(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីភាពក្នុងវេទិកាជាតិលើកទី២ ស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានទម្លាយទាំងជំរិញថា មានអតីតមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាម្នាក់ តែងតែនិយាយអាក្រក់ ពីកម្ពុជាប្រាប់អន្តរជាតិ ដល់ពេលចប់អាណត្តិការងារ បានសរសេរលិខិតសុំសម្ដេច ធ្វើជាទីប្រឹក្សាទទួលបន្ទុកផ្នែកវិនិយោគ។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
សម្ដេចតេជោ បានលើកឡើងពីអ្វីដែលសម្ដេចធ្លាប់ប្រាប់លោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកថា សម្ដេចមិនសង្ឃឹមថា របាយការណ៍ដែល រៀបរាប់ ពីសិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានសរសេរឡើងពីភាពល្អប្រសើរនោះទេ ព្រោះបើមន្រ្តីទទួលបន្ទុកសិទ្ធិមនុស្សទាំងនោះ និយាយល្អពីសិទ្ធិមនុស្សនៅកម្ពុជា មានថា អង្គការមេធំរបស់ពួកគេគ្មានការចាំបាច់ទុកពួកគេឲ្យធ្វើការនៅកម្ពុជាទៀតឡើយ ដូច្នេះមន្រ្តីសិទ្ធិមនុស្សនឹងបាត់បង់ប្រាក់ចំណូល ដោយសារការចាកចេញពីកម្ពុជា។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីរឿងគួរឲ្យអស់សំណើចមួយថា មានមន្រ្តីសិទ្ធិមនុស្សខ្លះ ចូលចិត្តនិយាយអាក្រក់ពីកម្ពុជា ជេរថាកម្ពុជាជិតឈានដល់តំបន់គ្រោះថ្នាក់ បំភ្លៃត្រចៀកអន្តរជាតិជារឿយៗ តែចុងក្រោយមកសុំសម្ដេចធ្វើជាទីប្រឹក្សា បម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជា ដែលពួកគេធ្លាប់សម្អុយឈ្មោះទាំងគ្មានមូលដ្ឋានច្បាស់លាស់នោះទៅវិញ។
សម្ដេចថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមនិយាយអាថ៌កំបាំងមួយ មានម្នាក់ជេររដ្ឋាភិបាលខ្ញុំនេះ ជេររហូត ដល់ទៅអស់អាណត្តិ សរសេរសំបុត្របញ្ជូនតាមអ៊ីម៉ែល ដើម្បីសុំខ្ញុំធ្វើជាទីប្រឹក្សាទទួលបន្ទុកខាងវិនិយោគ។ ខ្ញុំពេបមាត់ថា បើខ្ញុំទម្លាយឈ្មោះហ្នឹង ដឹងខ្មាសគេយកមុខទៅទុកនៅឯណា ខ្លួនឯងជេរកម្ពុជាអាក្រក់ ដល់ខ្លួនឯងត្រលប់ទៅវិញ ខ្លួនឯងមកសុំធ្វើទីប្រឹក្សានាយករដ្ឋមន្រ្តី ទទួលបន្ទុកចំអាកន្លែងខ្លាញ់?»។
សម្ដេចនាយករដ្ឋមន្រ្តី បានបន្តថា មិនមែនតែប្រទេសកម្ពុជាទេ សូម្បីប្រទេសដទៃទៀតនៅតំបន់អាស៊ាន ក៏សុទ្ធតែត្រូវបានគេជ្រៀតជ្រែករឿងសិទ្ធិមនុស្សដូចគ្នា ពិសេសគឺសហរដ្ឋអាមេរិក ដែលចូលចិត្តនិយាយពីបញ្ហាសិទ្ធិមនុស្សដាក់ប្រទេសគេ តែខ្លួនឯងចូលវាយប្រហារប្រទេសស៊ីរី អ៊ីរ៉ាក់នោះ បែរជាមិននិយាយចំសោះ។
សូមជម្រាបថា ជុំវិញបញ្ហាសិទ្ធិមនុស្សនេះ រាជរដ្ឋាភិបាលកម្ពុជា តែងត្រូវបានអង្គការអន្តរជាតិមួយចំនួន ដែលភាគច្រើនជាសេនាធិការរបស់សហរដ្ឋអាមេរិក តែងតែវាយប្រហារជាបន្តបន្ទាប់ មិនចេះចប់មិនចេះហើយ ខណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានចេញច្រានចោល និងបំភ្លឺបកស្រាយផ្ទួនៗវិញផងដែរ ព្រោះអ្វីទាំងអស់ដែលពួកគេរិះគន់ និងលើកប៊ិចចារទាំងបំភ្លៃនោះ ខុសពីស្ថានភាពជាក់ស្ដែង៕