(ភ្នំពេញ)៖ ស្ថិតនៅលើកំពូលភ្នំដែលមានកម្ពស់ប្រមាណ១៧៥០ម៉ែត្រ រមនីយនីយដ្ឋានហ្គេនធីង ( Resorts World Genting ឬ Genting Hightlands) ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ របស់ប្រទេសម៉ាឡេស៊ី បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ២លាននាក់ ក្នុងមួយឆ្នាំៗ និងបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការទាក់ទាញភ្ញៀវទេសចរ ទៅកាន់ប្រទេសម៉ាឡេស៊ី។
នៅលើរមនីយដ្ឋានដ៏ធំស្គឹមស្កៃនេះ មានផ្សារទំនើបលំដាប់អន្តរជាតិ សណ្ឋាគារធំបំផុតមួយដែលធ្លាប់ជាប់ជា សណ្ឋាគារលំដាប់ធំជាងគេលើពិភពលោក, កាស៊ីណូ, ប្រាសាទបុរាណ Chin Swee Temple , កន្លែងកម្សាន្តផ្សេងៗ ជាមួយនឹងពពកព័ទ្ធជុំវិញប្រៀបបីដូចជាឋានសួគ៌ផងដែរ។
លោកស្រី Catherine Chew (កាថេរីន ឈូវ) អនុប្រធានផ្នែកទំនាក់ទនងសាធារណៈនៃរមណីយដ្ឋាន World Genting បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ បានទៅកាន់រមនីដ្ឋាននេះ ប្រមាណ២០លាននាក់ ក្នុងនោះមានភ្ញៀវទេសចរក្នុងស្រុកចំនួន៧០ភាគរយ និង ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៣០ភាគរយ។
លោកស្រីបានឱ្យដឹងផងដែរថា ហ្គេនធីង រមនីយដ្ឋាននេះ ប្រមូលផ្តុំដោយសណ្ឋាគារទំនើបចំនួន៦ ដែលមានជាងមួយម៉ឺនបន្ទប់។ ក្រៅពីសណ្ឋាគារធំជាងគេលំដាប់ពិភពលោក ហ្គេនធីងនៅមានភោជនីយដ្ឋានទំនើបៗបែបម៉ាឡេស៊ី(ប្រមូលផ្តុំម្ហូបមកពីគ្រប់រដ្ឋ)អាស៊ី និងអឺរ៉ុប។ជាពិសេសមានហាងលក់ដូរកាលីបៗ ហាងកាហ្វេប្រេនៗ សារមន្ទីរ ឧទ្យាននិងកន្លែងកម្សាន្តជាច្រើនទៀត។
Genting Highlands ជាទីកន្លែងរម្មណីយដ្ឋានដ៏ប្រណិតមួយ ស្ថិតនៅក្នុងសង្កាត់ Bentong រដ្ឋ Pahang នៃប្រទេសម៉ាឡេស៊ី ដែលត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Genting Group។ រម្មណីយដ្ឋាននៅកំពូលភ្នំបែបនេះ គឺស្ថិតនៅក្នុងកម្ពស់ ១,៧៤០ម៉ែត្រ នៅក្នុងតំបន់ប្រជុំភ្នំ Titiwangsa។
Resorts World Genting ត្រូវបានបង្កើតឡើងដោយវិនិយោគិនជនជាតិចិនឈ្មោះ Lim Goh Tong នៅឆ្នាំ១៩៦៥។ Resorts World Genting កំពុងតែដំណើរការដោយក្រុមហ៊ុន Genting Malaysia Berhad។ ដើម្បីទៅកាន់រម្មណីយដ្ឋាននេះ គេអាចធ្វើដំណើរត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ចេញពីរដ្ឋធានីកូឡាឡាំពួរ ហើយបន្ទាប់មកត្រូវជិះទូរខ្សែរ៉ក Genting Skyway ដែលមានប្រវែង ៣.៣៨គីឡូម៉ែត្រ ដើម្បីឡើងទៅកាន់កំពូលភ្នំ ។
សម្រាប់ភាពទាក់ទាញរបស់ Genting Highlands វិញនោះ គឺសម្រស់គ្មានពីរទាំងក្នុង និងក្រៅឧទ្យានមួយ ដែលត្រូវបានគេឲ្យឈ្មោះថា ជាគោលដៅនៃ Fun at the Peak មានន័យថា ភាពសប្បាយរីករាលនៅលើកំពូលភ្នំ។ សម្រាប់រមណីដ្ឋាននេះ តែងតែត្រូវបានពង្រីកជាបន្តបន្ទាប់ ដើម្បីក្លាយជា «ទីក្រុងនៃការកម្សាន្ត» យ៉ាងពិតប្រាកដ ដែលមានដូចជា កាស៊ីណូស្របច្បាប់ នៅតំបន់ខាងលើនេះ មានឈ្មោះថា Casino de Genting នៅក្នុងប្រទេសម៉ាឡេស៊ី ហើយត្រូវបានគ្រប់គ្រងដោយ Genting Malaysia Berhad៕