋាភិបាល ក៏បានណែនាំទៅលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានផងដែរថា ឲ្យស្នើកញ្ចប់ថវិកានេះពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចូលទៅក្នុងកញ្ចប់ថវិកាថ្នាក់ក្រោមជាតិ ដើម្បីផ្ទេរបន្តទៅតាមសហគមន៍ទាំងនោះ ហើយថវិកានេះ មិនប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចជាតិនោះទេ។

សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ថវិកាទាំងនេះ មិនអាចឲ្យសហគមន៍យកទៅធ្វើផ្លូវបាននោះឡើយ ព្រោះវាមិនគ្រប់គ្រាន់ឡើយ គឺសម្រាប់តែប្រើប្រាស់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិប៉ុណ្ណោះ ដូចជា បណ្ដុះកូនឈើជាដើម៕