Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចនាយករដ្ឋមន្រ្តី ជំរុញឱ្យកាត់បន្ថយការជ្រើសរើសមន្រ្តីរាជការ គ្រប់ក្រសួងស្ថាប័ននានា ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច (Video inside)

22-08-2017 18:30

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងកាត់បន្ថយអត្រានៃការជ្រើសរើសមន្រ្តីរាជការ នៅគ្រប់ក្រសួងស្ថាប័ន នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់កុំឱ្យមានការកើតឡើងនូវហានិភ័យផ្នែកម៉ាក្រូសេដ្ឋកិច្ច និងដើម្បីរក្សាលំនឹងផ្នែកសេដ្ឋកិច្ច។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីចៀសវាងសម្ពាធរវាងបុគ្គលិកផ្នែកយោធាផង និងបុគ្គលិកផ្នែកស៊ីវិលផង ខ្ញុំបានប្រាប់ទៅរដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យយកចិត្តទុកដាក់កាត់បន្ថយចំនួនមន្រ្តី ដែលស្ថាប័ននានាស្នើសុំឱ្យនៅទាបបំផុត។ បើសុំ១០០ ឱ្យត្រឹម១០ ឬ២០បានហើយ កុំច្រើនពេក»

ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្ស ធនធានធម្មជាតិ» ដែលរៀបចំឡើងដោយ ក្រសួងបរិស្ថាន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា «បញ្ហាថវិកានេះ យើងមិនមែនចេះតែចាយៗ ដោយមិនបានគិតគូរនោះទេ។ បក្សក្រៅរដ្ឋាភិបាលគេអាចនិយាយបាន ផ្សេងៗ»។ សម្តេចបានបញ្ជាក់ទៀតថា «ចំណាយបច្ចុប្បន្នរបស់យើង ទៅលើបញ្ហាបុគ្គលិក មានដល់ទៅជាង៥០ភាគរយ នៃចំណាយបុគ្គលិកទៅហើយ ក្នុងចំណាយចរន្ត»

សម្តេចបានបញ្ជាក់ថា «តាមគោលការណ៍ នៃការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច គេឱ្យចំណាយត្រឹមតែ៤០ភាគរយ នៃចំណាយចរន្ត ស្មើនឹង៤ភាគរយនៃ GDP តែប៉ុណ្ណោះ ក៏ប៉ុន្តែពេលនេះយើងបានចំណាយទៅលើបន្ទុកបុគ្គលិក រហូតដល់ទៅជាង៥០ភាគរយ និងជិត៦ភាគរយនៃ GDP ទៅហើយ ដើម្បីដំឡើងបៀវត្សរ៍ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលស្របគ្នានេះ បុគ្គលិករបស់យើង បើនិយាយពីគ្រូបង្រៀនមិនទាបជាង១លានរៀលទេ»

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ការចំណាយថវិកាជាតិសម្រាប់ឆ្នាំ២០១៧នេះ ប្រមាណជាង ៥ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង២២.៦៧% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) កើនឡើងប្រមាណ១៥.៦% ធៀបនឹងថវិកាឆ្នាំ២០១៦។ ចំណាយលើបន្ទុកបុគ្គលិក មានចំនួន៥២.១៤% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧.៦៤% នៃផ.ស.ស. គឺមានកំណើន ២០.៧% ធៀបនឹងថវិកាឆ្នាំ២០១៦។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការចំណាយសម្រាប់បន្ទុកបុគ្គលិនេះ នេះជាចំនួនដែលខ្ពស់បំផុត សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច ខណៈដែលប្រាក់ខែមន្រ្តីរាជការ និងគ្រូបង្រៀន បូករួមទាំងប្រាក់ផ្សេងៗទៀតឡើងដល់ ១លានរៀល នៅខែមេសា ឆ្នាំ២០១៧៕