(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីកម្ពុជា (ស៉ីម៉ាក់) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បានបញ្ជាក់ឲ្យដឹងថា នៅខែមីនា ឆ្នាំ២០១៨ខាងមុខនេះ ស៉ីម៉ាក់នឹងទទួលបានគ្រឿងចក្រកម្ទេចគ្រាប់មីន ធន់ធ្ងន់ខ្នាតធំចំនួន៥គ្រឿងបន្ថែមទៀតពីជប៉ុន។
លោកបញ្ជាក់ថា គ្រឿងចក្រកម្ទេចមីនថ្មីនេះ គឺជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលនឹងមកដល់នៅកម្ពុជា នៅខែមីនា ឆ្នាំ២០១៨។
ជាមួយគ្នានេះ លោកបានអះអាងថា ស៉ីម៉ាកទទួលបានទទួលជោគជ័យ ក្នុងការសហការជាមួយជប៉ុន និងអាមេរិក ក្នុងការផលិតគ្រឿងចក្រកម្ទេចមីន។ ជាពិសេសរដ្ឋាភិបាលជប៉ុន តែងតែគាំទ្រកម្ពុជា ក្នុងាករផ្តល់គ្រឿងចក្រកម្ទេចមីន។
លោកអគ្គនាយកបញ្ជាក់ទៀតថា «គ្រឿងចក្រកម្ទេចគ្រាប់មីន បានជួយសំរួលការលំបាក ជាឧបសគ្គយ៉ាងច្រើនសំរាប់ ការបោសសំអាតគ្រាប់មីន ដោយអាចកាត់បន្ថយគ្រោះថ្នាក់ បង្កើនទិដ្ឋផលប្រតិបតិ្តការ និងមានប្រសិទ្ធិភាពខ្ពស់ ល្បឿនបោសសំអាតមីនលឿននិងមានតំលៃថោកជាមុន»។
សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលជប៉ុន ទើបតែបានប្រគល់គ្រឿងចក្រ និងសម្ភារៈកម្ទេចមីន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការបោសម្អាតមីន ជូនមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា ដែលមានទឹកប្រាក់ជាង១១ លានដុល្លារអាមេរិក។ សម្ភារៈបច្ចេកទេសទាំងអស់នោះ រួមមាន គ្រឿងចក្រកម្ទេចមីនធុនធ្ងន់០៩គ្រឿង រថយន្តគ្រប់ប្រភេទ៨៨គ្រឿង ម៉ាស៉ីនរាវមីន៧៨៨គ្រឿង អាវពាក់ការពារសុវត្ថិភាពចំនួន៤៥០អាវ ព្រមទាំងគ្រឿងបន្លាស់ជាច្រើនមុខមួយចំនួនទៀត៕