(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ពន្លឿនការដោះស្រាយ និងបញ្ចប់បញ្ហារបស់ប្រជាពលរដ្ឋ បឹងកក់៧គ្រួសារ ឲ្យរួចរាល់ជៀសវាងកើតមានបញ្ហាផ្សេងៗបន្ដទៀត។ (សូមស្ដាប់ប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន)
ការចេញបញ្ជារបស់នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទៅអភិបាលរាជធានីភ្នំពេញ ធ្វើឡើងវេទិកាជាតិលើកទី២ ស្តីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ដែលរៀបចំដោយក្រសួងបរិស្ថាន នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ បន្ទាប់ស្ដ្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកជួបបញ្ហា មិនទាន់ដោះស្រាយចប់ បានឡើងមកសំណូមពរផ្ទាល់ នៅចំពោះមុខសម្ដេច ឲ្យជួយដោះស្រាយបញ្ចប់បញ្ហារបស់ពួកគាត់ និងជួយចេញប្លង់ឲ្យផងដែរ។
ដោយមិនបង្អង់យូរឡើង សម្ដេចតេជោ ហ៊ុន សែន បានហៅអភិបាលរាជធានីភ្នំពេញ ឡើងមកជួប និងបញ្ជាភ្លាមៗឲ្យចាត់ចែង ដោះស្រាយបញ្ចប់បញ្ហា របស់ពលរដ្ឋ៧គ្រួសារ នៅតំបន់បឹងកក់ ឲ្យបានឆាប់រួចរាល់ ជៀសវាងកើតមានបាតុកម្មបន្ដទៀត។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «អភិបាលរាជធានី ឃួង ស្រេង មកទទួលលិខិតផ្ទាល់ពីគាត់ទៅ ព្រោះនេះជាភារកិច្ចរបស់ ចៅហ្វាយក្រុង...បឹងកក់នៅសល់បញ្ចប់ទៅ ឲ្យវាឆាប់ចប់ទៅ លូវសល់ដីប៉ុន្មាន ព្រោះដីកាលដែរវាស់ ចេញអនុក្រឹត្យទៅហើយនៅសល់ដី អាដីដែលនៅសល់ ដោះស្រាយបងប្អូនទៅ»។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវក្ដីសង្ឈឹមថា ដំណោះស្រាយលើនេះ នឹងឈានទៅដល់ទីបញ្ចប់ ខណៈដែលពលរដ្ឋតវ៉ានៅសល់តែ៧គ្រួសារទៀតតែប៉ុណ្ណោះ។
សូមរំលឹកថា វិវាទរឿងដីធ្លីនៅតំបន់បឹងកក់ គឺបានកើតមានឡើងតាំងជំនាន់ លោក កែម ជុតិម៉ា នៅជាអភិបាលរាជធានីភ្នំពេញម្ល៉េះ ហើយគ្រួសារខ្លះបានដោះស្រាយ បញ្ចប់ហើយខ្លះទៀតនៅមិនទាន់បញ្ចប់នៅឡើយទេ ប៉ុន្ដែគេសង្ឃឹមថាក្រោយបញ្ជានាយករដ្ឋមន្ដ្រី លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ នឹងបញ្ចប់បញ្ហានេះឲ្យបានរួចរាល់៕